ក្រុមហ៊ុនសាំស៊ុង បាននិយាយនៅក្នុងព្រឹត្តិការណ៍តាំងបង្ហាញផលិតផលទំនើបៗរបស់ខ្លួននៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃពុធ ថា ចិញ្ចៀន Galaxy Ring ដែលជាផលិតផលថ្មីបំផុតរបស់ខ្លួននេះ មានទម្ងន់ស្រាលបំពាក់ដោយឧបករណ៍ចាប់សញ្ញា ដែលត្រូវបានរចនាឡើងសម្រាប់តាមដានសុខភាព២៤ម៉ោងក្នុង១ថ្ងៃ។ បើតាយមការអះអាងរបស់ក្រុមហ៊ុន Samsung ចិញ្ចៀនហ្កាឡាក់ស៊ីនេះ បានបន្ថែមមុខងារថ្មីរបស់វា ដែលអាចតាមដានសុខភាពរបស់អ្នកពាក់ ដោយភ្ជាប់ជាមួយទូរសព្ទស្មាតហ្វូន ឬនាឡិកាឆ្លាតវៃរបស់ខ្លួន។
ការខិតខុះប្រឹងប្រែងរបស់ក្រុមហ៊ុន Samsung ក្នុងការអភិវឌ្ឍផលិតផលថ្មីនេះ បានធ្វើឡើងស្របពេលដែលការលក់ទូរសព្ទស្មាតហ្វូនរបស់ខ្លួនកំពុងងើបឡើងវិញ។ ក្រុមអ្នកផលិតឧបករណ៍នេះកំពុងស្វែងរកផលិតផលថ្មីៗទៀត ដើម្បីដាក់លក់។
លោក ផៅឡូ ផេស្កាតូរ៉េ (Paolo Pescatore) ស្ថាបនិកក្រុមហ៊ុន PP Foresight បានប្រាប់សារព័ត៌មាន CNBC ថា ផលិតផលថ្មីរបស់ក្រុមហ៊ុន សាំស៊ុង នេះនឹងក្លាយជាតារានៅក្នុងកម្មវិធីតាំងបង្ហាញផលិតផលនេះដោយសារអ្នកទស្សនាទាំងអស់បានចោលភ្នែកទៅលើឧបករណ៍ថ្មីរបស់ក្រុមហ៊ុន Samsung មួយនេះ។ ចិញ្ចៀនហ្កាឡាក់ស៊ីរបស់ក្រុមហ៊ុននេះនឹងដាក់លក់នៅថ្ងៃទី២៤ ខែកក្កដា ជាមួយនឹងតម្លៃលក់ចាប់ផ្ដើមពីជិត៤០០ដុល្លារ ក្នុងមួយវង់ឡើងទៅ៕
អត្ថបទ៖ សុខ មង្គល