
ស្ថានភាពទីផ្សារ និងការទិញទំនិញជជុះសម្រាប់ប្រើប្រាស់របស់ពលរដ្ឋនៅចក្រភពអង់គ្លេសត្រូវបានគេព្យាករថា នឹងកើនដល់ប្រមាណ៨,៣ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៥ នេះ ស្របពេលប្រទេសដែលបានដកខ្លួនចេញពីសហភាពអឺរ៉ុបមួយនេះ កំពុងប្រឈមមុខនឹងការកើនឡើងថ្លៃចំណាយលើជីវភាពរស់នៅប្រចាំថ្ងៃ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ពីរភាគបីនៃអ្នកប្រើប្រាស់ជនជាតិអង់គ្លេស បានទិញទំនិញជជុះតាមអ៊ីនធឺណិត កាលពីឆ្នាំ២០២៤ ដោយមានតម្លៃប្រមាណជិត៦ពាន់លានដុល្លារ។
ផ្អែកតាមកំណើនប្រើប្រាស់នៅក្នុងឆ្នាំ២០២៤ មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានវាយតម្លៃថា និន្នាការនៃការប្រើប្រាស់ផលិតផលជជុះរបស់ប្រជាជនអង់គ្លេសនឹងបន្តមានកំណើនថែមទៀត ពោលគឺអាចឈានដល់តម្លៃ៨,៣ពាន់លានដុល្លារ។ ស្ថាប័ននេះ បានកត់សម្គាល់ថា ទីផ្សារទំនិញជជុះនៅចក្រភពអង់គ្លេស មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលត្រូវបានជំរុញដោយសារការព្រួយបារម្ភពីបញ្ហាសេដ្ឋកិច្ច និងការសន្សំសំចៃរបស់អ្នកប្រើប្រាស់ ហើយអ្នកខ្លះទៀតបានចាប់យកអាជីពនេះក្នុងនាមជាឈ្មួញកណ្តាល។
ផលិតផលជជុះដែលពលរដ្ឋអង់គ្លេស មានការពេញនិយមប្រើប្រាស់បំផុត គឺសម្លៀកបំពាក់។ ក្រៅពីចក្រភពអង់គ្លេស ប្រទេសនៅតំបន់អឺរ៉ុបធំៗមួយចំនួនដូចជាអាល្លឺម៉ង់ និងបារាំងជាដើមក៏មានការពេញនិយមប្រើប្រាស់ទំនិញជជុះផងដែរ៕
ដោយៈ សរ សុជាតិ