មូលនិធិសម្រាប់ start-up និង SME

ឧកញ៉ា សៀ ឫទ្ធី បង្កើតមូលនិធិ៥លានដុល្លារជួយដល់ Startup និង SME នៅកម្ពុជា


លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមហ៊ុន WorldBridge Land បានបង្កើតមូលនិធិមួយឈ្មោះថា «OOCTANE CAMBODIA» ដែលមានទឹកប្រាក់សរុប​៥លានដុល្លារសហរដ្ឋអាមេរិក ដើម្បីផ្តល់ទុន និងជួយជ្រោមជ្រែងអ្នកទើបចាប់ផ្តើមអាជីវកម្ម (Startup) និង សហគ្រាសធុនតូច និងមធ្យម (SME)​នៅកម្ពុជា។
លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមហ៊ុន WorldBridge Land និងជាអ្នកវិនិយោគលើមូលនិធិ OOCTANE CAMBODIA
ដោយ

ថ្លែងក្នុងពិធីសម្ពោធមូលនិធិ OOCTANE CAMBODIA នៅរាជធានីភ្នំពេញ លោកឧកញ៉ា សៀ ឫទ្ធី ដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនួញដ៏លេធធ្លោមួយរូប បានមានប្រសាសន៍ថា ក្រៅពីផ្តល់ទុន មូលនិធិ OOCTANE នឹងផ្តល់ធនធានមនុស្ស ជួយប្រឹក្សានិងបណ្ដុះបណ្ដាល និងធ្វើជាដៃគូដ៏ល្អបំផុត ដើម្បីជួយវិស័យSME និងអ្នកចង់ចាប់ផ្តើមអាជីវកម្មនៅកម្ពុជា។     

«ខ្ញុំមិនឲ្យត្រីដល់ពួកគេទេ តែខ្ញុំនឹងបង្រៀនពួកគេឲ្យចេះស្ទួចត្រី។ ខ្ញុំជឿជាក់ថា ខ្ញុំអាចធ្វើបាន»។ នេះជាប្រសាសន៍របស់លោកឧកញ៉ា សៀ ឫទ្ធី អ្នកវិនិយោគធំជាងគេនៅក្នុងមូលនិធិ OOCTANE CAMBODIA។ បើតាមលោកឧកញ៉ា ការបង្កើតមូលនិធិនេះឡើង គឺជាការផ្តល់ឱកាសដល់SME និង Startup អាចធ្វើឲ្យអាជីវកម្មរបស់ពួកគេមានភាពរីកចម្រើនទាំងអស់គ្នា។

លោកឧកញ៉ាបានពន្យល់ពីមូលហេតុដែលលោកសម្រេចចិត្តវិនិយោគក្នុងមូលនិធិនេះយ៉ាងដូច្នេះថា៖ «ខ្ញុំតែងនិយាយជាមួយមិត្តភក្ដិ និងដៃគូអាជីវកម្មរបស់ខ្ញុំ ថា នៅក្នុងសង្គមខ្មែរយើង បើខ្ញុំតែម្នាក់ លូតលាស់តែម្នាក់ឯង ដូចដើមឈើលូតតែឯងអ៊ីចឹង មានន័យថា ខ្ញុំមិនអាចធ្វើដំណើរទៅមុខបានយូរអង្វែងទេ។ ដូច្នេះ ខ្ញុំត្រូវតែវិនិយោគលើយុវវ័យ គំនិតរបស់យុវវ័យ និងធនធានក្មេងៗទាំងក្នុងស្រុក និងក្មេងៗដែលបានត្រឡប់មកពីបរទេសវិញ»។

តាមពិតទៅ OOCTANE CAMBODIA FUND មិនមែនជាធនាគារពាណិជ្ជនោះទេ ប៉ុន្ដែ មូលនិធិនេះ ត្រូវបានបង្កើតឡើង ដើម្បីជួយដល់Startup និង SME ដែលចង់ និងបាននឹងកំពុងវិនិយោគលើវិស័យសក្តានុពលមួយចំនួន ដូចជា ក្នុងវិស័យដឹកជញ្ជូនភស្ដុភារ ពាណិជ្ជកម្មអនឡាញ បច្ចេកវិទ្យាហិរញ្ញវត្ថុ(Fintech) បច្ចេកវិទ្យាកសិកម្ម បច្ចេកវិទ្យាអប់រំ ជីវសាស្រ្ត និងទេសចរណ៍ជាដើម។ 

ពិធីសម្ពោធមូលនិធិ OOCTANE CAMBODIA

មិនមែនតែអាជីវកម្មឌីជីថលនោះ អ្នកចង់បើករកស៊ីលើវិស័យភោជនីយដ្ឋាន និងហាងកាហ្វេជាដើម ឲ្យតែមានទស្សនវិស័យ និងគំនិតអាជីវកម្មស្របតាមទស្សនវិស័យរបស់មូលនិធិនេះ ក៏OOCTANE ចូលរួមជាដៃគូ ដើម្បីជួយជ្រោមជ្រែងផងដែរ។ មូលនិធិ OOCTANE CAMBODIA នឹងផ្តល់ជូនចំពោះអ្នកចាប់ផ្តើមអាជីវកម្មដែលមានគំនិតច្នៃប្រឌិតសម្រាប់បុគ្គលមួយរូបក្នុងដំណាក់កាលដំបូង អាចនឹងមានចាប់ពី៥ពាន់ដុល្លារដល់១ម៉ឺនដុល្លារអាមេរិក ឬយ៉ាងហោចណាស់ក៏មានដើមទុនតិចបំផុត២ម៉ឺន៥ពាន់ដុល្លារ។ រីឯអាជីវកម្មដែលមានផលិតផលប្រើប្រាស់ក្នុងទីផ្សាររួចហើយ នឹងអាចទទួលបានមូលនិធិចំនួន ២ម៉ឺន៥ពាន់ដុល្លារអាមេរិកក្នុងមួយក្រុមហ៊ុន។  

ក្នុងពិធីសម្ពោធមូលនិធិខាងលើ ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រសាសន៍ថា  ទុនជាបញ្ហាមួយសម្រាប់ Startup ហើយរដ្ឋាភិបាលក៏មានមូលនិធិ ក្រុមហ៊ុនស្មាតក៏មានមូលនិធិ និង នៅថ្ងៃនេះ លោកឧកញ៉ា សៀ ឫទ្ធី ក៏មានមូលនិធិនេះទៀត គឺដើម្បីផ្តល់ទុនដល់ពួកគេ ដែលជាឱកាសដ៏ល្អក្នុងការចាប់យកសម្រាប់ដំណើរការអាជីវកម្មរបស់ខ្លួន។  

ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ឯកឧត្តមមានប្រសាសន៍យ៉ាងដូច្នេះថា៖ «មូលនិធិទាំងនេះ គឺជាឱកាសសម្រាប់ក្មេងៗ ចូលរួមប្រកួតប្រជែងដើម្បីទទួលបាន Fund ព្រោះ ទាំងរដ្ឋាភិបាល និងវិស័យឯកជន បានបង្កើតបរិស្ថានមួយសម្រាប់ក្មេងៗ។ ដូច្នេះ អ្វីដែលសំខាន់ គឺក្មេងៗខ្លួនឯង តើពួកគាត់មានគំនិតច្នៃប្រឌិតប៉ុណ្ណា? ដើម្បីយកគំនិតរបស់គាត់ ឈានទៅ​យក Fund។ នេះជាឱកាសមាសសម្រាប់ពួកគាត់»។ 

សូមបញ្ជាក់ថា មូលនិធិ OOCTANE CAMBODIA ជាមូលនិធិទ្រទ្រងអាជីវកម្មដល់ Starup និង SME ទាំងក្នុងស្រុក និង អន្តរជាតិ នៅក្នុងប្រទេសកម្ពុជា បានបោះជំហានដំបូងដោយមានទឹកប្រាក់សរុប៥លានដុល្លារ ហើយមូលនិធិនេះ ក៏កំពុងចរចារជាមួយវិនិយោគិនសក្ដានុពលផ្សេងៗទៀត ដើម្បីពង្រីកមូលនិធិឲ្យមានប្រាក់​កើនឡើងពី៥លានទៅ១០លានដុល្លារអាមេរិក និងបន្ថែមទឹកប្រាក់ឲ្យបាន២៥លានទៅ៣០លានដុល្លារអាមេរិកនៅឆ្នាំក្រោយនេះ៕  

អ្នកចូលរួមក្នុងពិធីសម្ពោធមូលនិធិ OOCTANE CAMBODIA
None



អត្ថបទបន្ទាប់


សម្ដេច ហ៊ុន សែន ប្រកាសចេញគោលការណ៍បន្ទាន់ ជុំវិញរឿងប្រេងឡើងថ្លៃ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងកាលពីព្រឹកមិញនេះថា នៅថ្ងៃ ទី២៨ ខែមិថុនានេះ រាជរដ្ឋាភិបាល នឹងប្រកាសចេញនូវគោលការ…

របាយការណ៍៖ បុគ្គលិក​នៅ​ថៃ ៦៣% ប្រឈម​នឹងការ​បាត់បង់​ការងារ ដោយ​សារ​ឥទ្ធិពល​បច្ចេក​វិទ្យា

នៅរយៈពេល១២ខែបន្ទាប់នេះ មានជិត១ភាគ៣ នៃបុគ្គលិកនៅប្រទេសថៃ ទំនងជាឈប់ធ្វើការក្នុងក្រុមហ៊ុន ដែលពួកគេកំពុងធ្វើការសព្វថ្ងៃ ដោយសារតែឥទ្ធិពលនៃក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ