ទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែមពេលចូលឆ្នាំថ្មី

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ការប្រារព្ធរៀបចំពិធីបុណ្យចូលឆ្នាំថ្មីដូចធម្មតាឡើងវិញ នឹងជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែម


នៅសល់ប្រមាណតែ១សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាឱកាសឈប់សម្រាករយៈពេលវែង ជាមួយនឹងការធ្វើដំណើរកម្សាន្ដកាន់តែច្រើនផងដែរ ដ្បិតថានៅឆ្នាំនេះ រាជរដ្ឋាភិបាលបានបើកឲ្យមានការជួបជុំរៀបចំពិធីអបអរបុណ្យចូលឆ្នាំថ្មីដូចធម្មតាឡើងវិញ ក្រោយផ្អាកអស់ពីរឆ្នាំកន្លងមកនេះ។
ភ្ញៀវទេសចរណ៍ឆ្លងកាត់ព្រលានយន្តហោះកន្លងទៅ រូបភាព៖ Internet

មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍ និង​អ្នកជំនាញ បាន​អះអាង​ថា ឱកាស​ប្រារព្ធ​រៀបចំ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​នេះ នឹង​រួមចំណែក​ទាក់ទាញ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​កម្សាន្ដ​នៅ​កម្ពុជា​កាន់តែ​ច្រើន​ឡើង ខណៈ​បច្ចុប្បន្ន ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​តំបន់​អាស៊ាន បាន​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា​កាន់តែ​ច្រើន​ឡើង​។

ឯកឧត្តម តុ​ប សុ​ភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​កត់សម្គាល់​ឃើញ​ថា ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា ចាប់ផ្ដើម​បើក​ដំណើរការ​សេដ្ឋកិច្ច និង​សង្គម ពេញលេញ​ឡើង​វិញ គួប​ផ្សំ​ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ធ្វើ​ដំណើរ​ជា​បន្តបន្ទាប់​ដល់​អ្នកដំណើរ កំណើន​អ្នកដំណើរ​ដែល​ចូល​មក​ប្រទេស​កម្ពុជា មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ បើ​តាម​ឯកឧត្តម តុ​ប សុ​ភ័ក ការ​រៀបចំ​ពិធីបុណ្យ​ផ្សេង​ៗ ពិសេស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ នឹង​កាន់តែ​បង្កើន​ឱកាស​អាច​ឲ្យ​កម្ពុជា ទាក់ទាញ​ទេសចរ​បន្ថែម ខណៈ​បច្ចុប្បន្ន សន្ទុះ​អ្នកដំណើរ​ដែល​បាន​ចូល​មក​កម្ពុជា ភាគច្រើន​មក​ពី​តំបន់​អាស៊ាន ដូច​ជា ថៃ វៀតណាម និង​ឥណ្ឌូ​នេ​ស៊ី ជាដើម បន្ទាប់​ពី​នេះ ក៏​មាន​ទេសចរ​មួយ​ចំនួន​ទៀត មក​ពី​ប្រទេស​ចិន កូរ៉េ ជប៉ុន និង​តំបន់​អឺរ៉ុប​ផង​ដែរ​។ 

ការ​បង្ហាញ​នូវ​សញ្ញាណ​វិជ្ជមាន​នៃ​វិស័យ​ទេសចរណ៍​នេះ មិនមែន​ពឹងផ្អែក​តែ​កំណើន​នៃ​ទេសចរ​អន្តរជាតិ​នោះ​ទេ ខណៈ​ទេសចរ​ផ្ទៃក្នុង​ក៏​មាន​កំណើន​ខ្លាំង​ណាស់​ដែរ នៅ​រយៈពេល​ត្រីមាស​ទី​១ ក្នុង​ឆ្នាំ​២០២២​នេះ​។ 

លោក ឌិន សុមេធា​រិ​ទ្ធ ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា បាន​កត់សម្គាល់​ឃើញ​ថា វិស័យ​សណ្ឋាគារ និង​ផ្ទះសំណាក់ ហាក់​មិន​ទាន់​មានការ​ប្រែប្រួល​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ​។ ក៏​ប៉ុន្តែ អ្នកជំនាញ​រូប​នេះ បាន​កត់សម្គាល់​ឃើញ​ថា ចាប់ពី​ដើម ឆ្នាំ​២០២២​មក វិស័យ​សណ្ឋាគារ និង​ផ្ទះសំណាក់ មានការ​កើនឡើង​ប្រមាណ​ពី​១០% ទៅ​២០% បើ​ប្រៀប​នឹង​រយៈពេល​ដូច​គ្នា នៅ​ឆ្នាំ​២០២១ ដោយ​លោក​បញ្ជាក់​ទៀត​ថា ដើម្បី​ឲ្យ​វិស័យ​នេះ​វិល​ទៅ​រក​សភាព​ធម្មតា​វិញ​បាន ទាល់តែ​វិស័យ​នេះ​មាន​កំណើន​ចាប់ពី​៥០% ឡើង​ទៅ​។ ក៏​ប៉ុន្តែ បើ​ទោះជា​បែប​នេះ​ក្ដី ប្រធាន​សមាគម​សណ្ឋាគារ​រូប​នេះ បាន​បង្ហាញ​នូវ​ក្ដី​រំពឹង​ខ្ពស់​ដែរ​ថា វិស័យ​នេះ​នឹង​កាន់តែ​ប្រសើរ​ឡើង ដោយសារ​សម្ទុះ​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​ចូល​មក​កម្ពុជា ពិសេស​រាជរដ្ឋាភិបាល អនុញ្ញាត​ឲ្យ​រៀបចំ​ពិធី​បុណ្យចូលឆ្នាំ​ឡើង​វិញ ផង​ដែរ​។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​ស្ថានភាព​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ប្រទេស​កម្ពុជា បាន​ថមថយ និង​បើក​សង្គម​-​សេដ្ឋកិច្ច ឡើង​វិញ សន្ទុះ​នៃ​អ្នកដំណើរ​បរទេស​ចូល​មក​កម្ពុជា មានការ​ស្ទុះ​ងើបឡើង​វិញ​ផង​ដែរ​។ ជាក់ស្ដែង គិត​ត្រឹម​ត្រីមាស​ទី​១ ក្នុង​ឆ្នាំ​២០២២ កម្ពុជា ទទួល​បាន​ទេសចរ​បរទេស​ជាង​១៥​ម៉ឺន​នាក់ ដែល​មានការ​កើនឡើង​រហូត​១១៤% បើ​ប្រៀបធៀប​នឹង​ត្រីមាស​ទី​១ នៅ​ឆ្នាំ​២០២១​។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជាមួយអេស៊ីលីដាម៉ូបាល ការផ្ញើប្រាក់ជូនមនុស្សជាទីស្រឡាញ់គឺងាយស្រួលបំផុត! ផ្ញើបានគ្រប់ពេលវេលា គ្រប់ទីកន្លែង!

ព័ត៌មាន
ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរជិតមកដល់ហើយ តើលោកអ្នកបានផ្ញើប្រាក់ជូនដល់មនុស្សជាទីស្រឡាញ់ហើយឬនៅ? ជាមួយនឹងការប្រើប្រាស់អេស៊ីលីដាម៉ូបាល អតិថ…

ការនាំចេញផលិតផលកសិកម្មកើនជាង១០% នៅត្រីមាសដំបូងឆ្នាំនេះ ប៉ុន្ដែកំពុងប្រឈមនឹងបញ្ហាច្រើន

ព័ត៌មាន
នៅត្រីមាសដំបូង ឆ្នាំ២០២២នេះ កម្ពុជា ទទួលបានចំណូលសរុបជាង ១លាន២សែនដុល្លារ ពីការនាំចេញផលិតផលកសិកម្មជាង ៣លានតោន ទៅកាន់ទីផ្សារអន្តរជាតិ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ