ថ្លែងក្នុងវេទិការសួរឆ្លើយប្រចាំឆ្នាំជាមួយនឹងពលរដ្ឋរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ លោក ពូទីន បាននិយាយថា បច្ចុប្បន្នរុស្ស៊ី កំពុងជួបបញ្ហាមួយចំនួនដូចជា កម្រិតអតិផរណាកំពុងឡើងខ្លាំង គួបផ្សំបញ្ហាសេដ្ឋកិច្ចឡើងកម្ដៅ។ តែយ៉ាងណា លោកអះអាងថា រដ្ឋាភិបាល និងធនាគារកណ្តាលរបស់រុស្ស៊ីបានចាត់វិធានការរួចហើយ ដើម្បីទាញទម្លាក់អថិផរណាឱ្យធ្លាក់ចុះមកវិញ។
សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់រុស្ស៊ី បានកើនពីកម្រិត៨,៥% នៅក្នុងខែតុលា ឡើងដល់៨,៩% នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ពោលគឺកើនខ្ពស់ជាងឆ្នាំមុន។ កត្តាចម្បងមួយចំនួនដែលបានជំរុញឱ្យអតិផរណាកើនខ្ពស់បែបនេះ មានដូចជាការកើនឡើងតម្លៃអាហារ ដោយតម្លៃទឹកដោះគោ និងផលិតផលទឹកដោះគោ បានកើនឡើងខ្ពស់នៅឆ្នាំនេះ។ ហើយការធ្លាក់ចុះតម្លៃរូបិយប័ណ្ណរបស់រុស្ស៊ី ក្រោយពីរងទណ្ឌកម្មរបស់អាម៉េរិកថ្មីៗកាលពីខែវិច្ឆិកា ក៏ជាការចំណែកដល់ការកើនឡើងអតិផរណានេះផងដែរ ដោយសារវាបានបង្កើនចំណាយលើការនាំចូលទំនិញទៅក្នុងប្រទេសរុស្ស៊ី។
ទន្ទឹមនឹងនេះ ការបង្កើនចំនួនកងកម្លាំងយោធាដ៏ច្រើនសន្ធឹកសន្ធាប់របស់រុស្ស៊ី បានបណ្តាលឱ្យមានការខ្វះកម្លាំងពលកម្ម ការផ្គត់ផ្គង់ និងផលិតកម្មនៅកន្លែងផ្សេងទៀត ដែលវាជាហេតុផលមួយជំរុញឱ្យតម្លៃកើនឡើង និងជំរុញឱ្យកម្មករទាមទារដំឡើងប្រាក់ឈ្នួលផងដែរ។
លោក ពូទីន បានកត់សម្គាល់នៅក្នុងវេទិការនេះថា ជាការពិតណាស់អតិផរណារបស់រុស្ស៊ី ជាសញ្ញាគួរឱ្យព្រួយបារម្ភមួយ ហើយថា ពេលនេះលោកបាននិយាយជាមួយនឹងប្រធានធនាគារកណ្តាលរុស្ស៊ី លោកស្រី អែលវីរ៉ា ណាបៀលីណា (Elvira Nabiullina) រួចហើយ ដើម្បីរកវិធានការទាញទម្លាក់អតិផរណា ដែលនៅតំបន់ខ្លះវាបានឡើងដល់ប្រហែល៩,៣% ទៅហើយនោះ ប៉ុន្តែការកើនឡើងនេះវាស្របពេលដែលប្រាក់ឈ្នួលរបស់ពលរដ្ឋកើនឡើង៩% ផងដែរ៕
អត្ថបទ៖ សុខ មង្គល