មេរោគកូវីដ១៩បំប្លែងខ្លួនថ្មី XBB1.5

មេរោគកូវីដ១៩បំប្លែងខ្លួនថ្មី XBB1.5 កំពុងរាលដាខ្លាំងនៅអាមេរិក និងអឺរ៉ុប ខណៈវៀតណាមទើបរកឃើញករណីដំបូង


មេរោគកូវីដ១៩បំប្លែងខ្លួនថ្មីមួយ ដែលឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងសហរដ្ឋអាមេរិក និងផ្នែកខ្លះនៃទ្វីបអឺរ៉ុប កំពុងនាំឱ្យមានដាក់ការព្រួយបារម្ភអំពីការកើនឡើងនៃករណីឆ្លងទៅទូទាំងពិភពលោក ដោយសារតែឥទ្ធិពលចម្លងលឿនរបស់វា ប៉ុន្តែអ្នកជំនាញវេជ្ជសាស្ត្របាននិយាយថា មេរោគនេះ មានការឆ្លងខ្លាំងមែន តែហាក់មិនសូវធ្វើឱ្យមនុស្សធ្លាក់ខ្លួនឈឺខ្លាំងនោះទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានសឹង្ហបុរី Channel New Asia។
តើអ្វីទៅជាមេរោគកូវីដបំប្លែងខ្លួនថ្មី XBB1.5?

មន្ត្រីអង្គការសុខភាពពិភពលោក (WHO) ធ្លាប់បាននិយាយកាលពីសប្តាហ៍មុនថា មេរោគបំប្លែខ្លួនថ្មីនៃប្រភេទ Omicron ចុងក្រោយបង្អស់ដែលមានឈ្មោះថា XBB1.5 គឺជា ប្រភេទបំប្លែងខ្លួនដែលចម្លងបានលឿនបំផុត បើធៀបនឹងប្រភេទផ្សេងទៀតដែលធ្លាប់បានរកឃើញកន្លងមក។

បើតាមវេជ្ជបណ្ឌិតលោកស្រី ម៉ារៀ វ៉ាន់ ឃឺកហូវ(Maria Van Kerkhove) ដែលជាអ្នកដឹកនាំក្រុមបច្ចេកទេសវេជ្ជសាស្ត្ររបស់ WHO បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ មិនមានការបង្ហាញណាមួយ ថាវាបង្កភាពធ្ងន់ធ្ងរជាងមេរោគ Omicron ជំនាន់មុនៗនោះដែរ។

អ្នកជំនាញផ្សេងទៀតបាននិយាយថា អ្នកវិទ្យាសាស្ត្រកំពុងបន្តប្រមូលទិន្នន័យ និងវិភាគលើកូវីដប្រភេទ XBB1.5 នេះប៉ុន្តែការព្រួយបារម្ភធំនោះគឺលុះត្រាតែមេរោគនេះមានការវិវត្តខ្លួនបន្តទៀត ដែលនាំឱ្យមានការរីករាលដាល និងធ្ងន់ធ្ងរជាងនេះ។

គួរជម្រាបដែរថា បើយោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកបាននិយាយថា ចំនួននៃការឆ្លងនៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងទ្វេដងរៀងរាល់ពីរសប្តាហ៍ម្តង ហើយមេរោគបំប្លែងខ្លួនថ្មី XBB1.5 តំណាងឱ្យភាគច្រើននៃករណីឆ្លង។

ទោះជាយ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោកបានបញ្ជាក់ឱ្យដឹងថា កូវីដប្រភេទថ្មីនេះត្រូវបានគេរកឃើញនៅក្នុងប្រទេសយ៉ាងហោចណាស់ចំនួន ២៩ប៉ុណ្ណោះគិតមកទល់ពេលនេះ ហើយបានព្រមានឱ្យមាការប្រុងប្រយ័ត្នខ្ពស់បំផុតដោយសារតែការឆ្លងដ៏លឿនរបស់វា។

តើហេតុអ្វីបានជា XBB1.5 អាចចម្លងបានលឿន?

មែនទែនទៅកូវីដបំប្លែងខ្លួនថ្មី XBB1.5 មានការឆ្លងកាន់តែច្រើន ដោយសារតែការវិវត្តផ្លាស់ប្តូរពី DNA នៃមេរោគមេរបស់វាគឺ Omicron ដែលអនុញ្ញាតឱ្យមេរោគនេះអាចជាប់នឹងកោសិកាមនុស្ស និងចម្លងបានយ៉ាងងាយស្រួល។ អង្គការសុខភាពពិភពលោកមិនទាន់មានទិន្នន័យជាក់លាក់ណាមួយ នៅឡើយទេអំពីភាពធ្ងន់ធ្ងរនៃ XBB1.5 នេះ។ អ្នកជំនាញមេរោគកូវីដជឿថា រោគសញ្ញានៃការឆ្លងគឺស្រដៀងទៅនឹងប្រភេទ Omicron ផ្សេងទៀតផងដែរ។

តើមនុស្សប្រភេទណាខ្លះ ដែលអាចមានហានិភ័យខ្ពស់នៃការឆ្លង XBB1.5?

បើតាមសាស្ត្រាចារ្យជំនាញខាងមេរោគឆ្លងលោក រ៉ាវីនដ្រា ហ្គូបតា (Ravindra Gupta) មកពីសាកលវិទ្យាល័យ Cambridge បាននិយាយថា ខណៈពេលដែលប្រជាជនភាគច្រើនមិនចាំបាច់ព្រួយបារម្ភពីមេរោគបំប្លែងខ្លួនចុងក្រោយនេះ ប៉ុន្តែការកើនឡើងនៃករណីឆ្លងគួរតែមានការព្រួយបារម្ភចំពោះក្រុមអ្នកដែលងាយរងគ្រោះ ដោយរាប់បញ្ចូលទាំងមនុស្សចាស់ អ្នកដែលមានជំងឺប្រចាំកាយ និងអ្នកដែលមិនបាន ឬមិនអាច ទទួលបានថ្នាំបង្ការជាដើម។

ជាក់ស្តែង ទីក្រុងហូជីមិញ នៃប្រទេសវៀតណាមកាលពីនៅថ្ងៃពុធសប្តាហ៍មុនបានប្រកាសរកឃើញមេរោគបំប្លែងថ្មីប្រភេទនេះជាលើកដំបូង ក្នុងចំណោមអ្នកជំងឺកូវីដ១៩ចំនួន ៥២៦នាក់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន VN express។

តើវ៉ាក់សាំងបច្ចុប្បន្នអាចការពារតតាំងជាមួយមេរោគបំប្លែងខ្លួនថ្មីនេះដែរទេ?

សាស្រ្តាចារ្យជំនាញខាងមេរោគឆ្លងលោក Gupta ជឿជាក់ថា ការចាក់វ៉ាក់សាំងដែលគេកំពុងមានបច្ចុប្បន្ន នៅតែបន្តជាវិធានការគន្លឹះក្នុងការការពារប្រឆាំងនឹងមេរោគចុងក្រោយនេះ។

តើ XBB1.5 ដែលបែកចេញពី Omicron អាចក្លាយវិវត្តខ្លួនទៅជាមេរោគបំប្លែងខ្លួនមេ ដាច់ដោយឡែកមួយទៀតទេ?

XBB1.5 ដែលត្រូវបានគេរំពឹងថានឹងរីករាលដាលពាសពេញពិភពលោក អាចមានឱកាសសម្រាប់ការវិវត្តខ្លួនជាមេរោគមេថ្មីមួយទៀត។ ក្នុងន័យនេះ ដរាបណាមានការឆ្លងរាលដាលកាន់តែច្រើន និងអូសបន្លាយពេលកាន់តែយូរ នោះលទ្ធភាពនៃការបំប្លែង និងវិវត្តខ្លួនរបស់មេរោគ នឹងនៅតែមាន៕




អត្ថបទបន្ទាប់


ឱកាស និងបញ្ហាប្រឈមរបស់វិស័យកសិកម្មកម្ពុជាក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣

ព័ត៌មាន
វិស័យកសិកម្មត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យសំខាន់ៗ ដទៃទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈវិស័យនេះកាន់តែបង្ហា…

ក្រសួងឧស្សាហកម្ម និងក្រសួងសេដ្ឋកិច្ចកំពុងធ្វើការរួមគ្នា ដើម្បីជំរុញការផលិតអំបិល ដែលកំពុងធ្លាក់ចុះ

ព័ត៌មាន
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងធ្វើការរួមគ្នា ដើម្បីជំរុញកំណើនផលិតអំបិលនៅក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ