ការចូលរួមនេះដើម្បីស្វែងយល់ ពីការផ្តល់សេវាអតិថិជននៅតាមបញ្ជរ ក៏ដូចជាបង្ហាញពីការយកចិត្តទុកដាក់ និងការផ្តល់តម្លៃដល់អតិថិជនទាំងអស់ ចំពោះការគាំទ្រប្រើប្រាស់សេវាហិរញ្ញវត្ថុនៅធនាគារ អេស ប៊ី អាយ លី ហួរ។ ការផ្តល់សេវាអតិថិជន មិនមែនមានតែបុគ្គលិកជួរមុខ ដែលមានតួនាទីជា សន្តិសុខ មន្ត្រីសេវាអតិថិជន និងហេរញ្ញិក នោះទេ តែគ្រប់តួនាទីទាំងអស់គ្នានៅក្នុងធនាគារទាំងមូល ជាពិសេសគណៈគ្រប់គ្រងទាំងអស់ក៏មានតួនាទីសំខាន់ក្នុងផ្តល់សេវា អតិថិជននេះដែរ។
កម្មវិធីនេះរៀបចំឡើងគឺជាការប្ដេជ្ញាចិត្តខ្ពស់របស់គណៈគ្រប់គ្រងធនាគារ ក្នុងការផ្ដល់សេវាអតិថិជនអតិថិជនឲ្យកាន់តែប្រសើរ កាន់តែជិតស្និទ្ធ បង្កើនទំនុកចិត្ត និងការជឿជាក់មកលើធនាគារ អេស ប៊ី អាយ លី ហួរ ។ ជាការអនុវត្តជាក់ស្ដែង ថ្ងៃនេះអតិថិជនទទួលបានការបម្រើជាពិសេស ពីគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ អេស ប៊ី អាយ លី ហួរ ដោយផ្ទាល់ ដោយមានតួនាទីចាប់តាំងពីនាយក/នាយិកា នាយកដ្ឋាន រហូតដល់នាយកប្រតិបត្តិ នាយករងប្រតិបត្តិ អគ្គនាយករង និងអគ្គនាយក។ ដើម្បីថ្លែងអំណរគុណដល់អតិថិជន នៅក្នុងថ្ងៃដ៏ពិសេសនេះ អតិថិជននឹងទទួលបានវត្ថុអនុស្សាវរីយ៍ដែលផ្តល់ជូនដោយគណៈគ្រប់គ្រងដែលកំពុងផ្តល់សេវាអតិថិជននៅទីនោះផ្ទាល់តែម្តង។
លោក ជា ផល្លារិន អគ្គនាយក ធនាគារ អេស ប៊ី អាយ លី ហួរ បានបញ្ជាក់ថា “អតិថិជនជាបុគ្គលសំខាន់ដែលបុគ្គលិកគ្រប់រូបត្រូវយកចិត្តទុកដាក់ បម្រើពួកគាត់ឲ្យល្អ ជាមួយភាពរួសរាយរាក់ទាក់ ការគោរព ការយកចិត្តទុកដាក់ ប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ តម្លាភាព និងផ្តល់តម្លៃដល់គ្រប់អតិថិជនទាំងអស់ ពីព្រោះយើងមានដំណើរមកដល់ថ្ងៃនេះដោយសារមានការគាំទ្រពីអតិថិជនទាំងអស់។” លោកអគ្គនាយកបានបន្ថែមទៀតថា “បុគ្គលិកទាំងអស់នៅក្នុងធនាគារ អេស ប៊ី អាយ លី ហួរ មានតួនាទីក្នុងការផ្តល់សេវាអតិថិជន មិនមែនជាតួនាទីរបស់បុគ្គលិកជួរមុខតែមួយនោះទេ។”
ជាចុងក្រោយគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់របស់ ធនាគារ អេស ប៊ី អាយ លី ហួរ សូមគោររពជូន និងជូនពរអតិថិជន និងសាធារណជនទាំងអស់ ឲ្យទទួលបាននូវជោគជ័យក្នុងការងារ ប្រកបរបរទទួលទានកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងទទួលបាននូវពុទ្ធិពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ផងដែរថា ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានបើកបម្រើសេវាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ នៅឆ្នាំ២០១២ ហើយបានប្រែក្លាយខ្លួនទៅជាធនាគារពាណិជ្ជ ក្រោយទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារ ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមវិនិយោគពីដៃគូរជាយុទ្ធសាស្រ្តរវាង អ្នកឧកញ៉ា លី ហួរ និង ក្រុមហ៊ុនជប៉ុនដ៏ធំ SBI Holdings, Inc.។ បច្ចុប្បន្ននេះ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក មានបណ្តាញសាខាប្រតិបត្តិការទូទាំង២៥ខេត្ត និងរាជធានី ក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មជាង ១,០០០ លានដុល្លាអាមេរិក មានសាខាសរុបចំនួន៤៩ទីតាំង និងមានម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ (ATM/CDM) សរុបជាង៣០ដែលបានដាក់ដំណើរការនៅទីតាំងសក្តានុពលផ្សេងៗគ្នា។ ទន្ទឹមនឹងនេះផងដែរ ធនាគារក៏កំពុងពង្រីកបណ្តាញសាខា និងដាក់បន្ថែមម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ (ATM/CDM) សេវាផ្ទេរប្រាក់ទៅក្នុងនិងក្រៅស្រុក ប្រព័ន្ធធនាគារចល័តឌីជីថលផងដែរ ដើម្បីពង្រីកវិសាលភាពប្រតិបត្តិការធនាគារក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនឲ្យកាន់តែល្អប្រសើរឡើង និងទៅតាមតម្រូវការរបស់អតិថិជន៕