បញ្ហាកាន់តែតានតឹងនៅព្រំដែនរុស្សីបេឡារុសនិងអ៊ុយក្រែន

ផ្កាយរណបអាមេរិកថតបានសកម្មភាពទ័ពរុស្សីចល័តទៅបេឡារុសជាប់ព្រំដែនអ៊ុយក្រែន


រូបភាពពីផ្កាយរណបដោយក្រុមហ៊ុនឯកជនរបស់សហរដ្ឋអាមេរិកមួយ ចេញផ្សាយកាលពីថ្ងៃអាទិត្យទី០៦កុម្ភៈ បានបង្ហាញឲ្យឃើញពីសកម្មភាពចល័តកងទ័ពរបស់រុស្សីចូលមកក្នុងប្រទេសបេឡារុស តាមបណ្តោយព្រំដែនជាមួយអ៊ុយក្រែន ស្របពេលការសន្និដ្ឋានថា រុស្សីកំពុងត្រៀមវាយឈ្លានពានអ៊ុយក្រែន ក៏កំពុងកើតមានឡើងកាន់តែខ្លាំងផងដែរ។ ប៉ុន្តែការចល័តទ័ពមកប្រទេសបេឡារុសនេះ ត្រូវបានរុស្សីប្រកាសថា ជាការត្រៀមធ្វើសមយុទ្ធយោធារួមគ្នាប៉ុណ្ណោះ។
បញ្ហាកាន់តែតានតឹងនៅព្រំដែនរុស្សីបេឡារុសនិងអ៊ុយក្រែន
ដោយ

យ៉ាងណាមិញ ភាគីអង្គការណាតូ បានអះអាងថា រុស្សីពុំធ្លាប់បានចល័តទ័ពក្នុងចំនួនច្រើនបែបនេះ មកប្រទេសបេឡារុសឡើយ ចាប់តាំងពីក្រោយសង្រ្គាមត្រជាក់មក។  នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រូបភាពផ្កាយរណបពីក្រុមហ៊ុនឯកជនមួយនៅសហរដ្ឋអាមេរិកឈ្មោះថា Maxar Technologies បង្ហាញឲ្យឃើញពីការចល័តរបស់កងទ័ពរុស្សីជាច្រើន រួមមានកងមីស៊ីល គ្រាប់រ៉ុកកែតគ្រប់ប្រភេទ និងយន្តហោះចម្បាំងផងដែរ មកកាន់ទីតាំងសំខាន់ៗចំនួន៣ ក្នុងប្រទេសបេឡារុស ក្បែរព្រំដែនអ៊ុយក្រែន។

បើតាមការអះអាងពីអង្គការណាតូ រុស្សីពុំធ្លាប់បានចល័តទ័ពក្នុងទ្រង់ទ្រាយធំបែបនេះមកកាន់ប្រទេសបេឡារុសឡើយចាប់តាំងពីសម័យសង្រ្គាមត្រជាក់បានបិទបញ្ចប់មក ទើបតែស្ថានការតានតឹងខ្លាំងលើកនេះ រុស្ស៊ីបានបង្ហាញសាច់ដុំយោធានៅតាមព្រំដែនខ្លាំងក្លាមែនទែន។ យ៉ាងណាមិញរដ្ឋអំណាចក្រុងម៉ូស្កូ និង បេឡារុស ដែលត្រូវបានគេស្គាល់ថា ជាមិត្ត និងមានទំនោរទៅរកប្រទេសរុស្សីបានអះអាងព្រមៗគ្នាថា សកម្មភាពទាំងនេះ គឺជាការត្រៀមលក្ខណៈធ្វើសមយុទ្ធរួមគ្នារវាងប្រទេសទាំងពីរ ដែលគេអោយឈ្មោះថា Union Resolve 2022។ សមយុទ្ធនេះ នឹងធ្វើឡើងពីថ្ងៃទី១០ដល់ទី២០ខែកុម្ភៈ ក្នុងគោលបំណងហ្វឹកហាត់ដើម្បីទប់ទល់ការវាយប្រហារ នៅព្រំដែនភាគខាងត្បូង។

យ៉ាងណាក៏ដោយចុះ ការដាក់ពង្រាយទ័ពថ្មីៗ និងគម្រោងធ្វើសមយុទ្ធនេះ ធ្វើឡើងជួនចំពេល ដែលកំពុងមានភាពតានតឹងខ្លាំងរវាងរុស្ស៊ី និងលោកខាងលិច ជុំវិញសំណុំរឿងប្រមូលផ្តុំកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់របស់រុស្ស៊ីរហូតដល់រាប់សែននាក់ នៅជិតព្រំដែនជាមួយអ៊ុយក្រែន។ បណ្តាប្រទេសលោកខាងលិចបានបន្ត ចោទប្រកាន់រុស្ស៊ីថា កំពុងរៀបចំផែនការ ឈ្លានពានអ៊ុយក្រែន ខណៈពេលដែលទីក្រុងម៉ូស្គូ នៅតែបដិសេធថា ខ្លួនមិនមានផែនការបែបនេះឡើយ។

សូមជម្រាបថា មន្ត្រីជាន់ខ្ពស់ក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអាទិត្យ បានអះអាងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា បើផ្អែកលើការវាយតម្លៃដោយចារកម្មអាមេរិក ប្រទេសរុស្ស៊ីកំពុងរៀបចំខ្លួនក្នុងការចូលឈ្លានពានទាំងស្រុងនិងពេញទីតែម្ដងលើប្រទេសអ៊ុយក្រែន ប៉ុន្ដែគេមិនទាន់ប្រាកដថា តើទីក្រុងម៉ូស្គូបានសម្រេចចិត្តថានឹងចាត់វិធានការឈ្លានពានបែបណានោះទេ ខណៈដែលបច្ចុប្បន្ន រុស្ស៊ីបានប្រមូលផ្ដុំកងទ័ពជាង១១ម៉ឺននាក់នៅតាមព្រំដែនជាមួយអ៊ុយក្រែនរួចរាល់អស់ហើយ៕

None



អត្ថបទបន្ទាប់


ស្ពានអាកាសចោមចៅនឹងបញ្ចប់ការសាងសង់នៅខែមីនា ខណៈបច្ចុប្បន្នសម្រេចបានជាង៩០%

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានគូសបញ្ជាក់ថា គម្រោងស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលមានតម្លៃប្រមាណ២២លានដុល្លារអាមេរិក នឹងបញ្ចប…

អង់គ្លេស និងកូរ៉េខាងត្បូង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ដែលខូតខាតដោយសារវិបត្តកូវីដ១៩

ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូងនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ផលិតផលសំខាន់ៗដូចជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ