អធិបការបតីអាល្លឺម៉ង់នឹងធ្វើដំណើរទៅប្រទេសចិន!

អធិការបតីអាល្លឺម៉ង់ទៅជួបលោកស៊ី ជីនពីងនៅកាន់ទីក្រុងប៉េកាំង ចំពេលទំនាក់ទំនងចិន និងអឺរ៉ុបប្រេះឆាកាន់តែខ្លាំង


អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នឹងធ្វើទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសចិននៅថ្ងៃសុក្រ ទី ៤ វិច្ឆិកា ដែលត្រូវបានគេមើលឃើញថា តើប្រទេសអាល្លឺម៉ង់នឹងមានយុទ្ធសាស្រ្តបែបណា ដើម្បីកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចដ៏សម្បើមរបស់ខ្លួនទៅលើប្រទេសចិន ដែលដឹកនាំដោយបក្សកុម្មុយនិស្ត និងកំពុងងើបឡើងជាមហាអំណាចផុតលេខនៅតំបន់អាស៊ីនោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
អធិការបតីអាល្លឺម៉ង់ទៅជួបលោកស៊ី ជីនពីងនៅកាន់ទីក្រុងប៉េកាំង ចំពេលទំនាក់ទំនងចិន និងអឺរ៉ុបប្រេះឆាកាន់តែខ្លាំង

មែនទែនទៅ ដំណើរទស្សនកិច្ចក្នុងរយៈពេលមួយថ្ងៃរបស់លោក អូឡាហ្វ ស្កូល អធិការបតីអាល្លឺម៉ង់នេះ ត្រូវបានគេចាត់ថាជាដំណើរទស្សនកិច្ចដំបូងគេបំផុតរបស់មេដឹកនាំអឺរ៉ុប​ទៅកាន់ប្រទេសចិនចាប់តាំងពីការរាតត្បាតជំងឺកូវីត១៩ក្នុងប្រទេសចិន និង​​ចាប់តាំងពីលោក ស៊ី ជីនពីង បានជាប់ជាអគ្គលេខាធិការបក្សកុម្មុយនិស្តចិន​ក្នុងអាណត្តិទី៣ដឹកនាំប្រទេសចិន។

ទោះជាយ៉ាងណា ការធ្វើដំណើរ​របស់លោក Scholz ធ្វើឡើងនៅចំពេលដែល​មានការព្រួយបារម្ភកាន់តែខ្លាំងឡើង​ពីសំណាក់ប្រទេស​លោកខាងលិច​ផ្សេងទៀត ជាពិសេសនៅ​ពីសម្ព័ន្ធ​មិត្ត​សន្តិសុខកំពូលរបស់​អាល្លឺម៉ង់ គឺសហរដ្ឋអាមេរិក ជុំវិញការអនុវត្តពាណិជ្ជកម្មរបស់ប្រទេសចិន និងការរំលោភសិទ្ធិមនុស្ស ព្រមទាំងមហិច្ឆតា​កាន់តែ​គឃ្លើនឡើង​របស់ទីក្រុងប៉េកាំង។

គួររំលឹកថា ទំនាក់ទំនង​ពាណិជ្ជកម្មដ៏ស៊ីជម្រៅ​រវាងចិន និងអាល្លឺម៉ង់​បានចងភ្ជាប់ប្រទេស​ទាំងពីរកាន់តែតឹងណែនផ្នែក​សេដ្ឋកិច្ច​ដូចជាតម្រូវការរថយន្ត និងគ្រឿងម៉ាស៊ីនរបស់ប្រទេសអាល្លឺម៉ង់ ដែលជំរុញកំណើនសេដ្ឋកិច្ច​យក្ស​អាល្លឺម៉ង់ក្នុងរយៈពេលពី​រទសវត្សរ៍កន្លងមកនេះ ហើយប្រទេសចិនក៏បានក្លាយជាដៃគូពាណិជ្ជកម្ម​ធំបំផុតតែមួយគត់​របស់អាល្លឺម៉ង់ក្នុងឆ្នាំ២០១៦។

យោងតាមការស្ទង់មតិ​នាពេលថ្មីៗនេះដោយក្រុម​អ្នករៀបចំគោលនយោបាយ បានរកឃើញថា ជិតពាក់កណ្តាលនៃក្រុមហ៊ុនឧស្សាហកម្មអាល្លឺម៉ង់ឥឡូវនេះពឹងផ្អែកលើធាតុចូលសំខាន់ៗពីប្រទេសចិន។

គេមិនអាចប្រកែកបានឡើយថា អាល្លឺម៉ង់បានរៀនសូត្រមិនតិចទេពីបទពិសោធន៍លើពឹងផ្អែកថាមពលលើប្រទេសរុស្ស៊ីដែលបាននាំនូវបញ្ហចាក់ស្រេះជាច្រើនចូលមកក្នុងប្រទេស​ ដែលធ្វើឱ្យរដ្ឋាភិបាល​អាល្លឺម៉ង់មានការព្រួយាបារម្ភដូចគ្នាដែរ​ទៅនឹងការពឹងផ្អែកលើប្រទេសចិន ដែលជាសម្ព័​ន្ធមិត្តចាក់ទឹកមិនលិច​របស់រុស្ស៊ីនោះ។

រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ លោកស្រី Annalena Baerbock បានប្រាប់ទូរទស្សន៍ ARD ទាក់ទិននឹងប្រទេសចិនយ៉ាងដូច្នេះថា «វាមានសារៈសំខាន់ខ្លាំងណាស់ដែលអាល្លឺម៉ង់មិនត្រូវពឹងផ្អែកខ្លាំងលើប្រទេស ដែលមិនមានគុណតម្លៃ​រួម សូម្បីតែបន្តិចជាមួយប្រទេសយើងនោះទេ»។

ទោះជាបែបនេះក្តី បើតាមអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់​បាននិយាយកាលពីសប្តាហ៍មុនថា នៅក្នុងដំណើរទស្សនកិច្ច​ទៅប្រទេសចិន លោក Scholz នឹងជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បីជំរុញឱ្យប្រទេសចិនបើកទីផ្សាររបស់ខ្លួន និងលើកឡើង​ពីការព្រួយបារម្ភអំពីបញ្ហាសិទ្ធិមនុស្ស ក៏ដូចជាទំនោរ «ផ្តាច់ការ» របស់ចិនជាដើម។

ហើយទន្ទឹមនឹងគ្នានោះ លោក Scholz នឹង​ត្រូវ​អម​ដំណើរ​ដោយ​គណៈប្រតិភូ​នៃ​ថ្នាក់​ដឹកនាំ​អាជីវកម្មគ្រាក់ៗមួយចំនួន​របស់អាល្លឺម៉ង់ ​តែមន្ត្រីរដ្ឋាភិបាលអាល្លឺម៉ង់ម្នាក់បាននិយាយថា គ្មានកិច្ចព្រមព្រៀងអាជីវកម្ម​របស់​ក្រុមហ៊ុន​ណាមួយ​ត្រូវបាន​គ្រោងទុក​ជាមុន​នោះទេ។

លើសពីនេះទៅទៀត ប្រភពរដ្ឋាភិបាលបារាំង និងអាល្លឺម៉ង់​បានប្រាប់សាព័ត៌មាន រ៉យទ័រ ថាប្រធានាធិបតី​បារាំងលោក Emmanuel Macron បានស្នើទៅលោក Scholz ថាលោកចង់ធ្វើដំណើររួមគ្នាទៅកាន់ទីក្រុងប៉េកាំង ដើម្បីបញ្ជូនសញ្ញានៃការរួបរួមរបស់សហភាពអឺរ៉ុប​ជាមួយចិន និងប្រឆាំងនឹងអ្វីដែលលោកមើលឃើញថា ជាការប៉ុនប៉ងរបស់ចិនក្នុងការលេងល្បែង​ជាមួយប្រទេស​មួយ​ប្រឆាំងនឹងប្រទេសមួយផ្សេងទៀត ប៉ុន្តែអធិការបតីអាល្លឺម៉ង់បានបដិសេធសំណើរបស់លោក ម៉ាក្រុង ទាំងស្រុង៕




អត្ថបទបន្ទាប់


តើទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានកំណើនខ្លាំងក្លាយ៉ាងណាខ្លះនៅ៩ខែដំបូងឆ្នាំ២០២២

ព័ត៌មាន
នៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្ដាប្រទេសសមាជិកអាស៊ានទាំង៩ សម្រេចបានជាង ១២ពាន់លានដុល្លារអាមេរិក បា…

រុស្ស៊ីត្រឡប់ចូលកិច្ចព្រមព្រៀងនាំចេញស្បៀងអ៊ុយក្រែនឡើងវិញហើយ ប៉ុន្ដែព្រមានដកខ្លួនរហូត បើមានបញ្ហាលើកក្រោយទៀត!

ព័ត៌មាន
ភាគីរុស្ស៊ីកាលពីថ្ងៃទី០២វិច្ឆិកាបានប្រកាសត្រឡប់ចូលក្នុងកិច្ចព្រមព្រៀងនាំចេញស្បៀងអាហាររបស់អ៊ុយក្រែនតាមសមុទ្រខ្មៅឡើងវិញហើយ ក្រោយពីផ្អាកដំណើរក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ