អត្ថបទក្រុមហ៊ុន

អេសស៊ីជីប្រកាសលទ្ធផលប្រតិបត្តិការឆ្នាំ ២០២២ និងយុទ្ធសាស្ត្រ​ដើម្បីដោះស្រាយការកើនឡើងនូវតម្លៃថាមពល បញ្ហាគីមីឥន្ធនៈ ជំរុញអាជីវកម្មបៃតង


ក្រុមហ៊ុន អេសស៊ីជី (SCG) បានប្រកាសពីលទ្ធផលប្រតិបត្តិការឆ្នាំ ២០២២ ដែលបង្ហាញឲ្យឃើញពីការកើនឡើងនូវប្រាក់ចំណូលពីការលក់ ប៉ុន្តែ ប្រាក់ចំណេញមានការធ្លាក់ចុះ ដែលបណ្ដាលមកពីការចំណាយលើថ្លៃថាមពលមានការកើនឡើងខ្លាំង បញ្ហាអតិផរណា និងដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិន និងបញ្ហាវិបត្តិគីមីឥន្ធនៈ ។
អេសស៊ីជីប្រកាសលទ្ធផលប្រតិបត្តិការឆ្នាំ ២០២២ និងយុទ្ធសាស្ត្រ​ដើម្បីដោះស្រាយការកើនឡើងនូវតម្លៃថាមពល បញ្ហាគីមីឥន្ធនៈ ជំរុញអាជីវកម្មបៃតង

ជាការ​ឆ្លើយតប អេសស៊ីជី បានបង្កើនការពង្រីក​លើអាជីវកម្មថ្មីៗ ហើយផ្ដល់អាទិភាពលើ​ផលិតផល​បៃតង​ ដើម្បីបំពេញតាមតម្រូវការជានិន្នាការធំ​ និងចាប់យកឱកាស​អំឡុងពេល​សេដ្ឋកិច្ចងើបឡើងវិញ ក៏ដូចជា​ទ្រទ្រង់ដល់កំណើន​នៃការលូតលាស់ ។ អាជីវកម្ម​ថាមពលកកើតឡើងវិញរបស់ខ្លួន​ បានកើនឡើង ៧៨% ហើយក្នុងនោះ ការ​លក់​ប៉ូលីមែរ​បៃតង​បានកើនឡើងលើស ១៤០.០០០ តោន និង​បានកើនឡើង ៥ ដង ។

ទន្ទឹមនឹងនោះ ដំណោះស្រាយសន្សំសំចៃថាមពល​បានទីផ្សារ​ទទួលការ​ស្វាគមន៍ប្រកបដោយភាពវិជ្ជមាន ដោយបាន​កើនឡើង ៤០% ហើយកំពុង​បង្កើននវានុវត្តន៍​សម្រាប់ការវេចខ្ចប់ប្រកបដោយនិរន្តរភាព ។ កាលពីពេលថ្មីៗ LSP ត្រូវបាន​ត្រៀម​រៀបចំចាប់ផ្ដើម​ផលិតកម្ម​ និងផ្គត់ផ្គង់​លើទីផ្សារ​នៅពាក់កណ្ដាលឆ្នាំ ២០២៣ ។ ក្រុមហ៊ុន អេសស៊ីជី ធានា​បាននូវ​ហិរញ្ញវត្ថុរឹងមាំ​ តាមរយះការរក្សាឲ្យបានមុតមាំនូវ​សន្ទនីយភាព ការកាត់បន្ថយ​ការ​ចំណាយ​ និង​ការ​វិនិយោគ​ដោយ​ប្រុង​ប្រយ័ត្ន​​ស្របតាមយុទ្ធសាស្ត្រ​របស់ខ្លួន ។

លោក រ៉ុងរ៉ូត រង្ស៊ី​យ៉ូផាស (Roongroote Rangsiyopash) ជា​ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អេសស៊ីជី មានប្រសាសន៍ថា៖ “នៅក្នុង​លទ្ធផលប្រតិបត្តិការ​របស់អេសស៊ីជី​ឆ្នាំ ២០២២ ប្រាក់ចំណូល​គឺមានទំហំទឹកប្រាក់ ៦៦.៤២៣ ពាន់លានរៀល (១៦.២៤៤ លានដុល្លារសហរដ្ឋអាមេរិក) គឺបានកើនឡើង ៧% ធៀបនឹង​ឆ្នាំមុន ។ ប្រាក់ចំណេញ​សម្រាប់ឆ្នាំ ២០២២ គឺ​ ២.៤៨៦ ពាន់លានរៀល (៦១០ លានដុល្លារ) គឺបានធ្លាក់ចុះ ៥៥% ដោយសារតែដំណើរធ្លាក់ចុះនៃ​សេដ្ឋកិច្ច វិបត្តិគីមី​ឥន្ធនៈ និង​ចំណាយលើថាមពលកើនឡើង ។

ទន្ទឹមនឹងនេះ សម្រាប់ត្រីមាសទី៤ នៃឆ្នាំ ២០២២ ប្រាក់ចំណេញ មានចំនួន ១៨ ពាន់លានរៀល (៤ លានដុល្លារ​) ។ ទាំងអស់នេះ ក៏ដោយសារ​តែ​វិបត្តិ​ជា​ច្រើន​ដែលកើតចេញពី​សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ការ​កើនឡើងយ៉ាងគំហុកនូវតម្លៃ​ធ្យូងថ្ម និង​អគ្គិសនី បញ្ហា​អតិផរណា ដំណើប្រែប្រួល​ខ្លាំងនៃតម្លៃប្រាក់បាតថៃ ការធ្លាក់ចុះនៃសេដ្ឋកិច្ច​ប្រទេស​ចិន និង​​បញ្ហាវិបត្តិគីមីឥន្ធនៈធំបំផុត​ក្នុងរយៈកាល ២០ ឆ្នាំមកនេះ ។

ផ្ទុយមកវិញ អេសស៊ីជី បានតាមដាន​យ៉ាងដិត​ដល់ចំពោះស្ថានភាពនេះ ហើយ​បានសម្រប​ខ្លួន​ឲ្យបានលឿន​ ដើម្បី​កាត់បន្ថយ​ហេតុប៉ះពាល់​មកលើក្រុមហ៊ុនជារួម ដោយ​ផ្ដោតជាសំខាន់លើ​ការ​រក្សា​ស្ថិរភាពហិរញ្ញវត្ថុ កាត់បន្ថយចំណាយដោយប្រើប្រាស់​ប្រភពថាមពលកកើតឡើងវិញ និង​បច្ចេកវិទ្យាឌីជីថល​នៅ​ក្នុង​ដំណើរការផលិតកម្ម​របស់ខ្លួន ហើយកសាង​យុទ្ធសាស្ត្រ​ដោយប្រុងប្រយ័ត្ន​ចំពោះការ​សម្រេចចិត្ត​ក្នុងការ​វិនិយោគ។

ជា​លទ្ធផលក្រុមហ៊ុន​មានសមតុល្យ​សាច់ប្រាក់​​ត្រឹមត្រូវ ក្នុងចំនួន ១១.០៤៧ លានរៀល (២.៧០៩ លានដុល្លារ​សហរដ្ឋអាមេរិក) ។ ទន្ទឹមនឹងនេះ បញ្ហាប្រឈមថ្មីៗ​​ ក៏បាន​បង្កើត​ឲ្យមានឱកាស​អាជីវកម្មថ្មីៗផងដែរ ជាពិសេស​តម្រូវការ​ផលិតផល​បៃតង ដែលជា​និន្នាការធំក្នុងសកលលោក ហើយ​ដែលកើនឡើងជាលំដាប់ ដូចជា​ថាមពលកកើតឡើងវិញ ប៉ូលីមែរបៃតង ដំណោះស្រាយសន្សំសំចៃថាមពល និងការ​វេចខ្ចប់​ប្រកបដោយនិរន្តរភាព ។

ក្នុងឆ្នាំ ២០២២ ការលក់របស់ SCG Green Choice បានកើនឡើង ៣៤% ឬស្មើនឹង ៥១% នៃ​ការ​លក់សរុប ដែលលើសពីគោលដៅ។ រាល់អង្គភាពអាជីវកម្មរបស់អេសស៊ីជី បានត្រៀមលក្ខណៈរួចរាល់ក្នុងការ​បោះជំហានទៅមុខ​ដើម្បីពង្រឹងអាជីវកម្ម​របស់ខ្លួន ។

ស្របពេលដែល​វិស័យទេសចរណ៍ និង​ការ​ប្រើប្រាស់​បាន​កើនឡើងមកវិញនៅឆ្នាំ ២០២៣ នេះ សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ ត្រូវបានរំពឹងថា​នឹងងើបឡើងវិញ​។ ទន្ទឹមនឹងនេះ ទីផ្សារ​អាស៊ាន​ក៏នឹង​ប្រសើរឡើង​ក្រោយពេលប្រទេស​ចិនបើកទ្វារ​ប្រទេសឡើងវិញ ។ ក្រោយចប់រដូវរងារ តម្លៃធ្យូងថ្ម​ត្រូវបានរំពឹងថា នឹង​ធ្លាក់ចុះ ។ ចំណែកឯអតិផរណា​បានបង្ហាញ​សញ្ញា​ថា​នឹង​ធ្លាក់ចុះផងដែរ។ ដូច្នេះ អេសស៊ីជី ជឿថា យើង​នឹង​អាច​ជំនះលើ​វិបត្តិនេះ ហើយ​ដោះស្រាយ​ចំពោះតម្រូវការថ្មីៗ​បានគ្រប់គ្រាន់” ។

លោក ធម្មស័ក សេដ្ឋាឧត្តម (Thammasak Sethaudom) អនុប្រធានប្រតិបត្តិ​នៃក្រុមហ៊ុន អេសស៊ីជី មានប្រសាសន៍​ថា៖ “ ដោយសារតែ​វិបត្តិ​ដែលកើតឡើងចេញពី​ការកើនឡើងយ៉ាងគំហុក​នៃ​តម្លៃធ្យូងថ្ម និងអគ្គិសនី ធ្វើឲ្យ អេសស៊ីជី ត្រូវ​ចូលទៅប្រើប្រាស់វិស័យ​ថាមពលកកើតឡើងវិញ ដោយមានសមត្ថភាព​ផលិតបាន ២៣៤ មេហ្គាវ៉ាត់​ក្នុង​ឆ្នាំ ២០២២ គឺកើនឡើង ៧៨% បើធៀបនឹង​មួយឆ្នាំកន្លងទៅ ដោយ​មាន​បណ្ដាញ​ផ្គត់ផ្គង់វ័យឆ្លាត សម្រាប់​អគារ​ឧស្សាហកម្ម និង​បណ្ដាញ​រោង​ចក្រឧស្សាហកម្ម សណ្ឋាគារ និងមន្ទីរពេទ្យ ។ គម្រោងនេះ​ត្រូវបានដំឡើងកាលពីពេលថ្មីៗ នៅក្រុមហ៊ុន Saha-Union Group នៅសង្កាត់ បាងផាកង ដោយបានភ្ជាប់ថាមពលកកើតឡើងវិញ​សម្រាប់ ១០ ក្រុមហ៊ុន កាត់បន្ថយការ​ចំណាយលើថាមពលបាន ៣០% និងកាត់បន្ថយការ​បំភាយ​ឧស្ម័នផ្ទះកញ្ចក់កាបូនិច​​បាន ៣.៦៧០ តោន ក្នុងមួយឆ្នាំៗ ។

អាជីវកម្មនេះ​ប្រើប្រាស់​ជំនាញថាមពលកកើតឡើងវិញរបស់អេសស៊ីជី ដើម្បីកាត់បន្ថយ​ហេតុប៉ះពាល់ពីការ​កើនឡើងនូវថ្លៃថាមពល ដែលបង្កឡើង​ដោយ​ដំណើឡើងចុះនៃតម្លៃថាមពល​លើទីផ្សារពិភព​លោក។ ក្នុងឆ្នាំ ២០២២ អេសស៊ីជី បានបង្កើន​ការ​ប្រើប្រាស់ឥន្ធនៈជំនួសពី ២៦% ដល់ ៣៤% បើធៀបនឹង​មួយឆ្នាំមុន ហើយ​បង្កើនសមត្ថភាព​ផលិតថាមពលព្រះអាទិត្យ​ពី ១៣០ មេហ្គាវ៉ាត់ ទៅដល់ ១៩៤ ម៉ែហ្គាវ៉ាត់​ បើធៀបនឹង​មួយឆ្នាំមុន ។ ព្រមជាមួយគ្នានេះ អេសស៊ីជី បាន​អនុវត្ត​ប្រសើរ​លើសពីគោលដៅរបស់ខ្លួន តាមរយៈការ​កាត់បន្ថយ​ការ​បំភាយឧស្ម័នផ្ទះកញ្ចក់កាបូនិច​ បាន ៣ លានតោន ។

បន្ថែមលើនេះ ក្រុមហ៊ុនក៏កំពុង​អភិវឌ្ឍ​បច្ចេក​វិទ្យា​ចាប់យក និងប្រើប្រាស់កាបូន (CCU) សម្រាប់ផលិតកម្មស៊ីម៉ង់ត៍​​នៅក្នុង​ប្រទេសថៃ និងអាស៊ាន​ ដើម្បីសម្រេចបាននូវ​គោលដៅ គ្មានការបំភាយឧស្ម័ន ឬ Net Zero 2050 ដោយសហការជាដៃគូជាមួយនឹង​ក្រុមហ៊ុន Nippon Steel Engineering និង Thai Nippon Steel Engineering & Construction” ។

លោក តាន់ណាវង្ស អារីរ៉ាត់​ឆាគុល ជានាយកប្រតិបត្តិ និងជា​ប្រធានក្រុមហ៊ុន SCG Chemicals ឬ SCGC មានប្រសាសន៍ថា៖ “SCGC បន្តអភិវឌ្ឍ​ប៉ូលីមែរបៃតង​ដែលមានភាពនវានុវត្តន៍របស់ខ្លួន ឈ្មោះថា ‘SCGC GREEN POLYMERTM’ ដែលបានទទួលការគាំទ្រច្រើន​ពីទីផ្សារ​សកល​លោក ដោយ​ក្នុងនោះ លក់បាន​រហូតដល់ទៅ ១៤០.០០០ តោន ដែលបានកើនឡើង ៥ ដង ធៀប​នឹង​មួយឆ្នាំមុន ។ បន្ថែមលើនេះ ក្រុមហ៊ុនបានពង្រីក​វិសាលភាព​ទៅជាអាជីវកម្ម​កែច្នៃផ្លាស្ទិក​ពេញលេញ តាមរយៈការទិញយកនូវក្រុមហ៊ុន​ Kras/Recycling Holding Volendam B.V. ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​កាកសំណល់ឈានមុខគេរបស់ប្រទេសហូឡង់ ។

ការទិញ​យកក្រុមហ៊ុននេះ នឹងជួយពង្រីក​សមត្ថភាព​របស់ក្រុមហ៊ុន​​នៅ​ក្នុងការ​ស្តុក ការ​ញែក និងការ​ផលិត​ជ័រ​ PCR (Post-Consumer Recycled Resin) សម្រាប់​ការ​ប្រើប្រាស់ក្នុងក្រុមគ្រួសារ និង​ឧស្សាហកម្ម ។ ‘SCGC GREEN POLYMERTM’ ត្រូវបានផ្ដល់វិញ្ញាបនកម្មស្តង់ដារ​អន្តរជាតិ ពីបណ្ដា​ស្ថាប័នឈានមុខគេ​មួយចំនួននៅលើពិភព​លោក ដូចជា EuCertPlast មកពីអឺរ៉ុប ដែលបាន​បញ្ជាក់ថា ប្រភពវត្ថុធាតុដើម​​សម្រាប់ផលិតកម្ម​ជ័រ PCR គឺបានមកពីកាកសំណល់ផ្លាស្ទិក​ ដូច្នេះ ជួយកាត់បន្ថយ​បញ្ហា​កាកសំណល់ផ្លាស្ទិកនេះ ។ ក្រុមហ៊ុនក៏ទទួលបានវិញ្ញាបនបត្រ​មកពី Recyclass សម្រាប់ការ​អភិវឌ្ឍន៍​ជ៍រស្រោប​ដែលជួយបង្កើនស័ក្តិសិទ្ធភាព​នៃការ​កែច្នៃឡើងវិញ សម្រាប់​ការ​វេចខ្ចប់ផ្លាស្ទិក ដែលធ្វើឲ្យក្រុមហ៊ុន SCGC ជាក្រុមហ៊ុនដំបូងគេនៅអាស៊ាន ដែលទទួលបានវិញ្ញាបនបត្រ​នេះ ។

ព្រមជាមួយគ្នានេះ ការ​បង្កើត​ក្រុមហ៊ុន Long Son Petrochemicals Company Limited (LSP) ដែលជារោងចក្រ​​គីមីឥន្ធនៈនៅក្នុង​ប្រទេសវៀតណាម មានវឌ្ឍនភាព​​បានជាង ៩៨% ហើយ​ហើយ​គ្រោង​នឹង​ឈានចូលទីផ្សារ​នៅ​ពាក់កណ្ដាលឆ្នាំនេះ” ។

លោក និធិ ផាតថារ៉ាឆូក ប្រធាន​អាជីវកម្ម​ស៊ីម៉ង់ត៍ និងសម្ភារៈសំណង់​របស់ អេសស៊ីជី មានប្រសាសន៍ថា៖ “អេសស៊ីជី​កំពុងជំរុញ អាជីវកម្ម​ជីវិត​រស់នៅវ័យឆ្លាត ជាពិសេស​គឺដំណោះស្រាយ​សន្សំសំចៃថាមពល ដែលកំពុងមានតម្រូវការ​ខ្ពស់​នៅលើទីផ្សារ​ ដោយសារតែ​ការកើនឡើងនូវថ្លៃថាមពលអគ្គិសនី ។ ក្នុងឆ្នាំ ២០២២ អាជីវកម្មនេះ​មានការ​កើនឡើងជាង ៤០% ។

ជាក់ស្ដែង មានដូចជា​ ប្រព័ន្ធ ‘SCG Air Scrubber’ ដែលជាប្រព័ន្ធសន្សំសំចៃថាមពល​សកល​សម្រាប់អាគារ​ធំៗ សាលសន្និសីទ និងផ្សារទំនើបជាដើម ។ ប្រព័ន្ធមានភាពស័ក្តិសិទ្ធខ្ពស់​ដែលមានសមត្ថភាពសន្សំ​សំចៃថាមពលបានរហូតដល់ទៅ ២០-៣០% ។ ប្រព័ន្ធនេះ​ត្រូវបានដំឡើង​នៅតាម​បណ្ដាអគារធំៗចំនួនប្រាំពីរកន្លែង​ រាប់បញ្ចូលទាំងសាខខាអគារ Terminal 21 Pattaya និង Kloud by Kbank Siam Square ផងដែរ។ ជាលទ្ធផល​ដែលគម្រោងនេះទទួលបាននូវភាពវិជ្ជមាន ដូច្នេះ គម្រោងអភិវឌ្ឍន៍បន្ថែមទៀត​​នឹង​ត្រូវបានអនុវត្តដើម្បីពង្រីក​ផលិតផល​ឲ្យសម​ស្របទៅនឹង​តម្រូវការ​ផ្សេងៗរបស់អតិថិជន ។

បន្ថែមលើនេះ ដំបូល ‘SCG Built-in Solar Tile’ ដែលជាផ្ទាំង​សូឡា​ប្រកបដោយភាពនវានុវត្តន៍​ត្រូវបាន​ណែនាំ​សម្រាប់ការ​រស់នៅបែបទាន់សម័យ​ ដោយមានការ​រចនា​​ឲ្យ​សម​ស្របជាមួយនឹង​ផ្ទះល្វែង ដែលមានដំបូល​ ហើយកាត់បន្ថយការចំណាយថ្លៃអគ្គិសនីបានរហូតដល់ទៅ ៦០%”។

លោក វីចាន់ ជិតភូកឌី (Wichan Jitpukdee) នាយកប្រតិបត្តិ​ SCG Packaging Public Company Limited ឬ SCGP មានប្រសាសន៍ថា៖ “ក្រុមហ៊ុន SCGP បានរៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍នវានុវត្តន៍​ បន្ថែម​ដំណោះស្រាយលើការវេចខ្ចប់ និង​បានលើកថវិកាវិនិយោគ និងការចំណាយលើ​ការ​​ស្រាវជ្រាវ​ និងការអភិវឌ្ឍន៍ដែលមានទំហំទឹកប្រាក់សរុប ៨០០ លានបាត សម្រាប់ឆ្នាំ ២០២៣ ដោយអភិវឌ្ឍនូវ ‘Nanocellulose Fibres’ ចេញពី​កាកសំណល់កសិកម្ម​ ដែលប្រើជា​វត្ថុធាតុដើម​នៅក្នុងការ​ផលិត​ក្រដាស​វេចខ្ចប់​ និងការ​វេចខ្ចប់ចំណីអាហារ ។ ក្រុមហ៊ុនក៏បានត្រៀមល្ខណៈពង្រីក​ការងារ​របស់ខ្លួនឲ្យបានដល់ឧស្សាហកម្ម​សុខាភិបាល និង​ឧស្សាហកម្មសមាសធាតុ ក៏ដូចជា​អភិវឌ្ឍន៍​ជំនាញបណ្ដុះកោសិកា​របស់ខ្លួន លើ​ការ​ដាំ​កសិផល និង​ដំណាំដែលមានតម្លៃខ្ពស់ ។

បន្ថែមលើនេះ ខ្លួនក៏មានបំណង​ធ្វើបរិវត្តកម្ម​សារធាតុ​សំណល់ពីដំណើរការ​ផលិតកម្ម​ឲ្យក្លាយជា​ថាមពលកកើតឡើងវិញថែមទៀតផង ។ ក្រុមហ៊ុន​កំពុងស្ថិត​ក្នុងដំណើរការ​​នៃការ​អភិវឌ្ឍបច្ចេកវិទ្យា ‘Torrefaction Technology’ ដើម្បីបង្កើនភាពស័ក្តិសិទ្ធ​នៃការ​ប្រើប្រាស់​ជីវម៉ាស និងកាត់បន្ថយ​ការបំភាយឧស្ម័នផ្ទះកញ្ចក់​ ដែលជាការ​បង្កើនប្រតិបត្តិការ​បែប ESG របស់ខ្លួនឲ្យកាន់តែខ្លាំងថែមទៀត”។

លោក រ៉ុងរ៉ូត រង្ស៊ី​យ៉ូផាស (Roongroote Rangsiyopash) ជា​ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អេសស៊ីជី មានប្រសាសន៍ថា បានបញ្ជាក់ថា “លទ្ធផល​ប្រតិបត្តិការ​មុនសវនកម្ម​របស់ក្រុមហ៊ុន​សម្រាប់ឆ្នាំ ២០២២ គឺ​ទទួលបាន​ប្រាក់ចំណូលពីការ​លក់​ជាទឹកប្រាក់ ៦៦.៤២៣ ពាន់លានរៀល (១៦.២៤៤ លានដុល្លារសហរដ្ឋអាមេរិក) គឺបានកើនឡើង ៧% ធៀបនឹងមួយ​​ឆ្នាំមុន ដោយសារតែ​អាជីវកម្មវេចខ្ចប់ និងស៊ីម៉ង់ត៍ -សម្ភារៈសំណង់ ។ ប្រាក់ចំណេញ​សម្រាប់ឆ្នាំ ២០២២ គឺ​ ២.៤៨៦ ពាន់លានរៀល (៦១០ លានដុល្លារ) គឺបានធ្លាក់ចុះ ៥៥% បើធៀបនឹង​មួយឆ្នាំមុន ដោយសារតែការ​ធ្លាក់ចុះនៃការលក់​សារធាតុគីមី ​ចំណាយលើថាមពលកើនឡើង និងការធ្លាក់ចុះនូវ​ចំណែកប្រាក់ចំណូលមកពីក្រុមហ៊ុនបុត្រសម្ព័ន្ធ ។

ប្រាក់​ចំណូលពីការ​លក់​ សរុបទទួលបាន ១៣.៨៧១ ពាន់លានរៀល (៣.៣៥៩ លានដុល្លារ) ក្នុង​ត្រីមាសទី ៤ ឆ្នាំ ២០២២ ដែលបានធ្លាក់ចុះ ១៤% បើធៀបនឹង​ត្រីមាសទីបួនមួយឆ្នាំមុន ដោយសារ​តែ​ការធ្លាក់ចុះនូវតម្លៃ និង​ចំនួននៃការ​លក់​ផលិតផលគីមី ពីព្រោះតម្រូវការ​ទីផ្សារ​ថមថយ ។ ប្រាក់ចំណេញ​ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២២ គឺទទួលបាន ១៨ ពាន់លានរៀល (៤ លានដុល្លារ) ដែលបានធ្លាក់ចុះ ៩៤% បើធៀបនឹង​ត្រីមាស​ដូចគ្នាកាលពីឆ្នាំមុន ដោយសារ​តែ​ការចែកចាយផលិតផលគីមីធ្លាក់ចុះ ក៏ដូចជា​ការ​កើនឡើងនូវការចំណាយ​លើធ្យូងថ្ម និងថាមពលអគ្គិសនី ។

ប្រាក់ចំណូលរបស់អេសស៊ីជីពី​ផលិតផល​ និងសេវា​តម្លៃខ្ពស់ (HVA) នៅ​ក្នុងឆ្នាំ ២០២២ ទទួលបាន ២២.៧៣៥ ពាន់​លានរៀល (៥.៥៧៦ លានដុល្លារ) ឬ​ស្មើនឹង ៣៤% នៃ​ប្រាក់ចំណូលសរុបពីការលក់ ។ បន្ថែមលើនេះ ប្រាក់ចំណូលពី​ការអភិវឌ្ឍន៍ផលិតផលថ្មីៗ (NPD) គឺស្មើនឹង ១៧% ហើយចំណូលពីដំណោះស្រាយសេវាកម្ម មានទំហំស្មើនឹង ៦% នៃ​​ ប្រាក់ចំណូលសរុបពីការលក់ ។

ប្រាក់ចំណូលរបស់អេសស៊ីជីពីប្រតិបត្តិការ​ខាងក្រៅប្រទេសថៃ រាប់បញ្ចូលទាំង​ការនាំចេញពីប្រទេសថៃផង គឺមានទំហំទឹកប្រាក់ ២៩.៩៨៦ ពាន់លានរៀល (៧.៣៥៥ លានដុល្លារ) នៅក្នុងឆ្នាំ ២០២២ ដែលស្មើនឹង ៤៥% ​នៃប្រាក់ចំណូលសរុបពីការលក់ ហើយមានកម្រិត​ប្រហាក់ប្រហែលគ្នា​នឹង​កាលពី​មួយឆ្នាំមុននោះដែរ។

អេសស៊ីជី នៅតំបន់អាស៊ីន (លើកលែងប្រទេសថៃ)

សម្រាប់ប្រតិបត្តិការ​​របស់អេសស៊ីជី​ក្នុងតំបន់អាស៊ាន (លើកលែងប្រទេសថៃ) ប្រាក់ចំណូលពីការលក់ នៅត្រីមាសទី ៤ ឆ្នាំ ២០២២ គឺធ្លាក់ចុះ ១៥% បើធៀប​នឹង​មួយឆ្នាំមុន ដោយទទួលបានចំណូល ២.៦៨៨ ពាន់លានរៀល (៦៥១ លានដុល្លារ) ដែលស្មើនឹង ១៩% នៃប្រាក់ចំណូលសរុបពីការ​លក់របស់ក្រុមហ៊ុន​អេសស៊ីជី ។ ក្នុងនោះរាប់បញ្ចូលទាំងការ​លក់​​ពីប្រតិបត្តិការ​នៅ​ក្នុងទីផ្សារ​ប្រទេសអាស៊ាននីមួយៗផង និងការ​នាំចូលពីប្រតិបត្តិការរបស់ប្រទេសថៃផង ។

គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ទ្រព្យសកម្ម​សរុប​របស់អេសស៊ីជី មានទំហំ ១០៧.៩៨០ ពាន់លានរៀល (២៦.២៤១ លានដុល្លារ) ចំណែកឯទ្រព្យសកម្មសរុប​របស់អេសស៊ីជី នៅក្នុងតំបន់អាស៊ាន (លើកលែង​ប្រទេសថៃ) មានទំហំទឹកប្រាក់ ៤៨.៤០៩ ពាន់លានរៀល (១១.៧៦៤ លានដុល្លារ) ដែល​ស្មើនឹង ៤៥% នៃ​ទ្រព្យសកម្មសរុបរួម​របស់អេសស៊ីជី ។

ក្រុមហ៊ុនក៏បានរាយការណ៍ពីប្រាក់ចំណូលប្រចាំត្រីមាសទី ៤ ឆ្នាំ ២០២២ ពីការ​លក់ ដែលមានទំហំទឹកប្រាក់​ ៣៦២ ពាន់​លានរៀល (៩៨ លានដុល្លារ) ដែលបានធ្លាក់ចុះ​ ១០% ធៀប​នឹង​មួយឆ្នាំមុន ដោយសារតែ​អាជីវកម្ម PVC ។

កាលពីពេលថ្មីៗនេះ អេសស៊ីជី ក៏បាន​ប្រារព្វអបអរខួប ៣ ទសវត្សរ៍ នៃការធ្វើអាជីវកម្ម​ប្រកប​ដោយ​និរន្តរភាព ​ក្នុងដំណើរអាជីវកម្ម​ដ៏ជោគជ័យរបស់ខ្លួន​ក្នុងប្រទេស​កម្ពុជា ហើយបន្តរួមចំណែកលើក​កម្ពស់ការរស់នៅ​សម្រាប់ប្រជាជនកម្ពុជា​តាមរយៈការរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ។ ​

ក្នុងឆ្នាំ ២០២២ អេសស៊ីជី នៅកម្ពុជា​បាន​ប្រគល់អាហារូបករណ៍​ ដែលមានតម្លៃទឹកប្រាក់សរុប ១០០.០០០ ដុល្លារ ដល់សិស្សវិទ្យាល័យ និងនិស្សិតសកល​វិទ្យាល័យចំនួន ២៧០ រូប តាមរយៈកម្មវិធី “អេសស៊ីជី ចែករំលែកក្ដីសុបិន” ។ សរុប​រយៈពេល ៩ ឆ្នាំ ចំនួនសិស្ស និងនិស្សិតអាហារូបករណ៍ពីកម្មវិធី​ទំនួលខុស​ត្រូវសង្គម​ផ្នែកអប់រំមួយនេះ បានកើនឡើង​ដល់ជាង ១.៥០០ នាក់ ។ អស់រយៈកាលជិតមួយទសវត្សរ៍ អេសស៊ីជី បានរួមដំណើរ និង​ជួយប្រឹក្សា​លើ​ការ​សិក្សា​ដល់​សិស្ស និងនិស្សិតទាំងអស់នេះ ឥតឈប់ឈរ ។ កម្មវិធីនេះ បានរួមចំណែក​ដល់ការ​កាត់បន្ថយ​ការ​បោះបង់ចោលការ​សិក្សា​នៅថ្នាក់វិទ្យាល័យ ហើយជួយពួកគេ​រាល់ឆ្នាំសិក្សា​នីមួយៗ ។

ជាងនេះទៅទៀត អេសស៊ីជី បានផ្ដល់​ការ​បណ្ដុះបណ្ដាល​លើការងារ​បេតុងអេសស៊ីជី ដល់និស្សិត​សាកលវិទ្យាល័យផ្នែកវិស្វកម្ម និងស្ថាបត្យកម្មចំនួន ២៦៥ នាក់​ផងដែរ ។ សកម្មភាពនេះ​បានបង្កើត​ជា​សហគមន៍​មុខរបរ​ និងឱកាស​ការងារ​សម្រាប់សិស្ស និងនិស្សិត​អាហារូបករណ៍ ហើយពង្រឹង​បទពិសោធន៍ការងាររបស់ពួកគេជាមួយនឹង​អេសស៊ីជីផងដែរ។

ទន្ទឹមនឹងនេះ អេសស៊ីជី កម្ពុជា បានសហការ​ជាមួយនឹង​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គាំទ្រ​ជា​សម្ភារៈសំណង់​​គិតជាទឹកប្រាក់ ៥.០០០ ដុល្លារ សម្រាប់ផ្គត់ផ្គង់ដល់កម្មវិធីប្រកួតជំនាញថ្នាក់ជាតិ​លើកទី ៨ ផងដែរ ។ ក្រុមហ៊ុន​ក៏បាន​ធ្វើការ​ជាមួយនឹង​សហគមន៍ប្រជាពលរដ្ឋនៅខេត្តកំពត ដោយផ្ដល់ស៊ីម៉ង់ត៍ ៣០ តោន​ ដែលមានតម្លៃ ៣.០០០ ដុល្លារ​ សម្រាប់ការ​សាងសង់វត្តអារាម និងសាលារៀន ។

លោក លោក រ៉ុងរ៉ូត រង្ស៊ី​យ៉ូផាស (Roongroote Rangsiyopash) បានបន្តថា៖ “ឆ្នាំនេះ អេសស៊ីជី បន្ត​ផ្ដល់អាទិភាព​​លើ​ការ​រក្សាស្ថិរភាពហិរញ្ញវត្ថុ និង​សន្ទនីយភាព ជាមួយនឹង​យុទ្ធសាស្ត្រវិនិយោគប្រកប​ដោយការ​ប្រុង​ប្រយ័ត្ន ដែលរឹត​បន្តឹង​លើ​ការ​ចំណាយ និងកាត់បន្ថយការ​ចំណាយលើថាមពល ។ ទន្ទឹមនឹងនេះ អេសស៊ីជី នឹង​ជំរុញវឌ្ឍនភាពអាជីវកម្ម​របស់ខ្លួនដើម្បីបំពេញនូវសេចក្ដីត្រូវការថ្មីៗ វិនិយោគលើ​នវានុវត្តន៍ ចាប់យក​ឱកាស​ពេលសេដ្ឋកិច្ចកំពុងងើប​ឡើងវិញ អភិវឌ្ឍនូវដំណោះស្រាយនានា ដើម្បី​គាំទ្រ​ដល់​និន្នាការធំៗរបស់សកលលោក និងពង្រឹងអាជីវកម្មរបស់ខ្លួន។ ទីផ្សារ​ក្នុងតំបន់បានចាប់ផ្ដើមងើបមកវិញ ហើយត្រូវបានព្យាករណ៍ថា នឹង​កើនឡើងបន្ថែមទៀត។ ជាងនេះទៅទៀត អេសស៊ីជី បានត្រៀមលក្ខណៈដើម្បីជួយ​ដល់ការពង្រឹង​សង្គមផងដែរ។ អេសស៊ីជី​បានបង្កើត​ការងារ​សម្រាប់មនុស្ស​ចំនួន ៩.០០០ នាក់ ដែលរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ច​ក្នុងឆ្នាំ ២០២២ ដើម្បីជួយ​ឲ្យពួកគេទទួលបាន​ប្រាក់ចំណូល និង​កាត់បន្ថយ​វិសមភាពសង្គម”៕




អត្ថបទបន្ទាប់


ការស្នើសុំចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មកើនជិត ៤០% នៅឆ្នាំ២០២២

យោងតាមស្ថិតិចុះបញ្ជីពាណិជ្ជកម្មឆ្នាំ២០២២ ការស្នើសុំចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០២២ មានកំណើនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់បើធៀ…

ចិនព្រមានឆ្លើយតបវិញ ក្រោយអាមេរិកបាញ់ទម្លាក់បាឡុងចារកម្ម ខណៈប៉េកាំងថា ជាឧបការណ៍ស៊ីវិល

នៅទីបំផុតដូចគេស្មានមិនខុសមែន សហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍មុន បានសម្រេចបាញ់ទម្លាក់បាឡុងដែលគេសង្ស័យថាជាឧបករណ៍ចារកម្មរបស់ប្រទេសចិននៅឆ្នេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ