វិស័យកសិកម្ម

ទុរេនកំពតសង្ឃឹមមានទីផ្សារកាន់តែប្រសើរ ក្រោយក្រសួងពាណិជ្ជកម្មគ្រោងចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ


ក្រសួងពាណិជ្ជកម្មកំពុងពិនិត្យ និងរៀបចំឯកសារ ដើម្បីដាក់បញ្ចូលផលិតផលចំនួន៤មុខបន្ថែមទៀតជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) នៅពេលឆាប់ៗខាងមុខនេះ ដោយក្នុងនោះក៏មានទុរេនកំពតផងដែរ។ តាមរយៈគម្រោងនេះ ម្ចាស់ចម្ការទុរេនធំមួយនៅខេត្តកំពត រំពឹងថា ផលិតផលទុរេនកំពតនឹងកាន់តែមានទីផ្សារល្អបន្ថែមទៀត ជាពិសេសនឹងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងអាចរក្សាបាននូវអត្តសញ្ញាណទុរេនកំពត ដែលជាផលិតផលសក្ដានុពលមួយក្នុងខេត្តនេះ។
វិស័យកសិកម្ម
ដោយ

បើតាមឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បច្ចុប្បន្នក្រោមកិច្ចគាំពាររបស់អង្គការអន្តរជាតិនានា ក្រសួងពាណិជ្ជកម្មកំពុងពិនិត្យ និងរៀបចំឯកសារ ដើម្បីដាក់បញ្ចូលផលិតផល៤មុខរបស់កម្ពុជា ដើម្បីចុះបញ្ជីម៉ាក់សម្គាល់ភូមិសាស្រ្តទំនិញ ដោយក្នុងនោះរួមមានប្រហុកសៀមរាប សូត្រកម្ពុជា ក្តាមថ្មកោះកុង និងទុរេនកំពត។

ជុំវិញការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្ររបស់ទំនិញទាំង៤មុខនេះដែរ ឧកញ៉ា ចាន់ ស៊ីថា ម្ចាស់ចម្ការទុរេនដ៏ធំមួយនៅខេត្តកំពតយល់ឃើញថា ការចុះបញ្ជីផលិតផលទុរេនកំពតជាម៉ាក់សម្គាល់ភូមិសាស្រ្តទំនិញនេះ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ដ្បិតថា ទុរេនកំពត គឺជាផលិតផលសក្កានុពលមួយរបស់ខេត្តកំពតជាយូរឆ្នាំមកហើយ ប៉ុន្តែជិតត្រូវបានបាត់បង់កេរ្តិ៍ឈ្មោះ និងអត្តសញ្ញាណរបស់ខ្លួន ដោយសារតែមានឈ្មួញមួយចំនួនបានលួចបន្លំគុណភាពទុរេនកំពត ដោយយកទុរេនពីប្រទេសជិតខាងមកលក់ឱ្យអតិថិជនបន្លំជាដើម ដែលធ្វើឱ្យប៉ះពាល់ទាំងកេរ្ត៍ឈ្មោះ និងតម្លៃទុរេនកំពត។

​​​​​

លោកឧកញ៉ា ចាន់ ស៊ីថា ជឿជាក់ថា នៅពេលផលិតផលទុរេនកំពត ត្រូវបានចុះជាផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ វានឹងជួយធ្វើឱ្យទីផ្សារទុរេនកំពតនឹងកាន់តែមានភាពទូលំទូលាយ និងជួយបង្កើនទំនុកចិត្តដល់អតិថិជន ក៏ដូចជាអាចឈានដល់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ។ លើសពីនេះ វាក៏នឹងជួយជំរុញលើកទឹកចិត្តដល់ប្រជាកសិករ ដែលដាំទុរេននៅខេត្តកំពត មានទឹកចិត្តក្នុងការបន្តថែរក្សាការដាំដុះ ក៏ដូចជាបង្កើនការដាំដុះបន្ថែម ដើម្បីបន្តថែរក្សានូវកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ទុរេនកំពត។ ឧកញ៉ា ចាន់ ស៊ីថា កត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះការដាំដុះទុរេនកំពតថ្មីមានការកើនឡើងគួរឱ្យកត់សម្គាល់។

បើតាម ឯកឧត្តម ប៉ែន សុវិជាតិ មកទល់ពេលនេះក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញចំនួន៧មុខរួចហើយ ដោយក្នុងនោះរួមមាន ម្រេចកំពត, ស្ករត្នោតកំពង់ស្ពឺ, ក្រូចថ្លុងកោះទ្រង់, ទឹកឃ្មុំព្រៃមណ្ឌលគិរី, អំបិល និងផ្កាអំបិលកំពត, បង្កងតាកែវ, និងទឹកត្រីកំពតកែប។

បើតាមអ្នកនាំពាក្យរូបនេះ គោលបំណងនៃការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនេះ គឺដើម្បីជួយពង្រីកមុខមាត់កិត្យានុភាព កេរ្តិ៍ឈ្មោះ និងអត្តសញ្ញាណនៃដែនដីភូមិសាស្រ្តកម្ពុជា លើឆាកអន្តរជាតិ, លើកកម្ពស់គុណភាពទំនិញសម្គាល់ភូមិសាស្រ្ត តាមរយៈការជំរុញនូវតម្លៃបន្ថែមខ្ពស់, ចូលរួមប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពនៅក្នុងកម្មវិធីពិព័រណ៍ថ្នាក់ជាតិ និងអន្តរជាតិ ដោយលើកមុខមាត់ និងអត្តសញ្ញាណកម្ពុជា និងចូលរួមបង្កើនការងារក្នុងតំបន់ដោយផ្ទាល់ ឬប្រយោល ក្នុងការកាត់បន្ថយចំណាកស្រុកជាដើម។

សូមបញ្ជាក់ថា បើតាមរបាយការណ៍ពីមន្ទីរកសិកម្មខេត្តកំពត នៅឆ្នាំ២០២៣ ផ្ទៃដីដាំដុះទុរេននៅក្នុងខេត្តកំពតមានចំនួនប្រមាណជាង១ពាន់៧រយហិកតា និងជាមធ្យមអាចប្រមូលផលបានប្រមាណ១៥ តោនក្នុងមួយហិចតា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោកខាងលិចព្រមាននៅវេទិកាសេដ្ឋកិច្ចពិភពលោកថា ការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី៣០០ពាន់លានដុល្លារមិនមែនជាដំណោះស្រាយល្អទេ

ព័ត៌មាន
ក្រុមមន្ត្រីលោកខាងលិចនៅឯកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងទីក្រុង Davos ប្រទេសស្វីស បានបញ្ជាក់ជំហរថា ពួកគេបើកចំហច…

តើរូបិយប័ណ្ណប្រទេសណាខ្លះ ដែលមានឥទ្ធិពលបំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០២៤?

ព័ត៌មាន
រូបិយបណ្ណរបស់ប្រទេសធំៗចំនួន៥ បានជាប់ឈ្មោះជារូបិយបណ្ណដែលមានឥទ្ធិពលខ្លាំងបំផុតនៅលើពិភពលោកប្រចាំឆ្នាំ២០២៤។ រូបិយបណ្ណរបស់ប្រទេសទាំងនោះត្រូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ