ការព្យាករនេះគឺស្របគ្នានឹងការព្យាកររបស់ក្រសួងហិរញ្ញវត្ថុនៃប្រទេសអារ៉ាប៊ីសាអូឌីត ខណៈទីភ្នាក់ងារវាយតម្លៃកម្រិតគុណភាពឥណទានអាម៉េរិក មូឌី (Moody's) បានព្យាករថា ប្រទេសនេះនឹងសម្រេចបានកំណើនក្នុងរង្វង់៤,៦% ក្នុងឆ្នាំ២០២៤ នេះ។
នៅក្នុងរបាយការណ៍ដដែល ក្រុមហ៊ុន អាល់ចាហ្ស៊ីរ៉ា ខេបភីថល (Aljazira Capital) បានគូសបញ្ជាក់ថា សន្ទុះកំណើនសេដ្ឋកិច្ចរបស់ប្រទេសអារ៉ាប៊ីសាអូឌីត នឹងត្រូវបានជំរុញដោយការអនុវត្តគម្រោងធំៗ គំនិតផ្តួចផ្តើមក្រោមចក្ខុវិស័យឆ្នាំ២០៣០ របស់អារ៉ាប៊ីសាអូឌីត (Saudi Vision 2030) ការចំណាយរបស់រដ្ឋាភិបាល និងកំណើននៃការចូលរួមពីវិស័យឯកជន។
ក្រុមហ៊ុននេះបានបន្ថែមថា ការកើនឡើងនូវការចំណាយរបស់អ្នកប្រើប្រាស់ ការធ្លាក់ចុះនៃអត្រាគ្មានការងារធ្វើ និងការកើនឡើងសកម្មភាពរបស់វិស័យឯកជនក្រៅពីប្រេង គឺជាសញ្ញាវិជ្ជមានបង្ហាញពីលក្ខខណ្ឌសេដ្ឋកិច្ចអំណោយផល។ លើសពីនេះ ក្រុមហ៊ុនដដែលបានកត់សម្គាល់ថា ការគ្រប់គ្រងអតិផរណាបាននឹងជួយគាំទ្រដល់ទស្សនវិស័យសេដ្ឋកិច្ចវិជ្ជមានបន្ថែមទៀត។
ក្រុមហ៊ុន អាល់ចាហ្ស៊ីរ៉ា ខេបភីថល (Aljazira Capital) បានលើកឡើងថា ផលិតផលក្នុងស្រុកសរុបរបស់អារ៉ាប៊ីសាអូឌីត ត្រូវបានរំពឹងថានឹងកើនឡើងក្នុងរង្វង់៤,៤%ដោយសារកំណើនក្នុង
វិស័យឯកជន ចំពេលមានការអនុវត្តកម្មវិធីនានាក្រោមចក្ខុវិស័យឆ្នាំ២០២៣០ របស់អារ៉ាប៊ីសាអូឌីត (Saudi Vision 2030)។ ហើយការធ្លាក់ចុះប្រាក់ចំណូលប្រេងនឹងត្រូវបានប៉ះប៉ូវដោយកំណើនប្រាក់ចំណូលក្នុងវិស័យមិនមែនប្រេង។
ក្រុមហ៊ុន អាល់ចាហ្ស៊ីរ៉ា ខេបភីថល (Aljazira Capital) រំពឹងថា នឹងមានការបញ្ចុះអត្រាការប្រាក់ ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួលក្នុងចំណោមវិនិយោគិនអន្តរជាតិ ដែលអាចនាំមកនូវរំហូរវិនិយោគពីបរទេស។ ក្រុមហ៊ុននេះ ក៏រំពឹងដែរថា ផ្សារហ៊ុនរបស់អារ៉ាប៊ីសាអូឌីត នឹងសម្រេចបានកំណើនប្រមាណ១០% ក្នុងឆ្នាំ២០២៤ នេះ ដែលជំរុញដោយការកើនឡើងសាច់ប្រាក់ងាយស្រួល៕
ដោយ៖ សុវិទ្យា ហោ