នៅក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៧ នៃរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានមានប្រសាសន៍ថា សម្ដេចនឹងត្រូវចាកចេញពីរដ្ឋសភានៅត្រឹមថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។ នេះជាការបង្ហាញវត្តមានចុងក្រោយរបស់សម្តេចតេជោក្នុងនាមជាសមាជិករដ្ឋសភា មុនពេលសម្តេចផ្លាស់ប្តូរតួនាទីឡើងទៅកាន់តំណែងជាប្រធានព្រឹទ្ធសភាជំនួសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលស្នើសុំចូលនិវត្តន៍។ តែយ៉ាងណាបើតាមការអះអាងរបស់សម្ដេច ហ៊ុន សែន សម្ដេចអាចនឹងជួបជាមួយថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភាម្ដងទៀតនៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា។
គួរកត់សម្គាល់ថា ការប្រកាសលាសមាជិកសមាជិការដ្ឋសភារបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្រោយសម្ដេចជាប់ឆ្នោតនៅព្រឹទ្ធសភាសម្រាប់នីតិកាលទី៥នេះ ហើយសម្តេចនឹងក្លាយជាប្រធានព្រឹទ្ធសភា ជំនួសសម្ដេចវិបុលសេនាភក្តី សាយ ឈុំ។ តាមការគ្រោងទុក កិច្ចប្រជុំលើកដំបូងរបស់ព្រឹទ្ធសភានីតិកាលទី៥ គ្រោងរៀបចំឡើងនៅព្រឹកថ្ងៃទី៣ ខែមេសា នេះ ក្រោមព្រះរាជាធិបតីភាពរបស់ ព្រះមហាក្សត្រកម្ពុជា៕
អត្ថបទ៖បូ ដូឡា