យោងតាមការចុះផ្សាយរបស់ព័ត៌មាន CNA សិង្ហបុរី ត្រូវបានគេចាត់ទុកជាប្រទេសគំរូមួយ ដែលជោគជ័យបំផុតលើពិភពលោកក្នុងការបង្កើនទំហំផ្ទៃក្រឡាប្រទេសតាមរយៈការចាក់ដីរានយកសមុទ្រ។ គិតចាប់តាំងពីការផ្តាច់ខ្លួនចេញពីម៉ាឡេស៊ីក្នុងឆ្នាំ១៩៦៥ ប្រទេសកោះមួយនេះមានផ្ទៃដីត្រឹមជាង៥៨១ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នសិង្ហបុរីបានពង្រីកដែនដីរបស់ខ្លួនឱ្យកើនឡើងរហូតដល់៧៤៤ គីឡូម៉ែត្រការ៉េ។
លោកសាស្ត្រាចារ្យ ដារ៉េន ឆេន (Darren Chian) នៃសាកលវិទ្យាល័យជាតិសិង្ហបុរីបានគូសបញ្ជាក់ថា សិង្ហបុរីអាចកែប្រែទំហំដែនដីឱ្យកើនឡើងប្រមាណ២៨% ដែលសមិទ្ធផលដ៏អស្ចារ្យនេះកើតចេញពីយុទ្ធសាស្ត្ររានសមុទ្រ ដើម្បីបម្រើឱ្យគម្រោងអភិវឌ្ឍន៍ធំៗរាប់ចាប់តាំងពីការកសាងលំនៅដ្ឋានសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធទីក្រុងរហូតដល់ការបង្កើតអាកាសយានដ្ឋានអន្តរជាតិឆាងជី ដែលជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយនៅលើពិភពលោក។
ទោះជាយ៉ាងណាគម្រោងទន្ទ្រានសមុទ្រដ៏ធំធេងនេះមិនមែនធ្វើឡើងដោយប្រថុយប្រថាននោះទេ ដោយរដ្ឋាភិបាលសិង្ហបុរីបានពិនិត្យ និងសិក្សាយ៉ាងល្អិតល្អន់បំផុតលើរាល់ផលប៉ះពាល់ជុំទិសរាប់ចាប់តាំងពីបច្ចេកទេសនៃការចាក់បំពេញ ប្រភពធនធានខ្សាច់ ផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ីសមុទ្ររហូតដល់វិធានការកាត់បន្ថយហានិភ័យបរិស្ថាន។ លើសពីនេះបច្ចុប្បន្នសិង្ហបុរីកំពុងតែស្រាវជ្រាវស្វែងរកសម្ភារជំនួស ដែលប្រកបដោយចីរភាព សុវត្ថិភាពបរិស្ថាន និងភាពរឹងមាំ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការប្រើប្រាស់ខ្សាច់ធម្មជាតិ។
ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការអភិវឌ្ឍន៍ និងការជំរុញសេដ្ឋកិច្ចជាតិ សិង្ហបុរីមិនទាន់បញ្ឈប់មហិច្ឆតានេះនៅឡើយទេ។ កាលពីឆ្នាំ២០២៥ រដ្ឋាភិបាលសិង្ហបុរីបានបើកការដ្ឋានពង្រីកផ្ទៃដីសមុទ្រទំហំ ៨០០ហិកតាបន្ថែមទៀត ដោយភ្ជាប់ជាមួយបច្ចេកវិទ្យាចែករំលែកថ្មីៗ ដើម្បីកាត់បន្ថយការប្រើប្រាស់ខ្សាច់ និងធានាសុវត្ថិភាពបរិស្ថានឱ្យបានកម្រិតខ្ពស់បំផុត៕
ដោយៈ សរ សុជាតិ