ការផ្លោងមីស៊ីលរបស់រុស្ស៊ី

រុស្ស៊ីផ្លោងមីស៊ីល២គ្រាប់ផ្ទុះកក្រើកទីក្រុងកៀវ ចំពេលប្រធានUN ចុះទៅបំពេញទស្សនកិច្ច


រុស្ស៊ីបានបាញ់គ្រាប់មីស៊ីលពីរគ្រាប់ចូលទៅក្នុងទីក្រុង កៀវ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ខណៈដែលទីក្រុងម៉ូស្គូបានដាក់ការវាយប្រហារមួយនៅភាគខាងកើត ក្នុងតំបន់ដែលសហរដ្ឋអាមេរិកសន្យាបញ្ជួនជំនួយយោធា និង មនុស្សធម៌បន្ថែមឲ្យអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយសារព័ត៌មាន CNA។
រុស្ស៊ីផ្លោងមីស៊ីល២គ្រាប់ផ្ទុះកក្រើកទីក្រុងកៀវ
ដោយ

ប្រទេសរុស្ស៊ីបានដកកងកម្លាំង​ឈ្លានពានរបស់ខ្លួនចេញ​ពីតំបន់ក្បែរទីក្រុងកៀវ នៅដើមខែមេសា បន្ទាប់ពីបរាជ័យក្នុងការដណ្តើមយកទីក្រុងនេះ ដែលចាប់តាំងពីពេលនោះមក អ៊ុយក្រែនបានរៀបចំដំណើរទស្សនកិច្ចសម្រាប់មន្ត្រីកំពូលៗ​មកពី​សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត​អឺរ៉ុប​ជាច្រើននាក់។

ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ ការផ្ទុះឡើងនៃសម្លេងគ្រាប់បែកកើត​ឡើងភ្លាមៗ បន្ទាប់ពីលោក Guterres បានបញ្ចប់កិច្ចពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន​លោក Volodymyr Zelenskyy នៅក្នុងកិច្ចពិភាក្សាដែលបានគូសបញ្ជាក់អំពី​ការព្រួយបារម្ភថា ទីក្រុងកៀវ នឹងក្លាយជាកន្លែងងាយរងគ្រោះដោយសារអាវុធ​ធុនធ្ងន់ៗរបស់រុស្ស៊ី។

មន្ត្រីអ៊ុយក្រែនបានអះអាងថា គ្រាប់រ៉ុក្កែតបានធ្លាក់ចូល​ទៅក្នុងតំបន់ ស៊ីវឈីកូ (Shevchenko) នៃរដ្ឋធានីកៀវ ហើយបានបំផ្លាញ​អគារលំនៅដ្ឋានកម្ពស់ ២៥ ជាន់ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១០ នាក់រងរបួស។

លោក Guterres បានប្រាប់ទូរទស្សន៍ព័រទុយហ្គាល់ RTP អំពីការផ្លោងមីស៊ីលចូលទៅក្នុងទីក្រុងកៀវនេះថា ការវាយប្រហារលើទីក្រុងនេះ ធ្វើឱ្យលោកភ្ញាក់ផ្អើលខ្លាំងណាស់ ហើយមិនមែនដោយសារតែលោកព្រួយបារម្ភ​ពីសុវត្តិភាពរបស់លោកនោះទេ ប៉ុន្តែដោយសារតែ​ទីក្រុង កៀវ គឺជាទីក្រុងដ៏ពិសិដ្ឋសម្រាប់ជនជាតិអ៊ុយក្រែនផ្ទាល់ ដែលត្រូវបានខ្ទិចខ្ទីជាដំណំ ដោយសារការវាយប្រហាររបស់រុស្ស៊ី។

ស្របពេលជាមួយគ្នានោះដែរ លោក Zelenskyy បាននិយាយថា ការបំផ្ទុះនេះបង្ហាញថា អ៊ុយក្រែនមិនត្រូវទម្លាក់ការប្រុងប្រយ័ត្ននោះទេ គឺត្រូវតែការពារយ៉ាងយកចិត្តទុកដាក់ ព្រោះសង្រ្គាមមិនទាន់បានបញ្ចប់ឡើង។

គួរកត់សម្គាល់ថា ការពិភាក្សារបស់លោក Guterres ជាមួយលោក Zelenskyy ក៏បានផ្តោតសំខាន់មួយផ្នែកទៅលើការជម្លៀស​យុទ្ធជនអ៊ុយក្រែន និងជនស៊ីវិល​ដែលជាប់គាំងនៅក្នុងរោងចក្រ​ដែកមួយក្នុងទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធ​ដោយទាហានរុស្ស៊ីផងដែរ។ ក្នុងនោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រម​ចំពោះការចូលរួមនៃគោលការណ៍​របស់អង្គការ​សហប្រជាជាតិ និងកាកបាទក្រហម ក្នុងការជម្លៀសប្រជាជនចេញ​ពីរោងចក្រនេះ ក្នុងអំឡុងពេលកិច្ចពិភាក្សាដាច់ដោយឡែកនៅទីក្រុងមូស្គូ​ជាមួយ​លោក Guterres កាលពីថ្ងៃទី ២៦មេសា។

គួរជម្រាបថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានស្នើសុំសភាជាតិអាមេរិកចំនួនទឹកប្រាក់ ៣៣ពាន់លានដុល្លារបន្ថែម ដើម្បីគាំទ្រដល់ការធ្វើសង្គ្រាម​សម្រាប់​ប្រទេសអ៊ុយក្រែន។ សំណើផ្តល់មូលនិធិរួមមានជាង ២០ ពាន់លានដុល្លារ សម្រាប់អាវុធ គ្រាប់រំសេវ និងជំនួយយោធាផ្សេងទៀត ព្រមទាំងជំនួយសេដ្ឋកិច្ចផ្ទាល់ចំនួន ៨,៥ ពាន់លានដុល្លារដល់រដ្ឋាភិបាលអ៊ុយក្រែន និងជំនួយមនុស្សធម៌ចំនួន ៣ ពាន់លានដុល្លារផងដែរ។ ប្រធានាធិបតីអ៊ុយក្រែនវិញ រំពឹងថា ទឹកប្រាក់នេះ នឹងត្រូវបានសភាអាមេរិក អនុម័ត​ឆាប់ៗនេះ ដើម្បីអាចឲ្យអ៊ុយក្រែនយកមកប្រើប្រាស់​បានទាន់ពេលវេលា៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនប្រាប់អាមេរិកថាការលើកឡើងទាក់ទងនឹង «ចិនឈ្លានពានកោះតៃវ៉ាន់» គឺជារឿងមិនត្រឹមត្រូវឡើយ

ព័ត៌មាន
ក្រសួងការបរទេសរបស់ប្រទេសចិន បានបញ្ជាក់ប្រាប់ចំៗ ឆ្លើយតបនឹងការអធិប្បាយរបស់ក្រសួងការបរទេសអាមេរិក ដែលបានលើកឡើងអំពី «ចិនដីគោកនឹងឈ្លានពាន…

ចិននឹងកាត់បន្ថយពន្ធនាំចូលធ្យូងថ្មដល់ត្រឹមសូន្យចាប់ពីថ្ងៃទី ១ ខែឧសភា

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុចិនបានបញ្ជាក់នៅថ្ងៃទិ២៨មេសាថា ប្រទេសចិននឹងកាត់បន្ថយពន្ធនាំចូលសម្រាប់ធ្យូងថ្មគ្រប់ប្រភេទមកត្រឹមសូន្យភាគរយ ចាប់ពីថ្ងៃទី ១ ខែ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ