វិស័យ​កាត់ដេរ

របាយការណ៍៖ ឆ្នាំ២០១៧ រោងចក្រ​ចំនួន​២៦​បាន​បិទ តែ​ចំនួន​កម្មករ​នៅ​ថេរ


របាយការណ៍​ពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (Better Factories Cambodia ឬ​សរសេរកាត់ BFC) បាន​បង្ហាញ​ថា គិត​ត្រឹម​ឆ្នាំ​២០១៧​កន្លង​ទៅ រោងចក្រ​ដែល​ជា​សមាជិក​របស់ BFC ចំនួន ២៦​រោងចក្រ ត្រូវ​បាន​បិទ​ទ្វារ ពោល​គឺ​បាន​ថយចុះ​ពី ៥៦៧​រោងចក្រ​កាល​ពី​ឆ្នាំ​២០១៦ មក​នៅ​ត្រឹម ៥៤១​រោងចក្រ​​នៅ​ឆ្នាំ​២០១៧​នេះ។ យ៉ាង​ណា​ក៏​ដោយ ប្រធាន​គ្រប់គ្រង​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា បាន​អះអាង​ថា បើ​ពិនិត្យ​ទៅ​លើ​ចំនួន​កម្មករ​នយោជិត​នៅ​តាម​រោងចក្រ គឺ​មិន​មាន​ការ​ថយចុះ​នោះ​ទេ។
កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ​មួយកន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ រូបភាព៖ betterwork.org
ដោយ

ប្រធាន​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ Better Factories Cambodia លោកស្រី អិស្តើរ ហើមិនស៍ បាន​លើក​ឡើង​ថា ទោះបី​ជា​រោងចក្រ​ជា​សមាជិក​របស់ BFC នៅ​មាន​ត្រឹមតែ ៥៤១​រោងចក្រ គិតត្រឹម​ឆ្នាំ​២០១៧ ពោល​គឺ​មាន​ការថយ​ចុះ​ចំនួន​រោងចក្រ ២៦ រោងចក្រ​ក៏​ពិត​មែន ប៉ុន្ដែ ចំនួន​កម្មរ​និយោជិត​ក្នុង​រោងចក្រ​ដែល​នៅ​សល់​ទាំងនេះ នៅ​មាន​ចំនួន​វិជ្ជមាន​ដដែល។ តួយ៉ាង កាល​ពី​ឆ្នាំ​២០១៦ ចំនួន​កម្មករ​និយោជិត​មាន​ត្រឹមតែ​ជាង ៥៧​ម៉ឺន​នាក់​ប៉ុណ្ណោះ ប៉ុន្ដែ នៅ​ឆ្នាំ​២០១៧នេះ មាន​រហូត​ដល់​ជាង ៥៧​ម៉ឺន​១​ពាន់​នាក់ ពោល​គឺ​នៅ​តែ​មាន​កំណើន​វិជ្ជមាន​ដដែល។ រីឯ ដោយឡែក ការ​បញ្ជា​ទិញ​ពី​អ្នក​ទិញ ឬ​ហៅ​ថា Buyer វិញ ក៏​មាន​ការ​កើនឡើង​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ។

លោកស្រី អិស្ដើរ ហើមិនស៍ មាន​ប្រសាសន៍​ថា «តាម​អ្វី​ដែល​យើង​អាច​មើល​ឃើញ​តាមរយៈ​ទិន្នន័យ​ក្នុង​របាយការណ៍ ថ្មី​នេះ ជា​ការ​ពិត​ណាស់ ចំនួន​រោងចក្រ​ដែល​ជា​សមាជិក​របស់​យើង មាន​ការ​ថយចុះ​ជាង​មុន​បន្តិច ប៉ុន្ដែ បើ​មើល​ទៅ​លើ​ចំនួន​កម្មករ គឺ​នៅ​តែ​មាន​ចំនួន​ដូច​មុន​ដដែល មិន​មាន​ការ​ប្រែប្រួល​អ្វី​ខ្លាំង​នោះ​ទេ ដូច្នេះ យើង​អាច​និយាយ​បានថា រោងចក្រ​ដែល​នៅសល់​នៅតែ​មាន​សមត្ថភាព​ធំ​ក្នុងការ​​ស្រូប​យក​កម្លាំង​ពលកម្ម​ឲ្យ​ចូល​ធ្វើការ។ បើ​យើង​មើល​ទៅ​លើ​ការ​នាំចេញ​នៅ​ឆ្នាំ​២០១៧​វិញ ឃើញ​ថា នៅតែ​មាន​ចំនួន​មួយ​ថេរ មិន​មាន​ការ​ធ្លាក់​ចុះ​នោះទេ។ យ៉ាងណា​ក៏​ដោយ​ចុះ យើង​មិនទាន់​អាច​និយាយ​បាន​នៅ​ឡើយ​ទេ​ថា ការ​ថយ​ចុះ​នៃ​ចំនួន​រោងចក្រ​នេះ តើ​វា​អាច​នឹង​បន្ត​មាន​ឥទ្ធិពល​យ៉ាង​ដូចម្ដេច​ទៀត នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ព្រោះថា វា​ហាក់​ដូចជា​ពេល​វេលា​ឆាប់​ពេក​ដែល​យើង​ត្រូវ​និយាយ​ពី​រឿង​នេះ ដោយសារ​តែ​ឆ្នាំ​២០១៨ ទើបតែ​បាន​ចាប់​ផ្ដើម​នៅឡើយ។»

សូម​ជម្រាប​ថា គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា Better Factories Cambodia ឬ​ហៅកាត់​ថា BFC នេះ បាន​ចូល​មក​ជួយ​លើ​ផ្នែក​អធិការកិច្ច​នៅក្នុង​វិស័យ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា អស់​រយៈពេល​១៥​ឆ្នាំ​មក​ហើយ។ ក្នុងនោះ គម្រោង BFC គឺ​ជា​យន្ដការ​មួយ ជួយ​ធ្វើ​ឲ្យ​ប្រាកដ​ថា បរិយាកាស​ការងារ​នៅ​ក្នុង​រោង​ចក្រ និង​អត្ថប្រយោជន៍​ដែល​កម្មករ​កម្មការិនី​ទទួល​បាន គឺ​សមស្រប​ទៅ​តាម​លក្ខន្ដិកៈ​របស់​ច្បាប់​ការងារ។ ហើយ គម្រោង BFC នេះ ក៏​ជា​អ្នក​វាយ​តម្លៃ​មួយ ដែល​ជួយ​ឲ្យ​អ្នក​បញ្ជា​ទិញ​ផលិតផល​សម្លៀក​បំពាក់ និង​ស្បែក​ជើង​ពី​កម្ពុជា កាន់តែ​មាន​ទំនុក​ចិត្ត​ខ្ពស់​ផង​ដែរ។ 

តាមរបាយការណ៍​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បង្ហាញ​ថា គិតត្រឹម​៥​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​ឧស្សាហកម្ម​បាន​និង​កំពុង​ធ្វើការ​ដឹក​មុខ​វិស័យ​ផ្សេងៗ​ទៀត នៃ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា។ ក្នុងនោះ អនុវិស័យ​កាត់ដេរ​នៅតែ​មាន​ចំណែក​ធំ ប៉ុន្ដែ​ក៏​កំពុង​តាម​ប្រកៀក​ប្រកិត​ដោយ​អនុវិស័យ​សំណង់​ផង​ដែរ ពោលគឺ នៅ ៥​ឆ្នាំ​ចុង​ក្រោយ​នេះ ពោល​គឺ​ចាប់​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៧ អនុវស័យ​កាត់ដេរ​មាន​ចំណែក​ក្នុង​កំណើន GDP ចំនួន១,៤% ខណៈ​ដែល​អនុវិស័យ​សំណង់​មាន​ចំនួន ១,៣%។ 

ដោយឡែក បើ​គិត​ចាប់​ពី​ឆ្នាំ​២០១៦ មក​ទល់​ឆ្នាំ​២០១៨​នេះ អនុវិស័យ​សំណង់​បាន​ងើប​ឡើង​វ៉ា​ដាច់​វិស័យ​កាត់ដេរ​ជា​បន្ដ​បន្ទាប់ ហើយ​បើ​តាម​ការ​ព្យាករ​នៅ​ឆ្នាំ​២០១៨ និង​២០១៩​នេះ អនុវិស័យ​សំណង់​នៅ​មាន​កំណើន​ខ្ពស់​ដដែល ពោល​គឺ​មាន​ចំណែក​ក្នុង​រង្វង់​ជិត២% នៃ​កំណើន GDP ខណៈ​ដែល​អនុវិស័យ​កាត់ដេរ អាច​នឹង​មាន​ការ​ថមថយ​ចំណែក​របស់​ខ្លួន​តិចតួច​នៅ​ក្នុង​កំណើន GDP។ 

យ៉ាងណាក៏​ដោយ​ចុះ បើ​តាម​អ្នក​ជំនាញ​សេដ្ឋកិច្ច​ជាច្រើន ធ្លាប់​បាន​អះអាង​ថា វិស័យ​កាត់ដេរ​នឹង​មិន​អាច​ចេះតែ​នៅ​បន្ត​ផលិត​ទំនិញ​ដែល​មាន​តម្លៃទាប​បាន​ទេ ពោល​គឺ​ត្រូវ​ងាក​ទៅ​រក​ការ​ផលិត​ទំនិញ ឬ​ផលិតផល​ណា​មួយ​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់។ ហើយ​តម្លៃ​បន្ថែម​ខ្ពស់​នេះ​ទៀត​សោត ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​សង្វាក់​ផលិតកម្ម​ទាំង​មូល​នៃ​វិស័យ​នេះ ដែល​ស្របទៅ​តាម​គោល​នយោបាយ​​ទំនើប​កម្ម​​នៃ​ឧស្សហកម្ម​កាត់​ដេរ​​របស់​​រាជ​រដ្ឋាភិបាល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក អ៊ិន ចាន់នី បញ្ជាក់ពីមូលហេតុ អេស៊ីលីដា បាត់បង់ប្រាក់ចំណេញជិត៣៥លានដុល្លារ

ព័ត៌មាន
ធ្លាប់តែមានប្រាក់ចំណេញដល់ខ្ទង់រយលានដុល្លារក្នុងមួយឆ្នាំ ប៉ុន្ដែ នៅឆ្នាំ២០១៧មុននេះ ធនាគារអេស៊ីលីដា បានធ្លាក់ចុះប្រាក់ចំណេញរបស់ខ្លួនមកនៅក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ