បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងជួបសម្តែងការគួរសមជាមួយលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃប្រទេសឡាវ និងជួបពិភាក្សាទ្វេភាគីជាមួយសមភាគី លោក សនសៃ ស៊ីផាន់ដន ដើម្បីពិភាក្សាអំពីមធ្យោបាយនានា ក្នុងការលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។
ជាមួយគ្នានេះ បន្ទាប់ពីជំនួបពិភាក្សារួច នឹងមានពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។ ក្នុងឱកាសស្នាក់នៅប្រទេសឡាវ នេះដែរ សម្តេចធិបតី ក៏នឹងទទួលជួបសម្តែងការគួរសមពីសំណាក់លោក ខាំបៃ ដាំឡាត់ ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ព្រមទាំងជួបសំណេះសំណាលជាមួយសមាជិកក្លឹបធុរកិច្ចកម្ពុជា និងនិស្សិតកម្ពុជា នៅប្រទេសឡាវផងដែរ។
ជុំវិញដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនៅប្រទេសឡាវនេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសក្បែរខាងកម្ពុជានេះ នឹងក្លាយជាឱកាសមួយនៃការឧទ្ទេសនាមខ្លួនរបស់សម្ដេចដែលទើបឡើងកាន់តំណែង ដែលការឧទ្ទេសនាមនេះ គឺជាប្រពៃណីនៅក្នុងតំបន់អាស៊ាន។
អ្នកជំនាញរូបនេះ ជឿជាក់ថា ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ វានឹងក្លាយជាឱកាសដែលប្រទេសទាំងពីរពិភាក្សាគ្នាកាន់តែស៊ីជម្រៅ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរថែមទៀត ជាពិសេសទៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងនយោបាយការទូតជាដើម។
បើតាមលោកបណ្ឌិត គិន ភា នៅក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំទាំងពីរក៏អាចនឹងមានកិច្ចពិភាក្សាទៅលើការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនកម្ពុជា ជាមួយឡាវផងដែរ ដ្បិតថា ការតភ្ជាប់នេះជារឿងចាំបាច់ចំផុតសម្រាប់ពង្រីកកិច្ចពាណិជ្ជកម្ម និងទេសចរណ៍បន្ថែមរវាងប្រទេសទាំងពីរ និងក្នុងតំបន់។ យ៉ាងណាមិញ ចំពោះបញ្ហាបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ក៏អាចជាបញ្ហាអាទិភាពមួយដែលថ្នាក់ដឹកនាំកម្ពុជា-ឡាវ នឹងលើកយកមកពិភាក្សាផងដែរ។
យ៉ាងណាក៏ដោយ លោកបណ្ឌិត គិន ភា ជឿជាក់ថា ទំនាក់ទំនងរវាងថ្នាក់ដឹកនាំកម្ពុជា-ឡាវ និងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ នាពេលបច្ចុប្បន្ន និងទៅអនាគត នឹងកាន់តែមានកិច្ចសហការកាន់តែស៊ីជម្រៅ និងមានទំនាក់ទំនងល្អជាមួយគ្នាកាន់តែខ្លាំងក្លាបន្ថែមទៀត ព្រោះថាឡាវ និងកម្ពុជា ជាប្រទេសក្បែរខាងគ្នាមួយ ដែលមានចំណងមិត្តភាពល្អ និងស្រដៀងគ្នាច្រើន ទាំងភូមិសាស្រ្ត វប្បធម៌ ភាសា សាសនា និងទំនៀមទំនាប់ប្រពៃណីជាដើម៕