ប្លីងខេនទស្សនកិច្ចជាថ្មីនៅឥណ្ឌូប៉ាស៊ីហ្វិក

រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងធ្វើដំណើរទស្សនកិច្ចមកកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកម្តងទៀតនៅសប្ដាហ៍នេះ


រដ្ឋមន្ត្រីការបរទេសអាមេរិក អាន់តូនី ប្លីងខេន នឹងធ្វើដំណើរទស្សនកិច្ចមកកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកម្តងទៀតនៅក្នុងសប្តាហ៍នេះ ក្រោយដំណើរទស្សនកិច្ចមកកាន់តំបន់មួយនេះកាលពីឆ្នាំមុន បានបិទបញ្ចប់មុនផែនការកំណត់។
ប្លីងខេនទស្សនកិច្ចជាថ្មីនៅឥណ្ឌូប៉ាស៊ីហ្វិក

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ក្រុងវ៉ាស៊ីនតោនលើកនេះ នឹងបង្ហាញជាថ្មីពីការផ្តោតការយកចិត្តទុកដាក់ជាយុទ្ធសាស្ត្ររយៈពេលវែង របស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បើទោះបីជាខ្លួនកំពុងជាប់ដៃដោះស្រាយបញ្ហាដ៏តានតឹងជាមួយរុស្ស៊ី ជុំវិញបញ្ហានៅអ៊ុយក្រែនក៏ដោយ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

បើតាមគម្រោង លោក ប្លីងខេន នឹងហោះហើរមកប្រទេសអូស្រ្តាលីមុនគេ រួចបន្តទស្សនកិច្ចនៅប្រទេសហ្វីជី និងកោះហាវៃ ដើម្បីជួបប្រជុំជាមួយសម្ព័ន្ធមិត្តសំខាន់ៗទាំងពីរគឺជប៉ុន និងកូរ៉េខាងត្បូង ដើម្បីជជែកពីការសាកល្បងមីស៊ីលជាបន្តបន្ទាប់របស់របបក្រុងព្យុងយ៉ាង។ ក្រៅពីនោះ គឺមិនខុសប្លែកពីរាល់ដងប៉ុន្មានទេ របៀបវរៈដទៃទៀតនៃកិច្ចប្រជុំ ទំនងជានឹងផ្តោតលើវិធីសាស្ត្ររុញច្រាន និងទប់ទល់ឥទ្ធិពលរបស់ចិន ដែលកំពុងកើនឡើង។

បន្ថែមពីលើនេះ លោកប្លីងខេន ត្រូវបានគេរំពឹងថា នឹងមានជំនួបក្រៅផ្លូវការមួយជាមួយសម្ព័ន្ធមិត្តចតុភាគី Quad រួមមានអូស្ត្រាលី ឥណ្ឌា ជប៉ុន និងអាមេរិក ដើម្បីជជែកពីកិច្ចខិតខំផ្នែកការទូតជុំវិញដំណោះស្រាយសម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ដែលបន្តជាប់គាំង។ ទន្ទឹមនឹងនេះ សំណុំរឿងក្តីព្រួយបារម្ភពីវត្តមានមូលដ្ឋានទ័ពចិននៅក្នុងតំបន់ ក៏នឹងត្រូវយកមកដាក់លើតុពិភាក្សារវាងសម្ព័ន្ធមិត្ត Quad ផងដែរ។ 

បើតាមក្រសួងការបរទេសអាម៉េរិក គោលបំណងនៃដំណើរទស្សនកិច្ចខាងលើ គឺអាម៉េរិកចង់ចូលរួមជាមួយសម្ព័ន្ធមិត្ត និងដៃគូនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីពង្រឹងសន្តិភាព ភាពរឹងមាំ និងភាពរីកចម្រើននៅទូទាំងតំបន់ដូចដែលអាម៉េរិកបានប្ដេជ្ញាចិត្ត និងបើទោះបីជា ទីក្រុងវ៉ាស៊ីនតោន កំពុងជាប់ដៃ ដោះស្រាយបញ្ហានៅជាមួយរុស្សី ក្នុងសំណុំរឿងអ៊ុយក្រែនក៏ដោយ។

គួរជម្រាបថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ធ្លាក់មកជួនចំពេលដែលមេដឹកនាំចិន និងរុស្សីទើបបានជួបនិយាយគ្នាកាលពីថ្ងៃទី០៤កុម្ភៈ។ លោក ស៊ី ជីនពីង និងលោកពូទីន បានប្រកាសប្រឆាំងដាច់ខាត ចំពោះការពង្រីក បន្ថែមសមាជិកនៃអង្គការណាតូ។ ប្រការនេះបង្ហាញច្បាស់ថា ចិន គាំទ្រចំពោះការទាមទាររបស់រុស្ស៊ី ទាក់ទិននឹងសំណុំរឿងអ៊ុយក្រែន។ មេដឹកនាំប្រទេសកម្មុយនីសទាំងពីរ ក៏បានបរិហារផងដែរ ពីយុទ្ធសាស្ត្រពង្រឹងសម្ព័ន្ធមិត្តកងទ័ពរបស់អាមេរិក ជាមួយក្រុមប្រទេសលោកខាងលិច មិនថាតាមរយៈអង្គការណាតូ ឬតាមរយៈសម្ព័ន្ធភាព AUKUS គឺវាជាយុទ្ធសាស្ត្រ ដែលបំផ្លាញស្ថិរភាព និងសន្តិភាពពិភពលោក។

សូមបញ្ជាក់ថា លោក អាន់តូនី ប្លីងខេន នឹងផ្តើមដំណើរទស្សនកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយចាកចេញពីទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី០៧ ខែកុម្ភៈ ហើយបន្តបេសសកម្មរហូតដល់ថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២២៕ 

None



អត្ថបទបន្ទាប់


ចិនបិទខ្ទប់ក្រុងមួយជាប់ព្រំដែនវៀតណាមក្រោយរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន៣ថ្ងៃជាប់ៗគ្នា

ប្រទេសចិនបានប្រកាសបិទខ្ទប់ទីក្រុងមួយនៅជិតព្រំដែននឹងប្រទេសវៀតណាមភ្លាមៗ នៅព្រឹកថ្ងៃច័ន្ទទី០៧កុម្ភៈនេះ ក្រោយពីបានរកឃើញករណីវិជ្ជមានកូវីដ១៩លើព…

ចិនក្លាយជាប្រទេសនាំចូលអាហារពីជប៉ុនធំបំផុតជាលើកដំបូងក្នុងតម្លៃជិត២ពាន់លានដុល្លារ

ប្រទេសចិនបានក្លាយជាប្រទេសនាំចូលផលិតផលម្ហូបអាហារពីជប៉ុនធំជាងគេបំផុតជាលើកដំបូងកាលពីឆ្នាំ២០២១ ដោយបានទាញទម្លាក់ក្រុងហុងកុង ដែលធ្លាប់តែជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ