វិបត្តិផ្គត់ផ្គង់ឧស្ម័ន

វិបត្តិផ្គត់ផ្គង់ឧស្ម័ននៅអឺរ៉ុបកាន់តែអាក្រក់ បន្ទាប់ពីរុស្ស៊ីដាក់ទណ្ឌកម្មសងសឹក


ប្រទេសក្នុងតំបន់អឺរ៉ុបទទួលរងសម្ពាធក្នុងការធានាការផ្គត់ផ្គង់ឧស្ម័នកាន់តែខ្លាំងឡើងហើយ ខណៈទីក្រុងម៉ូស្គូបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនឧស្ម័នដែលជាបុត្រសម្ព័ន្ធរបស់អឺរ៉ុបដែលវិនិយោគនៅរុស្ស៊ី។ ទណ្ឌកម្មរបស់ទីក្រុងម៉ូស្គូទៅលើសហភាពអឺរ៉ុបនេះ បានធ្វើឡើងនៅត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ៊ុយក្រែនបានផ្ដាច់បំពង់បង្ហូរឧស្ម័នឧស្ម័នពីរុស្ស៊ី ទៅកាន់សហភាពអឺរ៉ុប ដែលជាបំពង់បង្ហូរឧស្មានដ៏សំខាន់មួយរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
តំបន់អឺរ៉ុបទទួលរងសម្ពាធក្នុងការធានាការផ្គត់ផ្គង់ឧស្ម័នកាន់តែខ្លាំងឡើងហើយ ខណៈទីក្រុងម៉ូស្គូបានដាក់ទណ្ឌកម្មសងសឹក

ប្រទេសរុស្ស៊ីបានដាក់ទណ្ឌកម្មកាលពីល្ងាចថ្ងៃពុធជាចម្បងលើក្រុមហ៊ុនបុត្រសម្ព័ន្ធអឺរ៉ុប ដែលជាអាជីវកម្មពាណិជ្ជកម្មថាមពល ផ្ទុក និងបញ្ជូនឧស្ម័នទៅផ្គត់ផ្គង់នៅសហភាពអឺរ៉ុប ខណៈទីក្រុងម៉ូស្គូ ក៏បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន​​បំពង់បង្ហូរឧស្ម័ន Yamal-Europe របស់ប៉ូឡូញដែលជាបំពង់សម្រាប់បង្ហូរ​ឧស្ម័នរុស្ស៊ី​ដ៏សំខាន់​ទៅកាន់​អឺរ៉ុបផងដែរ។

តួរយ៉ាង ប្រទេសអាល្លឺម៉ង់ ដែលជាអតិថិជនកំពូលរបស់រុស្ស៊ីនៅអឺរ៉ុប បាននិយាយថា ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួនរបស់ Gazprom Germania គឺមិនទទួលបានឧស្ម័នពីប្រទេសរុស្ស៊ីទៀតនោះទេ។

រុស្ស៊ី​បាន​សម្រេចដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ទៅលើ​ការផ្គត់ផ្គង់ឧស្ម័ន​ទៅអឺរ៉ុបនេះ គឺធ្វើឡើង នៅគ្រាដែលសហភាពអឺរ៉ុប កំពុង​ត្រៀមទណ្ឌកម្មលើកទី៦ ដើម្បីដាក់ទៅលើរុស្ស៊ីផងដែរ ក្នុងនោះ ក៏មានផែនការកាត់ផ្ដាច់ប្រេងពីរុស្ស៊ីដូចគ្នាដែរ។ ប៉ុន្ដែ សេចក្ដី​សម្រេចលើការដាក់ទណ្ឌកម្មថ្មីរបស់អឺរ៉ុបនេះ កំពុង​ជាប់គាំង ដោយសារតែមានរដ្ឋជាសមាជិក​មួយចំនួន​បដិសេធ លើទណ្ឌកម្មនេះ។

តម្លៃឧស្ម័ននៅអឺរ៉ុបបានកើនឡើងដល់​ ១២% ខណៈពេលដែលមានការព្រួយបារម្មណ៍ពីការគំរាមកំហែងកាន់តែខ្លាំងឡើង ចំពោះការផ្គត់ផ្គង់ឧស្ម័ន​សម្រាប់​សភាព​អឺរ៉ុប ដោយសារការពឹងផ្អែកខ្លាំងទៅលើឧស្ម័ន​រុស្ស៊ី។

គួររំលឹកថា ទីក្រុងមូស្គូបានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័ន​ទៅ​ឲ្យ​ប្រទេស ប៊ុលហ្គារី និង ប៉ូឡូញរួចហើយ ដែលបណ្តាលមកពីប្រទេសទាំងពីនេះមិនធ្វើតាមការទាមទារបស់រុស្ស៊ី ដែលតម្រូវ​ឲ្យប្រទេស​នៅតំបន់អឺរ៉ុបទាំងអស់​​ដែលទិញឧស្ម័នរុស្ស៊ី ត្រូវទូទាត់​ប្រាក់​ជាប្រាក់រូប្លរបស់ខ្លួន។

នាពេលថ្មីៗនេះ អ្នកនយោបាយសំខាន់ៗរបស់ប្រទេសហ្វាំងឡង់បានព្រ​មានថា រុស្ស៊ី​អាចនឹងកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នលើ​ប្រទេសរបស់ខ្លួនផងដែរ ខណៈរដ្ឋាភិបាលប្រទេសហ្វាំងឡង់ ក៏មិនព្រម​គោរពតាមការទាមទាររបស់រុស្ស៊ី សម្រាប់ការទូទាត់ឧស្ម័ន ដែលត្រូវធ្វើជាប្រាក់រូប្លនោះដែរ។

ការលើកឡើង​ របស់ប្រទេស​ហ្វាំងឡើងបែបនេះ គឺធ្វើឡើង​នៅក្រោយពេលដែល ប្រមុខថ្នាក់ដឹកនាំ​ប្រទេស​ដែលមានប្រជាជន​ជាង​៥លាននាក់​មួយនេះ បាន​ប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ហ្វាំងឡង់នឹង​ដាក់ពាក់ស្នើសុំចូលរួមជាមួយនឹង​អង្គការណាតូ ដោយគ្មានពន្យារពេលនោះទេ ខណៈដែលទីក្រុងម៉ូស្គូ ក៏បាន​ចេញមុខព្រមានខ្លាំងទៅវិញផងដែរ ថា ហ្វាំងឡង់​នឹង​ប្រឈមមុខ​នឹងផលវិបាក​ នៅក្រោយការសម្រេចចិត្តនេះ៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើជំនួយអាមេរិក១៥០លានដុល្លារ ផ្ដល់ទៅឲ្យអាស៊ាន នឹងផ្ដោតលើវិស័យអ្វីខ្លះ?

ព័ត៌មាន
ក្នុងថ្ងៃដំបូងនៃជំនួបកំពូលពិសេសអាស៊ាន-អាមេរិក រដ្ឋបាលលោក ចូ បៃឌិន បានប្តេជ្ញាចិត្តផ្តល់ជំនួយជាថវិកាសរុប១៥០លានដុល្លារ ដល់ប្រទេសក្នុងតំប…

កូរ៉េខាងជើង មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩លើកដំបូង ខណៈ ៣៥ ម៉ឺននាក់ទៀតមានរោគសញ្ញាសង្ស័យ

ព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយនៅថ្ងៃសុក្រនេះថា មនុស្សយ៉ាងតិច ៦ នាក់បានស្លាប់ដោយគ្រុនក្ដៅខ្លួន ក្នុងនោះមានម្នាក់បានបញ្ជាក់ថា បានក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ