លោក អាលី ប្រាហ៊ីម បានលើកឡើងក្នុងបទសម្ភាសជាមួយសារព័ត៌មាន Nikkei កាលពីថ្ងៃអង្គារ ទី១៦ ខែមករា នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ជាកន្លែងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ថា អារ៉ាប៊ីសាអូឌីតមានទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំជាមួយមហាយក្សចិន ហើយថា ការបន្តពង្រឹងទំនាក់ទំនងបែបនេះជាមួយចិន ក៏ដូចជាដៃគូផ្សេងទៀតរបស់អារ៉ាប៊ីសាអូឌីត គឺជារឿងដ៏ឆ្លាតវៃ។
ការលើកឡើងរបស់លោក អាលីប្រាហ៊ីម បង្ហាញថា អារ៉ាប៊ីសាអូឌីត នឹងបន្តបង្កើនទំនាក់ទំនងនៅជាកណ្ដាលក្នុងសហគមន៍អន្តរជាតិ ដោយជំហរបែបនេះដើរផ្ទុយពីយុទ្ធសាស្ត្រ “បន្ថយហានិភ័យ” ដែលអនុវត្តដោយសហរដ្ឋអាម៉េរិក ជប៉ុន និងសហភាពអឺរ៉ុប។ លោកបានបន្ថែមថា ប្រទេសរបស់លោកមានទំនាក់ទំនងយ៉ាងរឹងមាំជាមួយចិន ទាំងការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី។
រដ្ឋមន្ត្រីសេដ្ឋកិច្ចរូបនេះបានបន្តថា មានឱកាសជាច្រើនសម្រាប់ប្រទេសចិន ក្នុងការបោះទុនវិនិយោគនៅអារ៉ាប៊ីសាអូឌីត ហើយក្នុងពេលជាមួយគ្នានេះ អារ៉ាប៊ីសាអូឌីត ក៏កំពុងផ្ដោតលើអាទិភាពលើការបោះទុនវិនិយោគនៅជុំវិញពិភពលោក រួមទាំងប្រទេសចិន ផងដែរ។
ប្រទេសអារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ និងអេមីរ៉ាតអារ៉ាប់រួម ត្រូវបានជ្រើសរើសជាមាជិកថ្មីរបស់ប្លុកប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំងហៅកាត់ថា BRICS ដែលមានសមាជិកស្ថាបនិកចំនួន៥ រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា មហាយក្សចិន និងអាហ្វ្រិកខាងត្បូង។ ក្រុមអ្នកសង្កេតការណ៍កត់សម្គាល់ថា ការងាកទៅរកប្រទេសចិន និងរុស្ស៊ី ដោយឥតលាក់លៀមបែបនេះវាអាចប្រឈមហានិភ័យធ្វើឱ្យចុះខ្សោយនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីរបស់ទីក្រុងរីយ៉ាដ ជាមួយសហរដ្ឋអាម៉េរិក។
ទោះជាយ៉ាងណា ក្រុមមេដឹកនាំអារ៉ាប៊ីសាអូឌីត នៅតែបន្តផ្តល់តម្លៃដល់កិច្ចសហការជាមួយសហរដ្ឋអាម៉េរិក និងបណ្ដាសម្ព័ន្ធមិត្ត។ លោក អាលីប្រាហ៊ីម បានបញ្ជាក់ថា ជំនួសឱ្យការចងសម្ព័ន្ធភាពពេញលេញជាមួយតំបន់ភូមិសាស្រ្តនយោបាយជាក់លាក់ណាមួយ អារ៉ាប៊ីសាអូឌីត តែងតែចង់ដើរតួនាទីជាអ្នកឈានមុខគេផ្នែកគំនិត ជាតួនាទីដែលនាំមកនូវការផ្លាស់ប្ដូរដ៏ធំនៅលើឆាកអន្តរជាតិ៕
អត្ថបទ៖ សុខ ជា