រដ្ឋាភិបាលបានផ្តល់លិខិតសាងសង់បាន១ពាន់គម្រោងនៅ៥ខែឆ្នាំនេះ

ក្រសួងដែនដីផ្តល់លិខិតសាងសង់បានជាង១ពាន់គម្រោង ជាមួយវិនិយោគជាង២ពាន់លានដុល្លារនៅ៥ខែឆ្នាំនេះ


មន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងថា ក្រសួងបានផ្តល់លិខិតអនុញ្ញាតសាងសង់ដល់ក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងវិស័យសំណង់បានជាង១ពាន់៤រយគម្រោង ជាមួយទុនវិនិយោគជាង២ពាន់២រយលានដុល្លារនៅ៥ខែឆ្នាំ២០២៣ កើនឡើង១៣៨% បើធៀបនឹងទំហំទុនវិនិយោគក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ជាមួយគ្នានេះវិនិយោគិនបរទេសបានបោះទុនវិនិយោគជិត ៦រយលានដុល្លារអភិវឌ្ឍលើគម្រោងជាង៤០នៅក្នុងរយៈពេលដូចគ្នានេះ។
ក្រសួងដែនដីផ្តល់លិខិតសាងសង់បានជាង១ពាន់គម្រោង ជាមួយវិនិយោគជាង២ពាន់លានដុល្លារនៅ៥ខែឆ្នាំនេះ

បច្ចុប្បន្នកម្ពុជាមានអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅជាង២ពាន់៥រយអគារ ខណៈអគារដែលមានកម្ពស់ចាប់ពី៤០ជាន់មានជាង៥០អគារ។ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដីបានចាត់ទុកកំណើននេះ គឺបានបង្ហាញពីភាពល្អប្រសើរនៃសំណង់របស់កម្ពុជា ខណៈរំពឹងថា ការកើនឡើងនេះនឹងបន្តរហូតដល់ដំណាច់ឆ្នាំ២០២៣។

ឯកឧត្តម ឡៅ ទិព្ធសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានគូសបញ្ជាក់ថា មានគម្រោងជាង១ពាន់៤រយគម្រោងជាមួយទុនវិនិយោគជាង២ពាន់២រយលានដុល្លារ ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផ្តល់លិខិតអនុញ្ញាតឲ្យសាងសង់នៅក្នុងពេល៥ខែឆ្នាំនេះ។ ទំហំទុនវិនិយោគនេះមានការកើនឡើង១៣៨% បើធៀបនឹងទុនវិនិយោគក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ គម្រោងវិនិយោគថ្មីៗទាំងនេះ ភាគច្រើនត្រូវបានវិនិយោគដោយវិនិយោគក្នុងស្រុក។ បើតាមការគូសបញ្ជាក់របស់រដ្ឋលេខាធិការរូបនេះ សម្រាប់គម្រោងអភិវឌ្ឍន៍បរទេស ក្រសួងបានផ្តល់លិខិតអនុញ្ញាតសាងសង់បានចំនួន៤១គម្រោងជាមួយទុនវិនិយោគជិត ៦រយលានដុល្លារអាមេរិកនៅក្នុងរយៈពេលដូចគ្នានេះ។ វិនិយោគិនបរទេសដែលបានមកបោះទុនវិនិយោគនៅកម្ពុជារួមមានវិនិយោគិនចិន ជប៉ុន កូរ៉េខាងត្បូង និងមកពីប្រទេសមួយចំនួនទៀត។

ឯកឧត្តម ឡៅ ទិព្ធសីហា បានចាត់ទុកការកើនឡើងទំហំទុនវិនិយោគខាងលើ គឺបានបង្ហាញពីភាពល្អប្រសើរនៃវិស័យសំណង់នៅកម្ពុជា ហើយវាក៏បានស្របនឹងអ្វីដែលក្រសួងសេដ្ឋកិច្ចបានព្យាករថា វិស័យសំណង់នឹងមានការកើនឡើងនៅឆ្នាំនេះផងដែរ។ ឯកឧត្តមរំពឹងថា កំណើនគម្រោងវិនិយោគក្នុងវិស័យសំណង់នឹងបន្តកើនឡើងដល់ដំណាច់ឆ្នាំ២០២៣។

បើការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ដដែលរូបនេះ បច្ចុប្បន្នកម្ពុជាមានអគារខ្ពស់ៗកម្ពស់ចាប់ពី៥ជាន់ឡើងទៅសរុបចំនួន២ពាន់៥៨១អគារ ក្នុងនោះរាជធានីភ្នំពេញមានអគារខ្ពស់ៗច្រើនជាងគេរហូតដល់១៧១១អគារ ខណៈខេត្តព្រះសីហនុឈរលំដាប់ទីពីរមាន៩៩០អគារ ខេត្តបន្ទាយមានជ័យមាន១៤២អគារ និងខេត្តផ្សេងៗមានចំនួន៤៣អគារ។ ជាមួយគ្នានេះអគារដែលមានកម្ពស់ចាប់ពី ៤០ជាន់ឡើងទៅ មានចំនួន៥២អគារ ដែលជាចំនួនខ្ពស់គួរសមបើធៀបនឹងប្រទេសមួយចំនួននៅក្នុងតំបន់។ ដោយឡែក ចំពោះបុរីលំនៅឋាន និងបណ្តុំលំនៅឋានជាលក្ខណៈបុរីមានចំនួន៥៧៤គម្រោង បើគិតជាខ្នងផ្ទះមានប្រមាណ៤ម៉ឺនខ្នងផ្ទះ ដែលត្រូវបានសាងសង់នៅក្នុងរយៈពេល៥ខែកន្លងមកនេះ។ តាមការវាយតម្លៃរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ប្រជាពលរដ្ឋកម្ពុជាមានតម្រូវការផ្ទះប្រមាណ៨០ខ្នងក្នុង១ឆ្នាំ៕




អត្ថបទបន្ទាប់


ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុនៅមុនពេលថ្ងៃបោះឆ្នោតជាតិមកដល់មានការប្រែប្រួលយ៉ាងណាខ្លះ?

ព័ត៌មាន
តើស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុនៅ១ខែ មុនថ្ងៃបោះឆ្នោតជាតិមកដល់មានការប្រែប្រួលអ្វីខ្លះ? បើតាមអ្នកជំនាញនៅក្នុងវិស័យធនាគារ និងមីក្រូហិរ…

ធនាគារជាតិបើកកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ដើម្បីពិនិត្យលើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ