ទីភ្នាក់ងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈហ្សាកាតាបានប្រកាសថា ខ្លួននឹងធានាថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ដែលរៀបចំចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នឹងប្រពឹត្តទៅដោយរលូន ដោយនៅក្នុងពេលនេះ នៅទីកន្លែងរៀបចំព្រឹត្តិការណ៍ ផ្លូវឆ្លងកាត់ ដោយគណៈប្រតិភូ និងសណ្ឋាគារដែលប្រតិភូស្នាក់នៅ សុទ្ធតែត្រូវបានពង្រឹងសន្តិសុខ ។
លោក សាតប៉ូល អារីហ្វីន (Satpol PP Arifin )ប្រធានទីភ្នាក់ងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈហ្សាកាតា បាននិយាយថា យើងនឹងធានាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់សណ្ឋាគារ ដែលប្រតិភូស្នាក់នៅ ផ្លូវដែលប្រតិភូឆ្លងកាត់ និងកន្លែងប្រជុំ។
លោកបានអះអាងថា ទីភ្នាក់ងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈហ្សាកាតា នឹងដាក់ពង្រាយបុគ្គលិកចំនួនជាង ២ពាន់២រយនាក់ ដើម្បីជួយធានាដល់ដំណើរការរៀបចំកិច្ចប្រជុំកំពូលនេះ នេះ ២៤ម៉ោងលើ២៤ម៉ោង ។
លោក អារីហ្វីន បានបន្ថែមថា កម្លាំងសរុបចំនួន ៤០០ នាក់ត្រូវបានដាក់ពង្រាយឲ្យទទួលភារកិច្ចធានាកន្លែងស្នាក់នៅរបស់ប្រតិភូ និងតំបន់ជុំវិញ ដោយគេដឹងថា មានសណ្ឋាគារចំនួន ១៨ ដូច្នេះទាំងច្រកចូល និងច្រកចេញ និង បញ្ហាសន្តិសុខ គឺស្ថិតនៅក្នុងការការពារយ៉ាងហ្មត់ចត។
នៅក្នុងកិច្ចប្រជុំដែលមានរយៈពេល ៣ ថ្ងៃ គេរំពឹងថា យ៉ាងហោចណាស់មេដឹកនាំប្រទេសចំនួន ២២ និងអង្គការអន្តរជាតិចំនួន៩ នឹងអញ្ជើញចូលរួម ។ ក្រៅពីមេដឹកនាំក្រុមប្រទេសសមាជិកអាស៊ាន រួមទាំងប្រទេសទីម័រខាងកើត ដៃគូសន្ទនាចំនួនប្រាំបួន និងប្រទេសជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដោយរួមមាន កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា ចិន អូស្ត្រាលី នូវែលសេឡង់ កាណាដា រុស្ស៊ី និងសហរដ្ឋអាមេរិក នឹងបញ្ហាវត្តមាននៅហ្សាកាតា ។
តាមការគ្រោងទុក ក្រៅពីកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និង ជាប្រធានប្តូរវេនអាស៊ាន នឹងដឹកនាំសន្និសីទអន្តរជាតិចំនួន ១២ និងកិច្ចប្រជុំទ្វេភាគីចំនួន១៣ ថែមទៀត ។
លោកស្រី រ៉េតណូ ម៉ាស៊ូឌី (Retno Marsudi ) រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីបាននិយាយថា ក្រៅពីដឹកនាំអង្គសន្និសីទ ហើយនោះ លោកប្រធានាធិបតីអាចនឹងមានជំនួបទ្វេភាគីលើសពី ១៣ ជំនួប។
ដោយឡែក សម្រាប់អាស៊ាន គឺរូមមាន សម័យប្រជុំពេញអង្គរបស់កិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំក្រៅផ្លូវការ ឬកិច្ចប្រជុំចង្អៀត, កិច្ចប្រជុំកំពូលអាស៊ាន-ចិន, កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង, និងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន ក៏ដូចជាកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក កិច្ចប្រជុំកំពូលអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ កិច្ចប្រជុំកំពូលអាស៊ាន+៣ (ចិន ជប៉ុន កូរ៉េខាងត្បូង) និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា៕
ដោយៈ សរ សុជាតិ