
ក្រោយជំនួបចរចាដ៏តឹងសសៃកជាមួយប្រមុខការទូតអាម៉េរិកនៅប្រទេសអារ៉ាប៊ីសាអូឌីត ភាគីអ៊ុយបានឯកភាពចំពោះសំណើបទឈប់បាញ់រយៈពេល៣០ថ្ងៃ ដែលផ្តួចផ្តើមដោយទីក្រុងវ៉ាស៊ីនតោន តែបទឈប់បាញ់នេះអាចប្រព្រឹត្តទៅបានលុះត្រាមានការឯកភាពពីភាគីរុស្ស៊ី។ ភ្លាមៗក្រោយទទួលបានការឆ្លើយតបវិជ្ជមានពីភាគីអ៊ុយក្រែន ទីក្រុងវ៉ាស៊ីនតោនប្រញាប់ប្រញាល់បញ្ជូនសារនេះទៅទីក្រុងម៉ូស្គូ ប៉ុន្តែមកទល់ពេលនេះជំហររបស់រុស្ស៊ីលើសំណើនេះនៅមិនទាន់ច្បាស់លាស់នៅឡើយទេ។ តែយ៉ាងណា ភាគីរុស្ស៊ីអះអាងថា ខ្លួនកំពុងរង់ចាំព័ត៌មានលម្អិតពីទីក្រុងវ៉ាស៊ីនតោនពាក់ព័ន្ធនឹងសំណើបទឈប់បាញ់នេះ។
ពាក់ព័ន្ធនឹងបញ្ហាសន្តិភាពនៅអ៊ុយក្រែននេះ លោក ម៉ាកូ រូប៊ីអូ (Marco Rubio) រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាម៉េរិកសង្ឃឹមទទួលបានការឆ្លើយតបវិជ្ជមានពីរុស្ស៊ី ហើយប្រសិនបើរុស្ស៊ីឆ្លើយថាទេ នោះនឹងបង្ហាញពីចេតនាពិតរបស់វិមានក្រឹមឡាំងចំពោះសង្គ្រាមនៅអ៊ុយក្រែន។ លោក រូប៊ីអូ បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅពេលយន្តហោះឈប់សំចតចាក់សាំងនៅប្រទេសអៀរឡង់ថា ការចរចាបញ្ចប់សង្គ្រាមដោយគ្មានការប្រើប្រាស់អាវុធកំពុងចាប់ផ្តើម។
ដោយឡែកសាស្ត្រាចារ្យផ្នែកនយោបាយនៅសាលាច្បាប់ និងរដ្ឋាភិបាលនៃសកលវិទ្យាល័យទីក្រុង Dublin លោក ឌូនណាចា អូ ប៊ីឆាន (Donnacha Ó Beacháin ) បានលើកឡើងថា រុស្ស៊ីទំនងមិនទទួលយកបទឈប់បាញ់នេះនោះទេ។
យ៉ាងណាមិញលោក វ៉ាឡឺរី ហ្គីរ៉ាស៊ីម៉ូវ (Valery Gerasimov) នាយអគ្គសេនាធិការនៃកងទ័ពរុស្ស៊ីបានអះអាងថា កងទ័ពរុស្ស៊ីកំពុងបណ្តេញកងទ័ពអ៊ុយក្រែនចេញពីដែនដី ដែលពួកគេធ្លាប់កាន់កាប់នៅតំបន់ខឺស (Kursk) ដែលអ៊ុយក្រែនបានវាយរុលចូលកាលពីឆ្នាំមុន។ ស្ថានភាពសង្រ្គាមនៅអ៊ុយក្រែនពេលនេះ កងទ័ពរុស្ស៊ីកំពុងមានប្រៀបលើកងទ័ពអ៊ុយក្រែន៕
ដោយៈ សរ សុជាតិ