តបតាមការអញ្ជើញរបស់លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីពេលកន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងទៅបំពេញទស្សនកិច្ចនៅប្រទេសថៃនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបានបន្ថែមថា នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ សម្តេចធិបតី នឹងជួបពិភាក្សាការងារជាមួយលោក សេដ្ឋា ថាវីស៊ីន លើកិច្ច សហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
បញ្ហាតំបន់រ៉ែប្រេងត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ ត្រូវបានគេរំពឹងថា ក៏នឹងក្លាយជាប្រធានបទសំខាន់មួយនៃជំនួបពិភាក្សាគ្នារវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរផងដែរ ដ្បិតបញ្ហានេះនៅមានភាពប្រទាញប្រទង់គ្នាមិនទាន់អាចរកច្រកចេញបាននៅឡើយទេ។
ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការ ទ្វេភាគីមួយចំនួន។ លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងចូលរួមថ្លែងសុន្ទរកថាបើកវេទិកាធុរកិច្ចកម្ពុជា-ថៃ ផងដែរ។
បើតាមការគូសបញ្ជាក់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ទៅកាន់ប្រទេសថៃនាពេលខាងមុខ វានឹងជួយពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕