រុស្ស៊ីបាញ់សាកល្បងមីស៊ីលអន្តរទ្វីបជោគជ័យ!

រុស្ស៊ីជោគជ័យលើការធ្វើតេស្តបាញ់មីស៊ីលអន្តរទ្វីបចេញពីនាវាមុជទឹកនុយក្លេអ៊ែរ


នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែថ្មីរបស់រុស្ស៊ី ដែលមានឈ្មោះអធិរាជអាឡិចសាន់ឌឺ៣ (Imperator Alexander III) បានធ្វើតេស្តដោយជោគជ័យក្នុងការបាញ់បង្ហោះមីស៊ីលអន្តរទ្វីប Bulavaដែលមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែ និងហោះក្នុងរយៈចម្ងាយរាប់ពាន់គីឡូម៉ែត្រ។ នេះបើតាមក្រសួងការពាជាតិរុស្ស៊ីប្រកាសកាលពីថ្ងៃអាទិត្យ។ ទន្ទឹមគ្នានេះ ប្រធានាធិបតីអ៊ុយក្រែនឯណោះវិញ បានស្នើឱ្យសហរដ្ឋអាម៉េរិក ផ្តល់ជំនួយយោធាបន្ថែមដល់កងទ័ពរបស់ខ្លួនផងដែរ។
រុស្ស៊ីជោគជ័យលើការធ្វើតេស្តបាញ់មីស៊ីលអន្តរទ្វីបចេញពីនាវាមុជទឹកនុយក្លេអ៊ែរ
ដោយ

យោងតាមក្រសួងការពារជាតិ ប្រទេសរុស្ស៊ី មីស៊ីលអន្តរទ្វីប ប៊ូឡាវ៉ា (Bulava) ត្រូវបានបាញ់ចេញពីក្នុងទឹកតាមរយៈនាវាមុជទឹកអធិរាជអាឡិចសាន់ឌឺ៣ ពីឆ្នេរភាគខាងជើងនៃសមុទ្រសររបស់ប្រទេសរុស្ស៊ី ហោះសំដៅឆ្ពោះទៅកម្ទេចចំគោលដៅក្នុងចម្ងាយរាប់ពាន់គីឡូម៉ែត្រនៅចុងភាគខាងកើតនៃឧបទ្វីបកាំឆាកា(Kamchatka)។ ប្រភពពីរុស្ស៊ីបានឱ្យដឹងថា នាវាមុជទឹកអធិរាជអាឡិចសាន់ឌឺ៣ គឺជានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែទី៧ នៃប្រភេទនាវាមុជទឹក 955 បូរី(Borei) ហើយក៏ជាប្រភេទនាវាមុជទឹកទំនើបទីបួនចុងក្រោយគេបង្អស់របស់រុស្ស៊ីដែរ។

គួរជម្រាបថា នាវាមុជទឹកនុយក្លេអ៊ែនេះ ត្រូវបានណាតូហៅថា ប្រភេទ ដូហ្គ័ររ៉ាគី (Dolgoruky) ដែលបានក្លាយជានាវាមុជទឹកនុយក្លេអ៊ែជំនាន់ថ្មីដំបូងគេបង្អស់ ដែលរុស្ស៊ីបានដាក់ឱ្យដំណើរការចាប់តាំងពីសម័យសង្គ្រាមត្រជាក់។ នាវាប្រភេទ បូរី (Borei) ឬ Dolgoruky នេះ ត្រូវបានបំពាក់ជាមួយនឹងមីស៊ីលអន្តរទ្វីប ប៊ូឡាវ៉ា ចំនួន១៦ ដែលមានប្រវែង១២ម៉ែត្រ និងមានរយៈចម្ងាយបាញ់បានប្រមាណ៨ពាន់គីឡូម៉ែត្រ។ ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ១៩៩៩ មក ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានបង្កើនការចំណាយខាងយោធា ដោយធ្វើទំនើបកម្មទាំងកម្លាំងនុយក្លេអ៊ែ និងកម្លាំងយោធាធម្មតារបស់រុស្ស៊ី ក្រោយការដួលរលំទៅនៃសហភាពសូវៀត។

យ៉ាងណាក៏ដោយ សង្គ្រាមនៅអ៊ុយក្រែន បានបង្កឱ្យមានវិបត្តិដ៏អាក្រក់បំផុតនៅក្នុងទំនាក់ទំនងរវាងទីក្រុងមូស្គូជាមួយលោកខាងលិច ចាប់តាំងពីសង្គ្រាមត្រជាក់មក ហើយលោក ពូទីន កាលពីខែមុនបាននិយាយថា លោកមិនទាន់សម្រេចថា តើរុស្ស៊ីគួរបន្តការសាកល្បងនុយក្លេអ៊ែឡើងវិញឬអត់នោះទេ បន្ទាប់ពីលោក កាលពីសប្តាហ៍មុនទើបលុបចោលការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តនុយក្លេអ៊ែសាកល។ ជាមួយគ្នានេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយក្នុងបទសម្ភាសមួយកាលពីថ្ងៃអាទិត្យថា ទំនាក់ទំនងរុស្ស៊ីនឹងអាម៉េរិក បានធ្លាក់ដល់កម្រិតក្រោមសូន្យ តែលោក ថារុស្ស៊ីនៅតែបន្តបើកបណ្តាញទាក់ទងជានិច្ច។

ស្របពេលជាមួយគ្នានេះ នៅទីក្រុងកៀវ ឯណោះវិញ ប្រធានាធិបតី អ៊ុយក្រែន លោក Zelenskiy នៅថ្ងៃអាទិត្យ បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិក ផ្តល់ជំនួយបន្ថែមទៀត សម្រាប់កងកម្លាំងអ៊ុយក្រែន ដើម្បីបន្តធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសរុស្ស៊ី។ ហើយ លោក ក៏បានអញ្ជើញអតីតប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ឱ្យទៅទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន ផងដែរ។ លោក ត្រាំ ដែលកំពុងឈរឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០២៤ ខាងមុខ បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះការគាំទ្ររបស់រដ្ឋបាលលោក ចូ បៃដិន ចំពោះទីក្រុងកៀវ ហើយ លោក បាននិយាយអួតថា លោកអាចនឹងបញ្ចប់សង្គ្រាមនេះក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ ប្រសិនបើលោកត្រូវបានជាប់ឆ្នោតជាថ្មី៕




អត្ថបទបន្ទាប់


អ្នកធ្វើដំណើរតាមព្រលានយន្តហោះសៀមរាបកើនក្នុងរង្វង់ជាង៣ពាន់នាក់ក្នុង១ថ្ងៃ

ចាប់តាំងពីបើកទទួលជើងហោះហើរជាផ្លូវការ កាលពីពាក់កណ្តាលខែតុលា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរកើនឡើងជាបន្តបន្ទាប់ ដោយ…

ទំហំប្រតិបត្តិការបរធនបាលកិច្ចកើនឡើងលើសការរំពឹងទុករហូតដល់ជាង១ពាន់២រយលានដុល្លារ

រយៈពេល២ឆ្នាំ បន្ទាប់ពីបរធនបាលកិច្ចត្រូវបានបង្កើត និងបានដាក់ឲ្យដំណើរការជាផ្លូវការ វិស័យបរធនបាលកិច្ចមានការអភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងឆាប់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ