គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុលីហួរ លក់ភាគហ៊ុន

ក្រុមហ៊ុនជប៉ុនធំមួយ ប្រកាសថា នឹងទិញ ភាគហ៊ុន ៧០% ពីគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ លី ហួរ ក្នុងតម្លៃជាង ៨០ លានដុល្លារ


ក្រុមហ៊ុន ហិរញ្ញវត្ថុជប៉ុនSBI Holding Inc. បានប្រកាសថា ខ្លួននឹងទិញចំណែកភាគហ៊ុន ៧០% របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ដើម្បីហក់ចូលពាណិជ្ជកម្មធនាគារសារជាថ្មីនៅកម្ពុជា ក្រោយពីក្រុមហ៊ុន​ជប៉ុន មួយនេះ បាន​ដកខ្លួន​កាលពីឆ្នាំ​២០១៦។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NNA ។
ក្រុមហ៊ុនជប៉ុនធំមួយ ប្រកាសថា នឹងទិញ ភាគហ៊ុន ៧០% ពីគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ លី ហួរ ក្នុងតម្លៃជាង ៨០ លានដុល្លារ (រូបភាព៖ គេហទំព័រ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ)
ដោយ

តាមការបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ក្រុមហ៊ុន SBI បាន​ឲ្យដឹង​កាលពីថ្ងៃ​ពុធ ទី​៩​តុលា​កន្លងទៅ​ថ្មីៗនេះថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​លី​ ហួរ រំពឹងថា នឹងទទួលបាន​អាជ្ញាបណ្ណជាធនាគារ​ ពីធនាគារជាតិ​នៃកម្ពុជា​នៅពេលឆាប់ៗខាងមុខនេះ ដើម្បី​ពង្រីក​អាជីវកម្ម សេវាកម្ម​ដែលមាន​ស្រាប់​នាពេល​បច្ចុប្បន្ន។

ដំណាក់កាលដំបូង ក្រុមហ៊ុន SBI នឹងទិញយក ១៤,៩៤ លាន​ហ៊ុន នៅក្នុង​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​លី ហួរ ពី​ភាគហ៊ុនិក នៅត្រឹមថ្ងៃ ២៥ ខែវិច្ឆិកា ហើយនឹង​ធ្វើការផ្លាស់ប្ដូរឈ្មោះទៅជា SBI Lyhour Bank PLC វិញ។ SBI នឹង​បន្ត​ទិញ​ភាគហ៊ុន ៣៧,៥៦ លាន​ហ៊ុន​ នៅថ្ងៃទី ២៣ ខែធ្នូ នៅពេលដែល ដើមទុន​របស់ធនាគារថ្មីនេះ ត្រូវបាន​បង្កើន។ នេះបើតាម​ការបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ក្រុមហ៊ុន SBI។

តាមការគូសបញ្ជាក់​ក្នុងសេចក្ដីថ្លែងការណ៍ដដែលនេះ ក្រុមហ៊ុន ជប៉ុន SBI នឹង​មានកាន់កាប់ភាគហ៊ុន ៧០% របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ ដោយការទិញនេះ មានទឹកប្រាក់សរុប​៨១,៧លាន​ដុល្លារអាមេរិក។ ធនាគារជាតិ​នៃកម្ពុជា បានអនុម័ត​ប្រតិបត្តិការទិញលក់នេះរួចហើយ កាលពីថ្ងៃទី ៩ តុលា។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ គឺជា​ក្រុមហ៊ុន​ចម្បង​មួយ​របស់​ក្រុមហ៊ុន លី ហួរ គ្រុប ដែលមានត្រូវបាន​ចាត់ថ្នាក់លេខរៀងទី​៨ នៅក្នុង​ចំណោម​វិស័យគ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា គិតក្នុង​ទ្រព្យសកម្ម នៅខែធ្នូ​ឆ្នាំ២០១៨។ ក្រុមហ៊ុន SBI មានបំណង ភ្ជាប់ទំនាក់ទំនង ក្នុង​ ភាពច្នៃប្រឌិតនៃសេវាធនាគារ ដោយការ​រួមបញ្ចូលគ្នា​នូវអ្វីដែល​ក្រុមហ៊ុននេះ មានស្រាប់ គឺ​ភាពស្ទាត់ជំនាញ​នៅលើ​ហិរញ្ញវត្ថុអនឡាញ និង​សេវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ គួបផ្សំ​នឹង​សមត្ថភាព​នៃក្រុមហ៊ុន​លី ហួរ គ្រុប មាននៅក្នុង​បទពិសោធន៍​ប្ដូរប្រាក់ ការអភិវឌ្ឍ​អចលនទ្រព្យ ផ្ទេរប្រាក់ ធានារ៉ាប់រងទូទៅ និងបទពិសោធន៍​ក្នុង​វិស័យផ្សេងទៀត។ នេះបើតាម​ការគូសបញ្ជាក់​របស់​ក្រុមហ៊ុន SBI។

កាលពីឆ្នាំ ២០០៨ ក្រុមហ៊ុន SBI បាន​បង្កើតឡើង​នូវធនាគារពាណិជ្ជ​ភ្នំពេញ ដែលមាន​ការសហវិនិយោគ​ជាមួយនឹង​ក្រុមហ៊ុន​កូរ៉េខាងត្បូង Hyundai Swiss Group ដែលត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Hyundai Swiss Saving Bank។ ប៉ុន្ដែ ក្រុមហ៊ុន SBI បាន​ដកខ្លួន​ចេញពី​ពាណិជ្ជកម្ម​ធនាគារ​នៅកម្ពុជា ក្នុងឆ្នាំ២០១៦ ដោយបាន​លក់​ភាគហ៊ុន​ទាំងអស់​របស់ខ្លួន​នៅក្នុង​ធនាគារភ្នំពេញ ដែលវាជាផ្នែកមួយ​នៃការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​ឡើងវិញ។

ខេមបូណូមីស មិន​អាច​ទំនាក់ទំនង​សាកសួរ​ព័ត៌មាន​លម្អិត​ពីក្រុមហ៊ុន លី ហួរ គ្រុប ជុំវិញនេះ ការលក់​ភាគហ៊ុន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុលី ហួរនេះ បាននៅឡើយទេ។ 

របាយការណ៍ ពីធនាគារ​ជាតិ​នៃកម្ពុជា បាន​ឲ្យដឹងថា បច្ចុប្បន្ន​ធនាគារពាណិជ្ជ​ចំនួន ៤៤ ធនាគារ​ឯកទេស ១៥ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួលប្រាក់បញ្ញើ​ឯកជនមានចំនួន​ ៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ចំនួន ៧៤ គ្រឹះស្ថាន​ឥណទាន​ជនបទចំនួន ២៥១ ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុចំនួន ១៥ គ្រឹះស្ថានផ្តល់​សេវា​ទូទាត់ចំនួន ១៦ ការិយាល័យ​តំណាង​ធនាគារ​បរទេសចំនួន ៥ និងអាជីវកម្ម​ប្តូរប្រាក់ចំនួន ២.៧៩៩។

ដូច្នេះ បើសិន​ជាគ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុលីហួរ នឹងកម្លាយខ្លួន​ទៅជា​ធនាគារពាណិជ្ជ​មួយទៀត ក្នុងពេល​ឆាប់ៗនេះ នោះចំនួន ធនាគារពាណិជ្ជ​នៅកម្ពុជា នឹងកើនឡើងដល់ ៤៥ ធនាគារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេដឹកនាំហុងកុង៖ កំណើនសេដ្ឋកិច្ច ហុងកុង ឆ្នាំ២០១៩ បង្ហាញពីផលអវិជ្ជមាន!

ព័ត៌មាន
ក្រុង ហុង កុង បានបន្តអូសបន្លាយនូវ​បញ្ហាកុបកម្មមកជាច្រើនខែមកហើយ ដែលបានធ្វើឲ្យទីក្រុងដែលធ្លាប់តែគេឲ្យរហស្សនាមថា «ឋានសួគ៌សុវត្ថិភាព» នោះ បាន…

ក្រុមហ៊ុនបណ្ដាញសង្គមយក្សរបស់ចិន TikTok បដិសេធ រឿងចុះបញ្ជីផ្សារហ៊ុននៅហុងកុង នៅឆ្នាំក្រោយ

ព័ត៌មាន
ក្រុមហ៊ុន មេរបស់បណ្ដាញសង្គម TikTok បានចេញមុខអះអាងថា ក្រុមហ៊ុន មិនមានផែនការនឹងចុះបញ្ជីផ្សារហ៊ុន នៅហុងកុងនៅឆ្នាំក្រោយដូចការលើកឡើងរបស់ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ