នាពិធីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា បារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយរបស់កម្ពុជាក្នុងចំណោមប្រទេសនៅសហគមអឺរ៉ុប។ តួយ៉ាងទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងជាលំដាប់ ដោយបានកើនដល់ជាង៥០០លានដុល្លារនៅឆ្នាំ២០២៣កន្លងទៅ និងប្រមាណជាង២០០លានដុល្លារនៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ។ សម្តេចធិបតី បានចាត់ទុកការវិនិយោគរបស់បារាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយបង្កើតការងារ ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រីជឿជាក់ថា តាមរយៈទស្សនវិស័យសេដ្ឋកិច្ចដ៏អស្ចារ្យរបស់កម្ពុជា ធុរជនបារាំងនឹងមើលឃើញពីកាលានុវត្តភាពដ៏ធំទូលាយក្នុងទិដ្ឋភាពធុរកិច្ច និងការវិនិយោគរបស់កម្ពុជា។ ទន្ទឹមនេះ សម្តេច ស្នើឱ្យវិនិយោគិនបារាំងមកសិក្សាពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ក៏ដូចជាស្វែងរកកាលានុវត្តភាពដ៏សម្បូរបែប និងសម្រេចចិត្តជាយុទ្ធសាស្ត្រ ដើម្បីទាញយកប្រយោជន៍ពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។ បើតាមសម្ដេចធិបតី កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ និងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់វិនិយោគិនទាំងអស់ ពិសេសវិនិយោគិនបារាំងដែលមានបំណងចង់បណ្ដាក់ទុននៅកម្ពុជាដោយផ្ទាល់ ឬចាប់ដៃគូជាមួយវិនិយោគក្នុងស្រុក។ សម្ដេចធិបតី មានសុទិដ្ឋិនិយមខ្ពស់ និងជឿជាក់ថា បន្ទាប់ពីវេទិកាធុរកិច្ចកម្ពុជា-បារាំង កម្ពុជានឹងទទួលបានទំហំវិនិយោគ និងធុរកិច្ចបារាំងបន្ថែមទៀត ដែលអាចបំបែងកំណត់ត្រាឆ្នាំមុនៗផងដែរ។
ជាមួយគ្នានេះសម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមយ៉ាងមុតមាំថា កម្ពុជា-បារាំងនឹងបន្តរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងនេះ ដើម្បីជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅក្នុងចំណោមសហគមន៍ធុរៈកិច្ចនៃប្រទេសទាំងពីរ ក៏ដូចជាបង្កើតកាលានុវត្តភាពដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកសម្រាប់អ្នកជំនាន់ក្រោយៗទៀតផងដែរ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ