អាវុធនុយក្លេអ៊ែររុស្ស៊ីនឹងត្រូវដំឡើងក្នុងប្រទេសបេឡារុស្ស!

ទីបំផុត រុស្ស៊ីចាប់ផ្ដើមអនុវត្តផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅបេឡារុស្សហើយ!


ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ២៥ ឧសភា បានអនុវត្តតាមផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្សហើយ ខណៈដែលមេដឹកនាំនៃប្រទេសទាំងពីរបានបញ្ជាក់ថា ក្បាលគ្រាប់ក៏បានផ្លាស់ទីរួចហើយដែរ។ នេះជាកាដាក់ពង្រាយអាវុធប្រល័យលោករបស់រុស្ស៊ីជាលើកដំបូងបំផុតនៅក្រៅប្រទេស ចាប់តាំងពីការដួលរលំទៅនៃសហភាពសូវៀតកាលពីឆ្នាំ១៩៩១។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
អាវុធនុយក្លេអ៊ែររុស្ស៊ីនឹងត្រូវដំឡើងក្នុងប្រទេសបេឡារុស្ស!

បន្ទាប់ពីការប្រកាសកាលពីថ្ងៃព្រហស្បតិ៍ដែលថារុស្ស៊ីដំឡើងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅប្រទេសបេឡារុស្សដែលជាប់នឹងប្រទេសអ៊ុយក្រែន ក្រសួងការបរទេសអាមេរេរិកបានជំទាស់ទៅនឹងការដាក់ពង្រាយនេះយ៉ាងដាច់ខាត។ តែយ៉ាងណា​ ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួនពុំមានចេតនាផ្លាស់ប្តូរជំហររបស់ខ្លួនស្ដីពីអាវុនុយក្លេអ៊ែរយុទ្ធសាស្ត្រទេ ឬឃើញមានសញ្ញាណាមួយដែលថាទីក្រុងម៉ូស្គូកំពុងរៀបចំប្រើប្រាស់អាវុធនុយក្លេអ៊ែរទេ។

បើតាមបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋរុស្ស៊ីកាលពីថ្ងៃទី ២៥ ឧសភា លោកប្រធានាធិបតី ពូទីន បុរសខ្លាំងរបស់រុស្ស៊ី បានប្រកាសថា រុស្ស៊ីនឹងដាក់ពង្រាយនុយក្លេអ៊ែរយុទ្ធសាស្ត្រក្នុងទឹកដីបេឡារុស្ស។ បន្ទាប់ពីបានបញ្ជូនទ័ពចូលឈ្លានពានអ៊ុយក្រែនកាលពី១៥ខែមុន ប្រធានាធិបតីរុស្ស៊ីរូបនេះបានលើកឡើងជាថ្មីថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់គេបានពង្រីកសង្គ្រាមខ្ចីដៃប្រឆាំងនឹងរុស្ស៊ី។

បើតាមក្រសួងការពារជាតិរុស្ស៊ី លោ​ក សើរហ្គី ស៊ូហ្គូ បានជួបនិងនិយាយគ្នាជាមួយរដ្ឋមន្ត្រីការពារជាតិបេឡារុស្សថា ការប្រមូលផ្តុំគ្នារបស់លោកខាងលិចគឺជាការចូលរួមយ៉ាងសំខាន់ក្នុងការធ្វើសង្គ្រាមដោយមិនប្រកាសឱ្យដឹងមុនប្រឆាំងប្រទេសរបស់យើងទាំងពីរ។ លោក ស៊ូហ្គូ ថា លោកខាងលិចបាននិងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលគេអាចធ្វើបានក្នុងការពង្រីកជម្លោះប្រដាប់អាវុធឱ្យកាន់តែយូរតទៅទៀត។

ប្រធានាធិបតីបេឡារុស្ស លោក អាឡិចសានឌឺ ឡូកាសេនកូ បាននិយាយប្រាប់អ្នកកាសែតនៅឯទីក្រុងម៉ូស្គូថា អាវុធនុយក្លេអែរយុទ្ធសាស្ត្របានដំណើរការរួចហើយ ស្របតាមបទបញ្ជាដែលចុះហត្ថលេខាដោយលោកពូទីន តែលោកមិនបានប្រាប់ថានឹងទៅដល់បេឡារុស្សនៅពេលណានោះទេ។

នៅទីក្រុងវ៉ាស៊ីនតោន អ្នកនាំពាក្យក្រសួងការបរទេសលោក ម៉ាតធូ មីលល័រ (Matthew Miller) បានពណ៌នាផែនការនេះថាជា «ទម្រង់ចុងក្រោយនៃអាកប្បកិរិយាមិនទទួលខុសត្រូវ ដែលយើងបានឃើញពីប្រទេសរុស្ស៊ី ចាប់តាំងពីការលុកលុយរបស់ខ្លួនលើអ៊ុយក្រែនជាងមួយឆ្នាំមុន»។ លោក មីលល័រ បានបន្ថែមថា វ៉ាស៊ីនតោនសូមព្រមានម្តងទៀតថា ការប្រើប្រាស់អាវុធគីមី អាវុធជីវសាស្ត្រ ឬអាវុធនុយក្លេអ៊ែរក្នុងជម្លោះ នឹងធ្វើឱ្យរុស្ស៊ីត្រូវជួប«ផលវិបាកធ្ងន់ធ្ងរ» ដោយលោកមិនបានបញ្ជាក់ពីផលវិបាកអ្វីឡើយ។

កាលពីពេលកន្លងទៅ មេវិមានក្រឹមឡាំង លោក ពូទីន បានព្រមានម្តងហើយម្តងទៀតថា រុស្ស៊ីដែលមានអាវុធនុយក្លេអ៊ែរច្រើនជាងគេនៅលើពិភពលោក នឹងប្រើគ្រប់មធ្យោបាយដើម្បីការពារខ្លួន។ សង្គ្រាមនៅអ៊ុយក្រែន លោក ពូទីន ចាត់ទុកថាជាការប្រយុទ្ធដើម្បីការរស់រានរបស់រុស្ស៊ីប្រឆាំងទប់ទល់នឹងការចង់ឈ្លានពានរបស់បស្ចិមលោក។

គួរបញ្ជាក់បន្តិចថា​ អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រជាអាវុធសម្រាប់វាយប្រហារនៅលើទីតាំងយោធារបស់សត្រូវ ឬក្នុងសមរភូមិ ព្រោះវាមានកម្លាំងបំផ្ទុះខ្សោយជាង បើធៀបនឹងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រធំ ដែលប្រើសម្រាប់វាយប្រហារទីក្រុងធំៗ។ បើនិយាយពីនុយក្លេអ៊ែរយុទ្ធសាស្ត្រនេះ រុស្ស៊ីមានអាវុធប្រភេទនេះច្រើនជាងចំនួនដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធយោធាណាតូ មានក្នុងដៃ។ គេជឿថា រុស្ស៊ីអាចមានក្បាលគ្រាប់យុទ្ធសាស្ត្រប្រមាណ២ពាន់គ្រាប់ ខណ

ៈអាមេរិកមានត្រឹមតែ២រយគ្រាប់ប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


វៀតណាមប្រាប់ឲ្យនាវាចិនចាកចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនក្នុងសមុទ្រចិនខាងត្បូងជាបន្ទាន់

ប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍ ២៥ ឧសភា បានចោទប្រកាន់កប៉ាល់ស្រាវជ្រាវរបស់ចិនមួយគ្រឿង និងនាវាអមដំណើរផ្សេងៗទៀតថា បានរំលោភលើអធិបតេយ្យភាពនៃដែ…

សហគ្រិនខ្មែរ និងអង្គការស្វីសខន់ថាក់ ដាក់ដំណើរការកម្មវិធី “ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងការវិនិយោគ

កម្មវិធីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនិងការវិនិយោគ (3Ei) ក្រោម ការផ្តួចផ្តើមរបស់សហគ្រិនខ្មែរ និងអង្គការស្វីសខន់ថាក់ ត្រូវបានដាក់ឲ្យ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ