ក្រុមហ៊ុនផលិតយន្តហោះឯកជនចិន Beijing Airlink Aircraft ដែលទើបបង្កើតឡើងកាលពីខែមីនា កន្លងទៅ គ្រោងផលិតយន្តហោះពាណិជ្ជកម្មថាមពលកូនកាត់ជាប្រវត្តិសាស្ត្រដំបូងគេបង្អស់សម្រាប់ឧស្សាហកម្មអាកាសចរណ៍ចិន ក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័នកាបូន និងទម្លាក់ការបំពុលបរិស្ថានឱ្យមកនៅកម្រិតទាបបំផុត។ នៅក្នុងពិព័រណ៍ឧស្សាហកម្មអាកាសចរណ៍ កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ក្រុមហ៊ុននេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបានដាក់បង្ហាញគំរូខ្នាតតូចនៃយន្តហោះស៊េរី Belyn100 ចំនួន២ម៉ូដែលផ្សេងគ្នា។
ក្នុងនោះម៉ូដែលទី១ Belyn 100HF ជាប្រភេទយន្តហោះបំពាក់ប្រព័ន្ធថាមពលកូនកាត់ ឬ Hybrid រួមបញ្ចូលគ្នារវាងម៉ាស៊ីនដុតប្រេងធម្មតា និងប្រព័ន្ធជំរុញដោយអគ្គិសនី។ ម៉ូដែលនេះត្រូវបានរចនាឡើងសម្រាប់ការហោះហើរពាណិជ្ជកម្មក្នុងល្បឿនលឿន និងអាចហោះហើរបានចម្ងាយឆ្ងាយរហូតដល់៣,៥០០គីឡូម៉ែត្រ ព្រមទាំងអាចដឹកអ្នកដំណើរបានចំនួន១២នាក់។ ចំណែកម៉ូដែលទី២ Belyn 100HP ជាប្រភេទយន្តហោះប្រើប្រាស់ប្រព័ន្ធថាមពលកូនកាត់ ដែលបំពាក់ម៉ាស៊ីនផលិតថាមពលអគ្គិសនី ដើម្បីផ្គត់ផ្គង់ផ្ទាល់ដល់ប្រព័ន្ធជំរុញអគ្គិសនីរបស់យន្តហោះ ដែលអាចហោះហើរបានរហូតដល់១,២០០គីឡូម៉ែត្រ។
ទោះបីជាគម្រោងដ៏ស្មុគស្មាញនេះនៅស្ថិតក្នុងដំណាក់កាលចាប់ផ្តើមដំបូង នៃការអភិវឌ្ឍ ហើយក្រុមហ៊ុន Airlink មិនទាន់បានកំណត់កាលបរិច្ឆេទហោះហើរសាកល្បងផ្លូវការនៅឡើយក៏ដោយ ប៉ុន្តែក្រុមហ៊ុនបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា ខ្លួនមានគោលដៅបញ្ចប់ការវាយតម្លៃទីផ្សារសម្រាប់ម៉ូដែលស្នូលទាំងនេះក្នុងរយៈពេល៣ឆ្នាំខាងមុខ ដើម្បីរៀបចំខ្លួនឈានទៅរកការផលិតលក្ខណៈពាណិជ្ជកម្មពេញលេញ៕