សេដ្ឋកិច្ចរុស្ស៊ី

សេដ្ឋកិច្ចរុស្ស៊ីកំពុងប្រឈមអ្វីខ្លះ ខណៈសហភាពអឺរ៉ុបត្រៀមដាក់ទណ្ឌកម្មថ្មីទី៦?


អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃទី៣ ខែឧសភាថា សហភាពអឺរ៉ុបនឹងដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ីសម្រាប់ការឈ្លានពានលើប្រទេសអ៊ុយក្រែន ដោយផ្តោតលើឧស្សាហកម្មប្រេង អង្គភាពផ្សាយព័ត៌មានមិនពិត និងកាត់ផ្តាច់ប្រព័ន្ធទូទាត់សម្រាប់ធនាគាររុស្ស៊ីជាច្រើនទៀតផងដែរ។
សហភាពអឺរ៉ុបត្រៀមដាក់ទណ្ឌកម្មថ្មីទី៦ លើរុស្ស៊ី
ដោយ

ការ​បន្ថែម​ទណ្ឌកម្ម​ផ្ទួន​ៗ​ទៅ​លើ​រុ​ស្ស៊ី និង​ការ​ថ្កោលទោស​ជា​អន្តរជាតិ​ទៅ​លើ​សង្គ្រាម​ឈ្លានពាន​នៅ​អ៊ុយ​ក្រែ​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​រុញ​ឲ្យ​ប្រទេស​មហាអំណាច​យោធា​មួយ​នេះ កំពុង​ធ្លាក់​ចុះ​ទៅ​រក​ការ​ដួល​រលំ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​ទេ គិត​ក្នុង​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មកនេះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

លោក Josep Borrell ប្រធាន​អង្គភាព​គោលនយោបាយ​ការ​បរទេស​នៅ​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​សហភាព​អឺរ៉ុប​បាន​និយាយ​នៅ​ក្នុង​បណ្តាញ​សង្គម twitter របស់​លោក​ថា សហភាព​អឺរ៉ុប​កំពុងធ្វើការ​ងារ​លើ​ការ​ដាក់​ទណ្ឌកម្ម​ទី​៦ របស់​ខ្លួន ទៅ​លើ​ទីក្រុង​ម៉ូ​ស្គូ ក្នុង​នោះ មាន​គោលបំណង​លុប​បំបាត់​ធនាគារ​របស់​រុ​ស្ស៊ី​បន្ថែម​ទៀត ចេញពី​ប្រព័ន្ធ​ទូទាត់​ប្រាក់​អន្តជាតិ SWIFT ព្រមទាំង​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​អង្គភាព​ដែល​ចេញផ្សាយ​ព័ត៌មាន​មិន​ពិត និង​កាត់​ផ្តាច់​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​មក​សហភាព​អឺរ៉ុប​ជាដើម​។ អ្នកការទូត​រូប​នេះ​បាន​អះអាង​ថា ការ​ដាក់​ទណ្ឌកម្ម​ទី ៦ នេះ​ក៏​នឹង​ប៉ះពាល់​ដល់​ធនាគា Sberbank (SBER.MM) ដែល​ជា​អ្នក​ផ្តល់​ប្រាក់​កម្ចី​កំពូល​របស់​រុ​ស្ស៊ី​ផង​ដែរ​។

គួរ​រំលឹក​ថា ការ​ដាក់​ចេញ​នៅ​ទណ្ឌកម្ម​ទី ៦ របស់​សហភាព​អឺរ៉ុប​ធ្វើ​ឡើង បន្ទាប់​ពី​ប្រទេស​អា​ឡឺ​ម៉​ង់​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​របស់​សហភាព​អឺរ៉ុប​បាន​ប្រកាស​ថា ខ្លួន​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​កាត់​ផ្តាច់​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​។

ការ​ហ៊ុម​ព័ទ្ធ​លើ​ទណ្ឌកម្ម​នាំ​ចេញ​ប្រេង​ពី​រុ​ស្សី ពី​សំណាក់ សហភាព​អឺរ៉ុប នឹង​កាត់​ផ្តាច់​ទីក្រុង​មូ​ស្គូ​ពី​លំហូរ​សាច់ប្រាក់​ចំណូល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​វិស័យ​នេះ ប៉ុន្តែ​ការ​ឈាន​ដល់​កិច្ចព្រមព្រៀង​ស្តី​ពី​វិធានការ​កាត់​ផ្តាច់​ប្រេង​ទៅ​កាន់​សហភាព​អឺរ៉ុប​នោះ នៅ​មាន​ភាព​ចម្រូងចម្រាស់​នៅ​ក្នុង​សមាជិក​សហភាព​អឺរ៉ុប ដ្បិតថា ប្រទេស​ខ្លះ​ដូច​ជា ហុង​គ្រី និង​ស្លូ​វ៉ា​គី មិន​ព្រម​ដាក់​ទណ្ឌកម្ម​លើ​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​នោះ​ទេ ពីព្រោះ​ថា​ប្រទេស​ទាំង​ពីរ​នេះ មានការ​ពឹងផ្អែក​ខ្លាំង លើ​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​។ ប្លុក​អឺរ៉ុប ត្រូវ​បាន​គេ​ដឹង​ថា មាន​តម្រូវការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​ជាង ២៦% នៃ​ចំនួន​ប្រេង​នាំ​ចូល​សរុប​។ ចាប់តាំងពី​ប្រទេស​រុ​ស្ស៊ី​បាន​ឈ្លានពាន​អ៊ុយ​ក្រែ​ន បណ្តា​ប្រទេស​នៅ​អឺរ៉ុប​បាន​បង់ប្រាក់​ជាង ៤៧ ពាន់​លាន​ដុល្លារ ដល់​ប្រទេស​រុ​ស្ស៊ី​សម្រាប់​ទូទាត់​ថ្លៃ​ឧស្ម័ន និង​ប្រេង​។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ថាមពល និង​ខ្យល់​ស្អាត​។

សូម​បញ្ជាក់​ថា ចាប់តាំងពី​បុរស​ខ្លាំង​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន បញ្ជា​ឲ្យ​យោធា​របស់​ខ្លួន​ចូល​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន​មក សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​នេះ ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹង​ទទួល​រង​ការ​ដួល​រលំ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន ដោយសារ​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​ចាស់ដៃ​ពី​ប្រទេស​លោក​ខាងលិច រួម​មាន​សហភាព​អឺរ៉ុប និង អា​មេ​រិ​ក​ជាដើម ហើយ​វា​នឹង​ក្លាយជា​វិបត្តិ​សេដ្ឋកិច្ច​ខ្លាំង​ជាង​ពេល​ណា​ៗ​ទាំងអស់ ដែល​ទីក្រុង​ម៉ូ​ស្គូ​ធ្លាប់​បាន​ឆ្លងកាត់​។

កាលពី​ថ្ងៃ​ទី ២៩ ខែមេសា ទេសាភិបាល​ធនាគារកណ្តាល​រុ​ស្ស៊ី​លោកស្រី​អៀ​ល​វី​រ៉ា ណា​ប៊ុ​យ​លី​ណា (Elvira Nabiullina) បាន​ទម្លាក់​អត្រា​ការ​ប្រាក់​របស់​ធនាគារ​នៅ​ប្រទេស​រុ​ស្ស៊ី​ចំនួន​៣% ជា​លើក​ទី​២​ក្នុង​រយៈពេល​មិន​ដល់​មួយ​ខែ​ផង បន្ទាប់​ពី​បាន​ព្យាករណ៍​ពី​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ តម្លៃ​ទំនិញ​កើនឡើង និង​ការ​ចលាចល​ទីផ្សារ​ការងារ​នា​ពេល​ខាង​មុខ ខណៈ​ដែល​ប្រទេស​នេះ​អាច​ត្រូវ​រង​ទុក្ខ​សម្រាប់​សង្គ្រាម​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន​។

គួរ​ជម្រាប​ថា ផលិតផល​ក្នុងស្រុក​សរុប​របស់​រុ​ស្ស៊ី ត្រូវ​បាន​ធនាគារពិភពលោក រំពឹង​ថា​នឹង​ធ្លាក់​ចុះ​ការ​នាំ​ចេញ​យ៉ាង​ហោច​ណាស់​ចន្លោះ​ពី ៨% ទៅ ១០% នៅ​ឆ្នាំ​នេះ ដែល​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់តាំងពី​ឆ្នាំ ១៩៩៤​មក​។ ក្នុង​នោះ​ធនាគារពិភពលោក​បាន​ព្យាករណ៍​ទៀត​ថា តម្លៃ​ទំនិញប្រើប្រាស់​ក្នុង​ទីក្រុង​ម៉ូ​ស្គូ​អាច​កើនឡើង​ពី ១៨% ទៅ ២៣% នៅ​ឆ្នាំ​នេះ​៕

អត្ថបទ​៖ វ៉ា​ន់ ស្រី​រ័​ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ទីរបញ្ចកោណថា អាមេរិកខ្វះការគាំទ្រផ្នែកភស្តុភារនៅតំបន់អាស៊ី សម្រាប់ឆ្លើយតបបញ្ហាជម្លោះប្រដាប់អាវុធ

ព័ត៌មាន
ឯកសារមួយរបស់មន្ទីរបញ្ចកោណនៅសហរដ្ឋអាមេរិកបានបង្ហាញថា ក្រសួងការពារជាតិអាមេរិកជឿជាក់ថា កងកម្លាំងសហរដ្ឋអាមេរិកកំពុងខ្វះសមត្ថភាពដឹកជញ្ជូនគ្រ…

ក្រុមហ៊ុនកូរ៉េ មានបំណងនាំចូលផ្លែស្វាយពីកម្ពុជាយ៉ាងហោចណាស់ ១ម៉ឺនតោន ក្នុងមួយឆ្នាំ

ព័ត៌មាន
បច្ចុប្បន្ន ផ្លែស្វាយស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឲ្យនាំចេញផ្លូវការទៅកាន់ទីផ្សារប្រទេសចិន និងកូរ៉េខាងត្បូងជាដើម។ ហើយថ្មីៗនេះ មានក្រុមហ៊ុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ