នាជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន លោក Yuan Zhongxue ប្រធានកិត្តិយសក្រុមហ៊ុន Sailun Group បានគូសបញ្ជាក់អំពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ដោយផ្ដោតលើការកែច្នៃផលិតផលកៅស៊ូ ដើម្បីផលិតចេញជាផលិតផលផ្សេងៗ ដែលមានដូចជា សំបកកង់រថយន្តជាដើម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងការបង្កើតសួនឧស្សាហកម្មសម្រាប់ខ្សែច្រវាក់ផលិតកម្មនៃឧស្សាហកម្មកែច្នៃកៅស៊ូ ក៏ដូចជាសមត្ថភាពផលិតរបស់ក្រុមហ៊ុននៅក្នុងតំបន់។
ឆ្លើយតបនឹងការលើកឡើងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីការស្វាគមន៍ និងគាំទ្រចំពោះបំណងរបស់ក្រុមហ៊ុននេះក្នុងការពង្រីកការវិនិយោគរបស់ខ្លួនលើបង្កើតឱ្យមាននូវប្រព័ន្ធអេកូស៊ីស្ទឹមពេញលេញសម្រាប់ការផលិតសំបកកង់រថយន្ត ដែលជាចំណុចមួយដ៏ល្អ ដែលស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគក្នុងប្រទេសកម្ពុជា ឱ្យគិតគូរលើការបង្កើតនូវខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក ក៏ដូជាទីផ្សារអន្តរជាតិ ផងដែរ។ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសហការ និងពិភាក្សាបន្ថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយគោលបំណងពង្រីកការវិនិយោគនេះឱ្យទៅជាសកម្មភាពជាក់ស្ដែងផងដែរ ៕