នាពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ក្រោមមូលបទ«ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៖ ដំណើរឆ្ពោះទៅអនាគត» ដែលកម្ពុជាធ្វើជាប្រធាន នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសង្កត់ធ្ងន់ថា គ្រប់គ្នាពិតជាមានសិទ្ធិនៅក្នុងការទាញប្រយោជន៍ពីវឌ្ឍនភាពនៃបច្ចេកវិទ្យា ប៉ុន្តែទន្ទឹមនេះអាស៊ានក៏ត្រូវមានការទទួលខុសត្រូវក្នុងការធានាតុល្យភាព និងធានានូវអត្ថប្រយោជន៍ ដែលបច្ចេកវិទ្យាអាចបម្រើដល់មនុស្សជាតិផងដែរ។
សម្រាប់សម្តេចធិបតី ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) មានស្ទើរតែគ្រប់ទីកន្លែងនៅក្នុងជីវិតប្រចាំថ្ងៃ តួយ៉ាងដូចជាកិច្ចការសាមញ្ញៗនៅក្នុងការស្វែងរកព័ត៌មាននៅលើទូរស័ព្ទឆ្លាតវៃជាដើម។ ប៉ុន្តែទន្ទឹមនឹងការផ្ដល់នូវកាលានុវត្តភាពជាច្រើន បញ្ញាសិប្បនិម្មិតក៏នាំមកនូវបញ្ហាប្រឈមផងដែរ ដូចជាបញ្ហាក្រមសីលធម៌, បរិយាបន្ន, តម្លាភាព, កង្វល់អំពីឯកជនភាពនៃទិន្នន័យ និងតម្រូវការនៃការបណ្ដុះបណ្តាលជំនាញឡើងវិញជាដើម ដែលគ្រប់គ្នាត្រូវបោះជំហ៊ានទៅមុខដោយការប្រុងប្រយ័ត្នខ្ពស់។
សម្តេចធិបតី បានអះអាងដែរថា ការចាប់យក និងប្រើប្រាស់បញ្ញាសិប្បនិម្មិត គឺត្រូវមានដែនកំណត់មួយដែលគិតគូរពីសីលធម៌ និងតម្លៃសង្គម ដ្បិតថា សាធារណជនទូទៅបានសម្ដែងការភ័យខ្លាច និងការព្រួយបារម្ភរួចទៅហើយថា សិទ្ធិ និងឯកជនភាពរបស់ពួកគេ អាចនឹងត្រូវបានរំលោភបំពានដោយសមត្ថភាពដ៏ខ្លាំងសម្បើមនៃកម្មវិធីដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត។ ហើយប្រសិនបើគ្មានការអប់រំ និងជំនាញជាមូលដ្ឋាន និងការចូលរួមទេនោះ ប្រាកដណាស់វានឹងមានការលំបាកសម្រាប់អ្នកប្រើប្រាស់ជាទូទៅនៅក្នុងការបែងចែករវាងព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត ឬការបែងចែករវាងរូបភាពសិប្បនិម្មិត និងរូបភាពដើម ដែលពេលខ្លះការវិវត្តបែបនេះបែរជាបង្កឱ្យមានការខាតបង់យ៉ាងច្រើនដល់សង្គម និងរដ្ឋាភិបាលទៅវិញ។
ម្យ៉ាងទៀត ការបំប្លែងរូបភាពដើមតាមរយៈបច្ចេកវិទ្យាទាំងនេះ អាចយារយីដល់សតិអារម្មណ៍សង្គម និងសាធារណៈមតិ ហើយក៏អាចបង្កឱ្យមានការបែងចែកវណ្ណៈនៅក្នុងសង្គម, ភាពច្របូកច្របល់ និងអស្ថិរភាព ដែលអាចប៉ះពាល់ដល់ភាពសុខដុមរបស់សង្គម ក៏ដូចជាសន្តិភាពដែលបានមកដោយលំបាក។ ទន្ទឹមនេះ សាធារណជន ក៏បានសម្តែងនូវក្ដីបារម្ភអំពីការបាត់បង់ការងារនាពេលអនាគត និងបញ្ហាប្រឈមផ្សេងៗទៀតដោយសារការរវិវត្តនេះផងដែរ។
ជាក់ស្តែងបើតាមការបញ្ជាក់របស់ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានឱ្យដឹងថា ការវិវត្តនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI មានការងារប្រមាណ១,២ពាន់លានការងារ ដែលនឹងរងផលប៉ះពាល់ ដែលក្នុងនោះប៉ះពាល់ដល់ប្រាក់ឈ្នួលប្រមាណ១៤,៦ទ្រីលានដុល្លារ និងប៉ះពាល់សេដ្ឋកិច្ចពិភពលោកប្រមាណ៥០%ផងដែរ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ