សារព័ត៌មាន South China Morning Post បានឲ្យដឹងថា តាមឯកសារដែលផ្ដល់ដោយក្រុមហ៊ុន Samsung បានបញ្ជាក់ថា កិច្ចសន្យាផ្គត់ផ្គង់បណ្ដាញ 5G ដែលក្រុមហ៊ុន Samsung ទទួលបាននេះ គឺត្រូវបានពិនិត្យសម្រេចចុងក្រោយនៅថ្ងៃទី សុក្រ ទី៤ ខែកញ្ញា និងមានសុពលភាពចាប់ពីថ្ងៃទី ៣០ ខែមិថុនា រហូតដល់ខែធ្នូឆ្នាំ២០២៥។
កិច្ចសន្យាជាមួយក្រុមហ៊ុន Verizon នេះ គឺជាកិច្ចសន្យាមួយ ក្នុងចំណោមកិច្ចសន្យា 5G ដ៏ធំបំផុតរបស់ក្រុមហ៊ុន Samsung តាំងតែពីក្រុមហ៊ុននេះ បានសម្រេចចិត្តវិនិយោគក្នុងការអភិវឌ្ឍបណ្ដាញបច្ចេកវិទ្យា និងប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនធំៗក្នុងសកលលោកផ្សេងៗដូចជា Nokia និង Ericsson ក្នុងការផ្ដល់ឧបករណ៍ទូរគមនាគមន៍។
កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Verizon អាចនឹងបង្កើនចំណែកទីផ្សារនៅក្នុងបណ្ដាញបច្ចេកវិទ្យា Wireless សកលលោក ស្របពេលដែលក្រុមហ៊ុននាំមុខខាងឧស្សាហកម្មបច្ចេកវិទ្យា គឺ Huawei កំពុងជួបបញ្ហាក្នុងការដោះស្រាយជាមួយនឹងការដាក់ទណ្ឌកម្មពាណិជ្ជកម្មពីសំណាក់រដ្ឋាភិបាលអាមេរិក ហើយរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក៏កំពុងខិតខំ ប្រឹងប្រែងធ្វើយ៉ាងណាឲ្យសម្ព័ន្ធមិត្តរបស់ខ្លួននៅជុំវិញពិភពលោក មិនត្រូវប្រើប្រាស់បណ្ដាញបច្ចេកវិទ្យារបស់ក្រុមហ៊ុនចិនមួយនេះទេ ខណៈដែលក្រុមហ៊ុនចិន Huaweiនេះ គឺជាក្រុមហ៊ុនទូរគមនាគមន៍ធំបំផុតមួយនៅក្នុងពិភពលោក។
ក្រុមហ៊ុន Samsung បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា“ជាមួយនឹងកិច្ចសន្យាយុទ្ធសាស្ត្ររយៈពេលវែងចុងក្រោយនេះ យើងនឹងបន្តជំរុញព្រំដែននៃការច្នៃប្រឌិត 5G ដើម្បីបង្កើនបទពិសោធន៍ទូរស័ព្ទចល័តសម្រាប់អតិថិជនរបស់ក្រុមហ៊ុន Verizon” ។
Samsung គឺជាក្រុមហ៊ុនផលិតបន្ទះអង្គចងចាំ (Memory Chip) និងផលិតផលអេឡិចត្រូនិកដ៏ធំបំផុតមួយរបស់ពិភពលោក ហើយក្រុមហ៊ុននេះ បានខិតខំជំរុញយ៉ាងខ្លាំងក្នុងការពង្រីកទីផ្សារសម្ភារបណ្ដាញ 5G និងការវិនិយោគនៅក្នុងបណ្ដាញ 6G នាពេលអនាគតផងដែរ៕