
ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានប្រាប់សារព័ត៌មានខេមបូណូមីសថា នៅក្នុងរយៈពេល៦ខែកន្លងមកនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប បានបង្ក្រាប និងរឹបអូសសាច់បង្កកខុសច្បាប់ ខូចគុណភាព និងមានផ្ទុកសារធាតុហាមឃាត់បានចំនួនជាង៦៦០០គីឡូក្រាម។ ទន្ទឹមនឹងនេះ ឯកឧត្តម ជំរុញឱ្យអ្នកនាំចូល និងចែកចាយសាច់សត្វបង្កកទាំងអស់ត្រូវអនុលោមតាមលិខិតបទដ្ឋានគតិយុត្ត ក៏ដូចជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសុវត្ថិភាពសាច់បង្កកឱ្យបានត្រឹមត្រូវ។
ដើម្បីទប់ស្កាត់ និងលុបបំបាត់ការប្រើប្រាស់សាច់បង្កកខុសច្បាប់ និងខូចគុណភាព អគ្គនាយកនៃអគ្គនាយក ក.ប.ប. រូបនេះ ស្នើឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរមានសម្ថកិច្ច តាមរយៈរាយការណ៍ដោយផ្ទាល់លេខទូរសព្ទទាន់ហេតុការណ៍របស់ក្រសួងពាណិជ្ជកម្ម ១២៦៦ ដើម្បីអាចឱ្យមន្រ្តីជំនាញចុះទៅត្រួតពិនិត្យ និងទប់ស្កាត់ការចែកចាយសាច់សត្វបង្កកខូចគុណភាព សំដៅជួយការពារសុខភាពអ្នកបរិភោគ។
បើតាមការបញ្ជាក់របស់អគ្គនាយកនៃអគ្គនាយក ក.ប.ប សាច់សត្វបង្កកខូចគុណភាព ដែលមន្ត្រី ក.ប.ប បង្ក្រាប និងរឹបអូសខាងលើមានចម្រុះសាច់ដូចជាបំណែកសាច់ជ្រូក គ្រឿងក្នុងជ្រូក បំណែកសាច់មាន់ សាច់ទា និងសាច់គោបង្កកជាដើម៕
អត្ថបទ៖ ជា ម៉ារ៉ា