រុស្ស៊ី - ចិន - អាហ្វ្រិកខាងត្បូង

រុស្ស៊ី និងចិននឹងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅលើទឹកដីអាហ្វ្រិកខាងត្បូង ចំពេលស្ថានការតំបន់ និងពិភពលោកកាន់តែក្តៅ


សម្ព័ន្ធមិត្តរុស្ស៊ី និងចិននឹងត្រៀមធ្វើសមយុទ្ធកងទ័ពជើងទឹកនៅមហាសមុទ្រឥណ្ឌា ដែលនៅក្បែរនឹងឆ្នេរសមុទ្ររបស់ប្រទេសអាហ្វ្រិកខាងត្បូងនៅខែក្រោយនេះ ដើម្បីបង្ហាញពីការពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយនឹងប្រទេសអភិវឌ្ឍន៍ជាងគេមួយនៅទ្វីបអាហ្រ្វិក គឺប្រទេសអាហ្វ្រិកខាងត្បូង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP។
ចិននិងរុស្ស៊ីនឹងធ្វើសមយុទ្ធនៅអាហ្វ្រិកខាងត្បូង!

ដំណឹងធ្វើសមយុទ្ធយោធា​រួមគ្នារវាងមហាអំណាចទាំងពីរនេះ ធ្លាក់មកចំពេល ប្រទេសឥណ្ឌាបាននិងកំពុងធ្វើសមយុទ្ធយោធារួមគ្នាមួយដែរជាមួយនឹង ប្រទេសជប៉ុន នៅចំពោះមុខការរីសាយនៃឥទ្ធិពលអំណាចយោធាចិននៅក្នុងតំបន់។

បើយោងតាមកងកម្លាំងប្រដាប់​អាវុធអាហ្រ្វិកខាងត្បូង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ខែមករាថា ពួកគេនិងកងទ័ព​ជើងទឹករុស្ស៊ី រួមជាមួយប្រទេសចិន​នឹងចូលរួម​នៅក្នុង «សមយុទ្ធដែនសមុទ្រ​ពហុជាតិសាសន៍» ចាប់ពីថ្ងៃទី ១៧ដល់២៧ខែកុម្ភៈ​ខាងមុខ ដែលនឹងធ្វើឡើងនៅ​ឆ្នេរសមុទ្រ​ភាគខាងកើត​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង នៃតំបន់ឈូង​សមុទ្រ​ឥណ្ឌា។

គួរកត់សម្គាល់ថា សមយុទ្ធនេះនឹង​ធ្វើឡើង អំឡុងថ្ងៃ​គម្រប់​ខួបមួយឆ្នាំ នៃការឈ្លានពាន​របស់រុស្ស៊ីលើ​អ៊ុយក្រែនផងដែរ គឺនៅថ្ងៃទី២៤ខែកុម្ភៈ។ ជាមួយគ្នានេះ វា​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ កាន់តែខ្លាំងថារុស្ស៊ីនិងចិន ហាក់កំពុងបង្កើនឥទ្ធិពលថែមទៀត​ទៅលើប្រទេស​នៅទ្វីប​អាហ្រ្វិកមួយនេះ ស្របពេលដែលប្រទេសលោកខាងលិចមិនសូវជាយកចិត្តទុកដាក់ឡើយ។

មែនទែនទៅ ការ​ប្រកាស​នៃសមយុទ្ធនេះ​ ក៏​កើត​មាន​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​លោក Sergey Lavrov ត្រូវ​ទៅ​បំពេញ​ទស្សនកិច្ច​​នៅ​​អាហ្វ្រិក​ខាង​ត្បូង ដោយគ្រោង​ជួប​ពិភាក្សា​ជាមួយ​សមភាគី​​អាហ្វ្រិក​ខាង​ត្បូង គឺលោកស្រី ណាលីឌី ផេនដរ(Naledi Pandor) រដ្ឋមន្ត្រីការបរទេស​នៃអាហ្រិកខាងត្បូង។

យ៉ាងណាមិញ រដ្ឋាភិបាលអាហ្រ្វិកខាងត្បូង​បានគូស​បញ្ជាក់ថា ខ្លួនមានជំហរអព្យាក្រឹត​ទៅលើបញ្ហានៅអ៊ុយក្រែន ហើយបានអំពាវនាវ​ឱ្យមានកិច្ចសន្ទនាតាមផ្លូវការទូត ដើម្បីដោះស្រាយជម្លោះ។ ប៉ុន្តែសមយុទ្ធកងទ័ពជើងទឹកនាពេលខាងមុខ​បាននាំឱ្យគណបក្សប្រឆាំងនៅអាហ្វ្រិកខាងត្បូង ចោទប្រកាន់រដ្ឋាភិបាលថាលំអៀងទៅខាងប្រទេស​រុស្ស៊ីរួចស្រេច​ទៅហើយ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាល​អាហ្វ្រិក​ខាង​ត្បូង​​បដិសេធ​ថា ខ្លួនមិនឈរនៅខាងនរណាទាំងអស់​ក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយបាន​អំពាវនាវ​ឲ្យ​បញ្ចប់​សង្គ្រាមឱ្យបានឆាប់រហ័ស។

ដោយឡែក កងការពារជាតិអាហ្រ្វិកខាងត្បូង​បាននិយាយថា៖ សមយុទ្ធកងទ័ពជើងទឹក​នៅខែក្រោយនេះនឹងពង្រឹងទំនាក់ទំនងបន្ថែម​ពីលើកិច្ចសហការ ដែលកំពុងរីកចម្រើនរួចស្រេចទៅ​ហើយរវាងអាហ្វ្រិកខាងត្បូង រុស្ស៊ី និងចិន។ ដូច្នេះ សមយុទ្ធនេះ គ្រាន់តែចង់ចែករំលែកជំនាញ​ប្រតិបត្តិការ និងចំណេះដឹងផ្នែកយោធាបន្ថែមតែប៉ុណ្ណោះ។

សូមជម្រាបថា អាហ្វ្រិកខាងត្បូង ជាប្រទេសមួយក្នុងចំណោមប្រទេសតំបន់អាហ្រ្វិកជាច្រើនទៀត ដែលបានបោះឆ្នោតអនុប្បវាទចំពោះសេចក្តីសម្រេចអង្គការសហប្រជាជាតិកាលពីឆ្នាំមុន លើការថ្កោលទោសអំពើឈ្លានពាន​របស់រុស្ស៊ីទៅលើអ៊ុយក្រែន។ កន្លងមកសហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ធ្លាប់បាន​សង្ឃឹម​យ៉ាងមុតមាំថា អាហ្វ្រិក​ខាង​ត្បូង​នឹង​គាំទ្រ​​ការថ្កោលទោសរុស្ស៊ី​ជា​​អន្តរជាតិ ដើម្បីជា​គំរូសម្រាប់​ប្រទេស​ផ្សេង​ទៀត​​នៅ​ទ្វីប​អាហ្វ្រិក។

ទោះបីជាបែបនេះក្តី អ្នកជំនាញបានព្រមានអំពីការកំណើននៃឥទ្ធិពលយោធារបស់រុស្ស៊ីនៅក្នុងទ្វីបអាហ្រ្វិកចាប់តាំងពីទីក្រុងម៉ស្គូបានបញ្ចូល​ដែនដី​គ្រីមៀជាទឹកដីរបស់ខ្លួន​នៅក្នុង​ឆ្នាំ២០១៤។ អាមេរិកក្រោមរដ្ឋបាលលោកបៃដិន ក៏បានទទួលស្គាល់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងអាហ្វ្រិកខាងត្បូងនេះដែរ បន្ទាប់ពីប្រទេសចិន​បានចំណាយពេលជាច្រើនទសវត្សរ៍​ក្នុងការពង្រឹងទីផ្សារ ​និងធនធានធម្មជាតិរបស់ខ្លួន​ជាមួយទ្វីបនេះ។ ប្រទេសអាហ្រ្វិកខាងត្បូង ក៏ជាសមាជិកនៃប្លុកប្រទេស​ដែលមានសេដ្ឋកិច្ចរីកចម្រើនហៅកាត់ថា BRICS រួមជាមួយសមាជិក​ផ្សេងទៀត​ដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិនផងដែរ៕




អត្ថបទបន្ទាប់


លោក ស៊ី ជីនពីង បង្ហាញក្តីបារម្ភពីរលកឆ្លងកូវីដ១៩ខ្លាំងក្លា អំឡុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន

ព័ត៌មាន
ប្រជាជនរាប់រយលាននាក់ក្នុងប្រទេសចិន បានសម្រុកចាកចេញទៅស្រុកកំណើតរៀងៗខ្លួន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន នៅរយៈពេលជាង១០ថ្ងៃមកនេះ។ ប្រការន…

តើអ្វីជាឱកាស និងបញ្ហាប្រឈម សម្រាប់សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ?

ព័ត៌មាន
អស់រយៈពេលជិត៣ឆ្នាំមកហើយ ដែលសេដ្ឋកិច្ចពិភពលោកបានរងការរង្គោះរង្គើ ដោយសារតែជំងឺរាតត្បាតសាកលកូវីដ-១៩ រួមទាំងឥទ្ធិពលនៃវិបត្តិសង្រ្គាមរុស្សី-…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ