ថ្លែងនាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីន នៅកម្ពុជា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានឈានដល់ការប្រកាសខេត្ត-រាជធានីចំនួន៥ គ្មានមីន រួមមាន៖ ខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ និងព្រះសីហនុ។ សម្ដេចបន្តថា កម្ពុជាមានពេលប្រមាណ ៣ឆ្នាំទៀត ដើម្បីបន្តការបោសសម្អាតមីន សំដៅឈានដល់ការសម្រេចបានគោលដៅចុងក្រោយ គឺកម្ពុជាមិនមានមីនប្រឆាំងមនុស្សចាប់ពីឆ្នាំ២០២៥ ជាមួយនឹងការគំរាមដោយសំណល់ជាតិផ្ទុះនឹងត្រូវបានកាត់បន្ថយដល់កម្រិតអប្បរមា។
យ៉ាងណាក៏ដោយ ដើម្បីសម្រេចនូវផែនការនេះ សម្ដេចតេជោ ហ៊ុន សែន នៅតែអំពាវនាវដល់សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេសឲ្យបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពបោសសម្អាតមីនបន្តទៀត។ បើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ថវិកាដែលសប្បុរសជនចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា មានចំនួនសរុបជាង ១៨លានដុល្លារអាមេរិក ខណៈកម្ពុជាបានប្រើប្រាស់ថវិកាអស់ប្រមាណជាង១០លានដុល្លារហើយ ក្នុងសកម្មភាពបោសសម្អាតមីន នៅកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកសកម្មភាពសម្អាតមីនជាផ្នែកមួយដ៏សំខាន់ ព្រមទាំងបានសម្រេចដាក់បញ្ចូលសកម្មភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះចូលជាគោលដៅទី៩ នៃគោលដៅអភិវឌ្ឍន៍- សហសវត្សរ៍ និងដាក់ចូលជាគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ «កម្ពុជា គឺជាប្រទេសដែលគ្មានមីន ហើយការគំរាមដោយសារសំណល់ជាតិផ្ទុះ ត្រូវបានកាត់បន្ថយឱ្យនៅកម្រិតអប្បបរមា និងមានការអភិវឌ្ឍសេដ្ឋ-កិច្ចសង្គម និងធនធានមនុស្សប្រព្រឹត្តទៅដោយសុវត្ថិភាព»។
យ៉ាងណាមិញ ដើម្បីឈានដល់សម្រេចនូវគោលដៅឆ្នាំ២០២៥ សម្ដេច ហ៊ុន សែន បានផ្ដល់នូវទស្សនៈមួយចំនួន រួមមាន៖ បន្តកិច្ចសហប្រតិបត្តិការគាំទ្ររបស់ដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត វិស័យឯកជន និងសប្បុរសជន ទាំងផ្នែក បច្ចេកទេស ថវិកា និងសម្ភារៈ ក្នុងបេសកកម្មបោសសម្អាតមីននៅកម្ពុជា។ សូមបញ្ជាក់ថា ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ រាជរដ្ឋាភិបាល បានផ្ដល់ថវិកាជាង២០០លានដុល្លារអាមេរិក សម្រាប់ចូលរួមក្នុងការងារសកម្មភាពមីននៅកម្ពុជា ព្រមទាំងទ្រទ្រង់ដល់ដំណើរការស្ថាប័ន និងការត្រួតពិនិត្យតាមដានការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ៕