លោក ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍជនបទ និងកសិកម្ម បានឲ្យដឹងថា តាមផែនការអាជីវកម្ម ឆ្នាំ២០២១ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)រំពឹងថា ការផ្តល់កម្ចីនឹងកើនដល់វិស័យកសិកម្មនឹងកើនឡើងប្រមាណ២៦%បើធៀបនឹងឆ្នាំ២០២០។
បើតាមលោក ចាន់ សីហា នៅក្នុងឆ្នាំ២០២១នេះ ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម ក៏បានត្រៀមមូលនិធិបន្ថែមទៀត សម្រាប់ផ្តល់កម្ចីដល់សហគមន៍កសិកម្ម ដោយអត្រាការប្រាក់ត្រឹមតែ ០,៨% ក្នុងមួយខែ ហើយក៏រំពឹងថា សហគមន៍កសិកម្មទាំងអស់នោះ នឹងមានគុណវឌ្ឍន៍គ្រប់គ្រាន់ ដែលនឹងអាចស្នើសុំកម្ចីមកកាន់ធនាគារអភិវឌ្ឍជនបទបានកាន់តែច្រើនផងដែរ។
លោក យ៉ង់ ប៉ាក់ អគ្គនាយក ប្រតិបត្តិ ក្រុមហ៊ុន អាហ្គ្រីប៊ី (ខេមបូឌា) បានប្រាប់ក្រុមការងារខេមបូណូមីសថា កន្លងទៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មិនធ្លាប់មានផ្តល់ឥណទានសម្រាប់កសិករនៅឡើយទេ ទើបតែមាននៅក្នុងឆ្នាំនេះ ថែមទាំងផ្តល់ជូនក្នុងអត្រាការប្រាក់ទាបទៀត ដូចនេះលោកយល់ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កំពុងតែបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការជួយដល់កសិករ ប៉ុន្តែជួយបានក្នុងកម្រិតណា លោកក៏មិនទាន់ដឹងដែរ ព្រោះថា ផលិតផលឥណទានរបស់កសិករនេះ ទើបតែចាប់ផ្តើមក្នុងឆ្នាំនេះ។
សូមបញ្ជាក់ថា អាជីវកម្មភាគច្រើនដែលបានស្នើសុំកម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គឺជាអាជីវកម្មទាក់ទងនឹងការចិញ្ចឹសត្វ កាដាំដុះកសិកម្ម និងវារីវកម្ម៕