បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនទាហានចូលឈ្លានពានប្រទេសអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ សហរដ្ឋអាម៉េរិក និងបណ្ដាសម្ព័ន្ធមិត្តបានដាក់បម្រាមមិនឱ្យធ្វើប្រតិបត្តិការជាមួយធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ី នោះឡើយ និងបានបង្កកទុនបម្រុងអន្តរជាតិប្រមាណ៣០០ពាន់លានដុល្លារអាម៉េរិក របស់ប្រទេសរុស្ស៊ី ដែលរក្សាទុកនៅក្នុងលោកខាងលិច។
ប្រទេសឧស្សាហកម្មឈានមុខគេទាំង៧ ហៅកាត់ថា G7 ដែលមានសមាជិកសំខាន់ៗដូចជា កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក កំពុងពិភាក្សាអំពីលទ្ធភាពរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ដែលត្រូវបានបង្កក ប៉ុន្តែសមាជិកមួយចំនួនរបស់ G7 បានបង្ហាញការព្រួយបារម្ភចំពោះយន្តការនេះ និងផលប៉ះពាល់ដែលអាចកើតចេញពីការចាត់វិធានការបែបនេះទៅលើទ្រព្យសម្បត្តិរបស់ធនាគារកណ្តាល។
លោកស្រី ផេន្នី ព្រីតឃើ (Penny Pritzker) តំណាងពិសេសរបស់សហរដ្ឋអាម៉េរិក ទទួលបន្ទុកស្ដារសេដ្ឋកិច្ចរបស់អ៊ុយក្រែនឡើងវិញបានថ្លែងកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះថា រឿងដំបូងដែលយើងដឹងគឺថា ដំណើរការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី នេះមានលក្ខណៈស្មុគស្មាញ និងចម្រូងចម្រាសជាខ្លាំង ដែលទាមទារឱ្យមានការចូលរួមពីក្រុមមេធាវីជាច្រើនរូប ហើយសេចក្ដីសម្រេចត្រូវធ្វើឡើងរួមគ្នា ប៉ុន្តែវានឹងមិនបញ្ចប់ក្នុងពេលឆាប់ៗនេះឡើយ។
ប្រទេសរុស្ស៊ី ដែលគ្មានតំណាងចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងទីក្រុង Davos ប្រទេសស្វីស បានព្រមានថា ការរឹបអូសទ្រព្យសម្បត្តិទាំងនេះនឹងផ្ទុយពីគោលការណ៍នៃទីផ្សារសេរី ហើយវិមានក្រឹមឡាំងបានព្រមានថា ខ្លួននឹងរឹបអូសទ្រព្យសម្បត្តិរបស់សហរដ្ឋអាម៉េរិក អឺរ៉ុប និងទ្រព្យសម្បត្តិផ្សេងៗទៀតជាការឆ្លើយតបទៅនឹងចំណាត់ការបែបនេះ។
យោងតាមមូលនិធិរូបិយវត្ថុ (IMF) សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន បានធ្វើឱ្យក្រុងមូស្គូ ខាតបង់សេដ្ឋកិច្ចជិត២០០ពាន់លានដុល្លារអាម៉េរិក រួចទៅហើយគិតត្រឹមខែតុលា ឆ្នាំ២០២៣៕
ដោយ: តែម សុខុម