ថ្លែងចេញពីទីក្រុងព្រុចសែល ប្រទេសបែលហ្ស៉ិក កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ដើម្បីអបអរសាទរខួបលើកទី ៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហភាពអឺរ៉ុប សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា តាមទម្លាប់កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នេះ គឺជាឱកាសដ៏ពិសេសមួយ សម្រាប់ការពិនិត្យមើលស៊ីជម្រៅទៅលើកិច្ចសហប្រតិបត្តិការ នាពេលកន្លងមក ក៏ដូចជា ការផ្លាស់ប្ដូរនូវទស្សនវិស័យ និងស្មារតី ដើម្បីតម្រង់ទិសដៅទៅអនាគត សម្រាប់ទំនាក់ទំនង។ ដូចដែលយើងដឹងស្រាប់ហើយថា ការវិវឌ្ឍយ៉ាងរហ័សនៃនិម្មាបនកម្មតំបន់ និង សកល រួមទាំង បញ្ហាប្រឈមបែបប្រពៃណី និងមិនមែនប្រពៃណីផ្សេងទៀត សុទ្ធតែជាចំណុចសំខាន់ សម្រាប់ការពិចារណា នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូល។ សម្ដេចបន្តថា ជាការពិតកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នេះ គឺជាបង្គោលចរដ៏ធំមួយនៃទំនាក់ទំនងដ៏យូរអង្វែងជាង ៤ទសវត្សរ៍ កន្លងមកនេះ។
ប្រាកដណាស់កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នាពេលនេះ ត្រូវបានរៀបចំឡើង ក្នុងពេលដែលពហុភាគីនិយម បាននិងកំពុង ទទួលរងនូវសម្ពាធយ៉ាងធ្ងន់ធ្ងរ។ អ្វីដែលគួរឱ្យព្រួយបារម្ភ ជាងនេះទៀតនោះគឺ សន្តិភាពសកល ក៏បាននិង កំពុងទទួលរងនូវការគំរាមកំហែង ដោយសកម្ម- ភាព របស់រដ្ឋមួយចំនួន ដែលបំពានដោយបើកចំហលើច្បាប់ បទដ្ឋាន និងគោលការណ៍អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសកល។ សម្រាប់ដំណើរឆ្ពោះទៅមុខ សម្ដេច ហ៊ុន សែន ជឿជាក់ថា អាស៊ាន និង សហភាពអឺរ៉ុប ត្រូវតែធ្វើការជាមួយគ្នា យ៉ាងស្អិតល្មួត ដើម្បីធានាសណ្ដាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ប្រកបដោយបរិយាបន្ន ភាព- បើកចំហ តម្លាភាព និង ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ ក្នុងនាមជាប្លុកតំបន់ពីរ ដែលផ្អែកលើច្បាប់ និង មានការទទួលខុសត្រូវអាស៊ាន និង សហភាពអឺរ៉ុប ត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីការពារ និង លើកកម្ពស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់ បទដ្ឋាន និង គោលការណ៍ ដែលត្រូវបានទទួលស្គាល់ជាសកល ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការកសាងសន្តិភាព និង ស្ថិរភាព និង ការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃជីវិត និង ជីវភាពរស់នៅរបស់ប្រជាជន ក្នុងតំបន់របស់យើង ក៏ដូចជាពិភពលោក ។ ទន្ទឹមនោះ សម្ដេចក៏បានលើកឡើងពីបទពិសោធន៍ផ្ទាល់របស់កម្ពុជា នាពេលកន្លងកម ដោយសម្ដេចថា តាមរយៈករណីជម្លោះដែលបានអូសបន្លាយ និងបង្កជាសោកនាដកម្ម នៅកម្ពុជា សម្ដេចមិនដែលជឿទេថា ការធ្វើសង្គ្រាម ឬ ការគំរាមបង្កសង្គ្រាម អាចសម្រេចបាននូវសន្តិភាព នោះទេ។ ក្នុងន័យនេះ សម្ដេចសង្ឃឹមដោយស្មោះថា ពិភពលោកគួរតែកំណត់ការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ជាវិធី- សាស្ត្ររួម។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ប្រារព្ធធ្វើឡើងដើម្បីអបអរសាទរខួបលើកទី ៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហភាពអឺរ៉ុប។ បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កិច្ចប្រជុំពេញអង្គនៃជំនួបកំពូលរំលឹកខួបនេះ នឹងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុបនាពេលបច្ចុប្បន្ន និងកំណត់ទិសដៅអនាគតសម្រាប់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប៕