កំពង់ផែស្វយ័តភ្នំពេញ

តើមានកត្តាអ្វីខ្លះធ្វើឱ្យប្រាក់ចំណេញរបស់កំពង់ផែស្វយ័តភ្នំពេញធ្លាក់ចុះជិត៣៥% នៅ៩ខែឆ្នាំនេះ?


កំពង់ផែស្វយ័តភ្នំពេញទទួលបានប្រាក់ចំណូលសរុបជាង២៦លានដុល្លារអាម៉េរិក នៅ៩ខែនេះ ធ្លាក់ចុះជាង៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្នុងនោះ ប្រាក់ចំណេញសុទ្ធដែលកំពង់ផែនេះទទួលបាន ក៏មានការធ្លាក់ចុះដូចគ្នាដែរ ដោយមានត្រឹមតែជាង៧លានដុល្លារប៉ុណ្ណោះធ្លាក់ចុះជិត៣៥% បើធៀបនឹងប្រាក់ចំណេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
2
ដោយ

តែយ៉ាងណា អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនយល់ឃើញថា ការថយចុះប្រាក់ចំណូលរបស់កំពុងផែស្វយ័តភ្នំពេញនេះ គឺមានកម្រិតមួយតិចតួចនៅឡើយ ដែលវាស្របគ្នាទៅនឹងការធ្លាក់ចុះនៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងទីផ្សារអន្តរជាតិនាពេលបច្ចុប្បន្ន។​

របាយការណ៍ប្រចាំត្រីមាសទី៣របស់កំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញឲ្យឃើញថា គិតត្រឹមរយៈពេល៩ខែដើមឆ្នាំ២០២៣នេះ កំពង់ផែស្វយ័តភ្នំពេញទទួលបានចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួនជាង២៦លានដុល្លារអាម៉េរិក ថយចុះជាង២លានដុល្លារ ឬស្មើនឹងជាង៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលចំនួននេះស្មើនឹង៦២,២៤%នៃការគ្រោងផែនការប្រចាំឆ្នាំ២០២៣។ ទន្ទឹមនឹងចំណូលសរុបថយចុះ ប្រាក់ចំណេញសុទ្ធ ដែលកំពង់ផែនេះទទួលបាននៅ៩ខែដើមឆ្នាំ២០២៣នេះ ក៏មានការថយចុះគួរឱ្យកត់សម្កាល់ដូចគ្នាដែរ ពោលគឺមានត្រឹមតែជាង៧លានដុល្លារប៉ុណ្ណោះ ថយចុះជាង៣លាន៨សែនដុល្លារ ឬស្មើនឹងជិត៣៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បើតាមកំពង់ផែស្វយ័តភ្នំពេញ ស្របពេលដែលប្រាក់ចំណូល និងប្រាក់ចំណេញធ្លាក់ចុះ ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់នោះ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនេះ នៅត្រីមាសទី៣ឆ្នាំ២០២៣នេះ ហាក់មានការកើនឡើងបន្តិចវិញ ពោលគឺមានការកើនឡើងជិត៧% បើធៀបនឹងត្រីមាសទី៣ក្នុងឆ្នាំ២០២២។ ជាមួយគ្នានេះ ចំនួននាវាដឹកទំនិញសរុបឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ ក៏មានការកើនឡើងចំនួនជាង៦១% ឬស្មើនឹង៣៨២គ្រឿង បើធៀបនឹងត្រីមាសទី៣កាលពីឆ្នាំ២០២២។

ជុំវិញបញ្ហានេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានគូសបញ្ជាក់ថា បញ្ហាសង្គ្រាមនៅរុស្សី អ៊ុយក្រែន គួបផ្សំការកើតមាននូវសង្គ្រាមថ្មីរវាងអ៊ីស្រាអែលជាមួយក្រុមហាម៉ាស ក៏ដូចជាវិបត្តិសេដ្ឋកិច្ចសកលនៅតែបន្តអូសបន្លាយ និងការកាត់បន្ថយការបញ្ជាទិញទំនិញនៅខាងសហគមអឺរ៉ុប បានធ្វើឱ្យសកម្មភាពនៃវិស័យដឹកជញ្ជូនរបស់កម្ពុជា នៅឆ្នាំ២០២៣នេះ មានការថយចុះបើធៀបនឹងឆ្នាំមុន ដែលនាំឱ្យប្រាក់ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញនៅ៩ខែឆ្នាំ២០២៣ នេះ មានការធ្លាក់ចុះបែបនេះ។ តែយ៉ាងណា អ្នកជំនាញរូបនេះអះអាងថា ការធ្លាក់ចុះនៃស្ថានភាពដឹកជញ្ជូននៅឆ្នាំនេះ ហាក់នៅមានកម្រិតតិចតួចនៅឡើយទេ ហើយលោកជឿជាក់ថា នៅឆ្នាំ២០២៤ខាងមុខ ស្ថានភាពនៃវិស័យដឹកជញ្ចូនកម្ពុជានឹងមានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីលោកសង្កេតឃើញថា មានអ្នកវិនិយោគមកបណ្តាក់ទុកនៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់នៅចុងឆ្នាំ២០២៣នេះ។

សូមជម្រាបថា នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះ កំពង់ផែស្វយ័តភ្នំពេញ ទទួលបានប្រាក់ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មចំនួនជាង១០លានដុល្លារ កើនឡើងជិត២៨ម៉ឺនដុល្លារ ឬស្មើនឹងជាង៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះប្រាក់ចំណេញសុទ្ធដែលទទួលបានមានចំនួនជិត ២លាន៤សែនដុល្លារ ថយចុះជាង៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកសេដ្ឋកិច្ចយល់ឃើញបែបណាចំពោះការធ្វើពាណិជ្ជកម្មអន្តរជាតិកម្ពុជានៅ១០ខែឆ្នាំនេះ?

ព័ត៌មាន
ស្ថានភាពការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ហាក់នៅតែមានទំនោរធ្លាក់ចុះ ពោលគឺនៅក្នុងរយៈពេល១០ខែឆ្នាំ២០២៣ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយនឹ…

តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកលេងកម្សាន្ត?

ព័ត៌មាន
ការធ្វើកំណែទម្រង់មួយចំនួន ដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ គឺនៅតែជារឿងសំខាន់សម្រាប់ទាក់ចិត្តដល់ភ្ញៀវទេសចរបរទេសឱ្យចូលមកលេងកម្សាន្ត និងវិនិយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ