យោងតាមទិន្នន័យរបស់គណៈកម្មការបោះឆ្នោតសហព័ន្ធអាម៉េរិក បង្ហាញថា លោក Elon Musk បានបរិច្ចាគប្រាក់យ៉ាងហោចណាស់៤៤៥លានដុល្លារដល់ក្រុមនយោបាយដែលមានទំនាក់ទំនងជាមួយគណបក្សសាធារណរដ្ឋ គិតចាប់តាំងពីឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦។ ក្នុងចំណោមទឹកប្រាក់ទាំងនេះ ការបរិច្ចាគដ៏ច្រើនបំផុតមានចំនួន២១៦លានដុល្លារត្រូវបានផ្តល់ទៅឱ្យ America PAC ដែលជាគណៈកម្មាធិការសកម្មភាពនយោបាយរបស់លោកផ្ទាល់។ ក្រុមនេះកំពុងជួយគាំទ្របេក្ខជនសាធារណរដ្ឋក្នុងការប្រកួតប្រជែងដណ្តើមអាសនៈសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាចំនួន៤៣អាសនៈនៅក្នុងរដ្ឋចំនួន១៧។
គណៈកម្មាធិការ America PAC បានចំណាយប្រាក់រាប់លានដុល្លារ លើការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ និងអ៊ីនធឺណិត ព្រមទាំងការផ្ញើសារជាអក្សរ និងសំបុត្រទៅកាន់អ្នកបោះឆ្នោត។ គណៈកម្មាធិការនេះបានផ្តោតជាពិសេសលើការប្រកួតប្រជែងនៅរដ្ឋតិចសាស់ ដោយចំណាយប្រាក់អស់ជាង ៣៣លានដុល្លារ ដើម្បីគាំទ្របេក្ខជនព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក Ken Paxton។ ក្រៅពីនេះលោក Elon Musk ក៏បានបរិច្ចាគប្រាក់ចំនួន១៦៨លានដុល្លារទៅឱ្យមូលនិធិ Senate Leadership Fund ជាក្រុមនយោបាយមួយទៀតដែលគាំទ្រយុទ្ធនាការរបស់លោក Ken Paxton។
គួរឱ្យកត់សម្គាល់ការចំណាយរបស់លោក Elon Musk បានកើនឡើងយ៉ាងខ្លាំងនៅមួយរយៈពេលចុងក្រោយមុនថ្ងៃបោះឆ្នោត ដោយក្នុងរយៈពេលត្រឹមតែពីរខែចុងក្រោយ លោកបានបញ្ចេញទឹកប្រាក់ដល់ទៅប្រមាណ២០០លានដុល្លារបន្ថែមទៀត។
ការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក៏ធ្វើឱ្យមានការចាប់អារម្មណ៍លើទំនាក់ទំនងរវាងផលប្រយោជន៍នយោបាយ និងអាជីវកម្មរបស់លោកផងដែរ ខណៈក្រុមហ៊ុនរបស់លោករួមមាន SpaceX ទទួលបានកិច្ចសន្យាសំខាន់ៗពីរដ្ឋាភិបាលអាម៉េរិក។ ទោះជាយ៉ាងណា ប្រាក់ជិត ៤៤៦ លានដុល្លារ នេះនៅតែជាចំណែកតូចមួយប៉ុណ្ណោះ បើប្រៀបធៀបនឹងទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីរូបនេះ៕
ដោយ: តែម សុខុម