លោកអាឡិចសាន់ដឺ ណូវ៉ាក់ បានប្រាប់សារព័ត៌មានរដ្ឋរស្ស៊ី TASS ថា ទីផ្សារថាមពលនៅអ៊ឺរ៉ុបនៅតែត្រូវការពាក់ព័ន្ធ ជាមួយនឹងរុស្ស៊ីដោយមិនអាចជៀសរួច ដោយសារបច្ចុប្បន្នការខ្វះខាតឧស្ម័នក្នុងតំបន់មួយនេះនៅតែបន្ត ដូចនេះហើយវាជាឱកាសដើម្បីបន្តការផ្គត់ផ្គង់ឡើងវិញ។ បើតាមមន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងរូបនេះ រុស្ស៊ីចង់ចាប់ផ្តើមបង្ហូរឧស្ម័នឱ្យអឺរ៉ុបឡើងវិញ តាមរយៈបំពង់ដែលមានឈ្មោះថា យ៉ាម៉ាល-អឺរ៉ុប (Yamal-Europe Pipeline)។
ជាធម្មតា បំពង់ Yamal-Europe នេះហូរទៅទិសខាងលិច នៃអឺរ៉ុប ប៉ុន្តែវាលែងមានប្រតិបត្តិការ ចាប់តាំងពីខែធ្នូឆ្នាំ២០២១ មកម្ល៉េះ ដោយសារកាលនោះប៉ូឡូញបានផ្អាកការបញ្ជាទិញ ដោយងាកមកទិញឧស្ម័នរបស់អាល្លឺម៉ង់ ដែលបានស្តុកទុកច្រើន។ ប៉ុន្តែចាប់តាំងពីខែឧសភា ក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន រដ្ឋាភិបាលប៉ូឡូញ បានលុបចោលកិច្ចសន្យាទិញឧស្ម័នជាមួយទីក្រុងម៉ូស្គូតែម្តង ពិសេសនៅបន្ទាប់ពីវិមានក្រឹមឡាំងដាក់សម្ពាធឱ្យអឺរ៉ុប បង់ថ្លៃឧស្ម័នជាប្រាក់រូប្លរបស់រុស្ស៊ី។
ក្រោយមក ជាការឆ្លើយតបរុស្ស៊ីបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនប៉ូឡូញ ដែលមានចំណែកក្នុងប្រតិបត្តិការរបស់បំពង់បង្ហូរឧស្ម័ន យ៉ាម៉ាល-អឺរ៉ុប ដែលធ្វើឱ្យក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom ផ្អាកការបង្ហូរថាមពល សូម្បីតែនៅក្នុងកិច្ចសន្យានានា ដែលមិនជាប់ពាក់ព័ន្ធ។
ក្រៅតែពីបានបង្ហើប ការចង់ផ្គត់ផ្គង់ឧស្ម័នឡើងវិញឱ្យអឺរ៉ុប មន្ត្រីជាន់ខ្ពស់របស់ទីក្រុងម៉ូស្គូបានឱ្យដឹងផងដែរថា ការជំរុញផ្គត់ផ្គង់ឧស្ម័នឱ្យអឺរ៉ុប តាមរយៈប្រទេសតួគី ដែលគេកំពុងរៀបចំឱ្យប្រទេសមួយនេះ ក្លាយជាមជ្ឈមណ្ឌលចែកចាយបន្តថាមពលរុស្ស៊ីទៅកាន់តំបន់អឺរ៉ុប។
សូមជម្រាបថា ទីក្រុងមូស្គូរំពឹងថា ខ្លួននឹងផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) សរុបឱ្យបានដល់ចំនួន ២១ពាន់លានម៉ែត្រគូបទៅកាន់អឺរ៉ុប ត្រឹមដំណាច់ឆ្នាំ២០២២ ខណៈគិតត្រឹម ១១ខែឆ្នាំនេះ រុស្ស៊ីផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវឱ្យអឺរ៉ុបបានជាង ១៩លានម៉ែត្រគូបហើយ។ នេះបើតាមសារព័ត៌មានរដ្ឋរុស្ស៊ី TASS ដដែល៕