តាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន Samsung ដែលបានដាក់ប្តឹងទៅតុលាការនៅក្នុងរដ្ឋមួយ នៃប្រទេសឥណ្ឌា នៅថ្ងៃទី១២ ខែកញ្ញា ក្រុមហ៊ុននេះ ស្នើឱ្យតុលាការចេញដីកាបង្គាប់ជាបណ្ដោះអាសន្ន ដើម្បីរារាំងសហជីព និងសមាជិករបស់ពួកគេកុំឱ្យធ្វើអំពើញុះញង់ សរសេរពាក្យស្លោកមិនសមរម្យ និងធ្វើសុន្ទរកថាទាំងក្នុង និងជុំវិញរោងចក្ររបស់ខ្លួន។
ក្រុមមេធាវីបានប្រមូលផ្តុំគ្នានៅក្នុងតុលាការមួយនៅក្នុងស្រុកកាន់ឈីពូរ៉ាម នៅជិតទីក្រុងឆេនណៃ របស់រដ្ឋតាមិលណាឌូ ជាទីដែលសំណុំរឿងមួយចំនួនត្រូវបានគេរំពឹងថា បានបើកជំនុំជម្រះកាលពីថ្ងៃព្រហស្បតិ៍។
កម្មករក្រុមហ៊ុន Samsung រាប់រយនាក់បានធ្វើកូដកម្ម និងបោះតង់ធ្វើការតវ៉ា ចាប់តាំងពីថ្ងៃទី៩ ខែកញ្ញា ដើម្បីទាមទារសុំដំឡើងប្រាក់ឈ្នួល និងការទទួលស្គាល់សហជីពនៅរោងចក្រនេះ ដែលបានរួមចំណែកប្រហែលមួយភាគបី នៃប្រាក់ចំណូលប្រចាំឆ្នាំចំនួន១២ពាន់លានដុល្លាររបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសឥណ្ឌា។
ពាក្យបណ្ដឹងដែលមានកម្រាស់១៤ទំព័ររបស់ក្រុមហ៊ុន Samsung បានសរសេរថា សកម្មភាពរបស់សហជីពនេះ អាចរំខានដល់ប្រតិបត្តិការរបស់រោងចក្រ និងរារាំងបុគ្គលិកដែលមានឆន្ទៈចង់ធ្វើការ ហើយថា សកម្មភាពបែបនេះទំនងជានឹងកើនឡើង ដែលអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការរបស់រោងចក្រ និងសុវត្ថិភាពរបស់កម្មករនិយោជិតរបស់ខ្លួន៕
អត្ថបទ៖ សុខ មង្គល