នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រុស្ស៊ី Rossiya-1 ពាក់ព័ន្ធនឹងសំណួរថាតើប្រទេសរុស្ស៊ីនឹងជំនួសបំពង់បង្ហូរឧស្ម័ន Nord Stream 2 ទៅកាន់អឺរ៉ុប ដោយបំពង់បង្ហូរឧស្ម័ន Force Siberia ២ ទៅតំបន់អាស៊ី ឬយ៉ាងណានោះ? លោក Alexander Novak រដ្ឋមន្ត្រីថាមពលរុស្ស៊ីបានឆ្លើយតបថា «មែនហើយ ប្រទេសរុស្ស៊ីនឹងធ្វើបែបនោះ»។
រដ្ឋមន្ត្រីរុស្ស៊ីរូបនេះបាននិយាយនៅខាងក្រៅដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ូសបេគីស្ថាន ថា រុស្ស៊ី និងចិននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗនេះស្តីពីការចែកចាយឧស្ម័ន «៥០ពាន់លានម៉ែត្រគូប» ក្នុងមួយឆ្នាំតាមរយៈបំពង់បង្ហូរ Force 2 នាពេលអនាគតនៅតំបន់ស៊ីបេរីប្រទេសរុស្ស៊ី។
បរិមាណឧស្ម័នបង្ហូរទៅចិននេះ គឺជិតស្មើនឹងសមត្ថភាពបង្ហូរឧស្ម័នជាអតិបរមាតាមបំពង់បង្ហូរ Nord Stream 1 ដែលអាចបង្ហូរបានចំនួនសរុប ៥៥ ពាន់លានម៉ែត្រគូប ប៉ុន្តែបំពង់បង្ហូរនេះត្រូវបានបិទតាំងពីថ្ងៃទី០២ ខែកញ្ញាមកម្ល៉េះ។ ការផ្គត់ផ្គង់ឧស្ម័ន១ភាគ៣របស់រុស្ស៊ីទៅកាន់សហភាពអឺរ៉ុបត្រូវឆ្លងកាត់បំពង់បង្ហូរយុទ្ធសាស្ត្រមួយនេះ ដែលតភ្ជាប់ពីប្រទេសរុស្ស៊ីទៅអាល្លឺម៉ង់។
បំពង់បង្ហូរឧស្ម័ន Force Siberia 2 នេះនឹងជួយបង្កើនសេដ្ឋកិច្ចរបស់ចិនដែលកំពុងតែស្រេកឃ្លានថាមពលយ៉ាងខ្លាំង ហើយការសាងសង់បំពង់បង្ហូរឧស្ម័ននេះគ្រោងនឹងចាប់ផ្តើមធ្វើនៅឆ្នាំ២០២៤ ដែលមួយផ្នែកនៃបំពង់នេះនឹងត្រូវឆ្លងកាត់ប្រទេសម៉ុងហ្គោលី។
ដូច្នេះហើយវានឹងជំនួសឱ្យគម្រោង Nord Stream 2 ដែលមានការគាំទ្រពីប្រទេសអាឡឺម៉ង់ជាយូរមកហើយនោះ។
លោក Novak រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ី បាននិយាយថា ការនាំចេញឧស្ម័នរបស់រុស្ស៊ីទៅកាន់សហភាពអឺរ៉ុប«នឹងធ្លាក់ចុះប្រហែល ៥០ ពាន់លានម៉ែត្រគូប» នៅក្នុងឆ្នាំ២០២២។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីថាមពលរុស្ស៊ីរូបនេះបាននិយាយថា ក្រុមហ៊ុន Gazprom ដែលជាប្រតិបត្តិករបំពង់បង្ហូរឧស្ម័ន Force of Siberia 1 ដែលតភ្ជាប់ពីតំបន់ Chaiandina ទៅកាន់ភាគឦសាននៃប្រទេសចិនតាំងពីចុងឆ្នាំ២០១៩នោះនឹង«បង្កើនការចែកចាយរបស់ខ្លួន»ដើម្បីឈានឱ្យដល់«២០ ពាន់លានម៉ែត្រគូប»ជារៀងរាល់ឆ្នាំ។
នៅត្រឹមឆ្នាំ២០២៥ ជាពេលដែបំពង់បង្ហូរប្រេងនេះនឹងឈានដល់សមត្ថភាពអតិបរមានោះ វានឹងផលិតឧស្ម័នបាន ៦១ ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ គឺច្រើនជាងបំពង់ Nord Stream 1 ដែលក្នុងនោះឧស្ម័ន ៣៨ ពាន់លានម៉ែត្រគូបនឹងបង្ហូរទៅប្រទេសចិនតាមកិច្ចសន្យាឆ្នាំ២០១៤ ដែលបានចុះហត្ថលេខារវាងក្រុមហ៊ុន Gazprom និងក្រុមហ៊ុនចិន CNPC។
ក្រសួងថាមពលរុស្ស៊ីបាននិយាយនៅថ្ងៃទី ១៥ ខែកញ្ញាថា ភាគីទាំងពីរនេះក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីសាងសង់ផ្លូវឆ្លងកាត់ថ្មីមួយចេញពីទីក្រុង Vladivostok នៅចុងភាគខាងកើតរបស់រុស្ស៊ីទៅកាន់តំបន់ភាគខាងជើងប្រទេសចិន ដើម្បីបង្ហូរឧស្ម័នបន្ថែមចំនួន ១០ ពាន់លានម៉ែត្រគូបផងដែរ៕