យោងតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ចុះផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ប្រភពមិនបញ្ចេញឈ្មោះ៣រូប បានទម្លាយថា មន្ត្រីជាន់ខ្ពស់សេតវិមាន រួមមាន នាយករងខុទ្ទកាល័យលោក ស្ទីហ្វេន មីលលើរ (Stephen Miller) និងនាយកផ្នែកថវិកា លោក រ៉ាសសែល វ៉ុហ្វ (Russell Vought) បានសហការជាមួយការិយាល័យទីប្រឹក្សាច្បាប់សេតវិមាន ដើម្បីកំណត់វិធានការប្រតិបត្តិផ្សេងៗលើបញ្ហាអន្តោប្រវេសន៍, ពន្ធគយ, តម្លៃលំនៅឋាន និងការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ ដែលលោក ត្រាំ អាចចុះហត្ថលេខាអនុវត្តបានភ្លាមៗ ដោយមិនចាំបាច់រង់ចាំការអនុម័តពីសភា។
ទន្ទឹមនឹងនេះ ទីប្រឹក្សាច្បាប់ប្រចាំសេតវិមាន លោក វីល ស្កាហ្វ (Will Scharf) និងក្រុមការងាររបស់លោក ក៏កំពុងស្រាវជ្រាវយ៉ាងចិត្ដទុកដាក់លើដែនកំណត់ផ្លូវច្បាប់ ដើម្បឆ្លើយតបទៅនឹងសំណួរថា តើលោក ត្រាំ អាចពង្រីកព្រំដែនអំណាចប្រតិបត្តិរបស់ខ្លួនបានកម្រិតណា ហើយត្រូវការពារការសម្រេចចិត្តទាំងនោះនៅក្នុងតុលាការ ដោយរបៀបណា?
ការរៀបចំផែនការមុននេះបានស្តែងឱ្យឃើញពីភាពតានតឹងមុនឈានដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃទី៣ ខែវិច្ឆិកា។ ការដណ្តើមបានសំឡេងភាគច្រើនក្នុងសភានឹងផ្តល់អាវុធឱ្យគណបក្សប្រជាធិបតេយ្យអាចបើកការស៊ើបអង្កេត ជិះជាន់សេចក្តីព្រាងច្បាប់ និងរារាំងអាទិភាពចំណាយរបស់លោក ត្រាំ។ ប៉ុន្តែទោះជាយ៉ាងណាលោក ត្រាំ នឹងនៅតែរក្សាបានអំណាចប្រតិបត្តិយ៉ាងទូលំទូលាយលើវិស័យពាណិជ្ជកម្ម គោលនយោបាយការបរទេស និងស្ថាប័នរដ្ឋបាលសហព័ន្ធ ដែលលោកធ្លាប់បានប្រើប្រាស់យ៉ាងសកម្មក្នុងអំឡុងអាណត្តិទី២របស់លោក។
លោក ត្រាំ ធ្លាប់បានថ្លែងថា ប្រសិនបើគណបក្សសាធារណរដ្ឋបាត់បង់ការគ្រប់គ្រងសភា លោករំពឹងថានឹងប្រើប្រាស់សិទ្ធិ veto ក្នុងរយៈពេល១ទៅ២ខែ មុនពេលឈានដល់ការសម្របសម្រួលជាមួយគណបក្សប្រជាធិបតេយ្យ ហើយនៅទីបញ្ចប់ ភាគីទាំងពីរនឹងអាចសម្រេចបានកិច្ចព្រមព្រៀងជាក់ជាមិនខាន។
គួរបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យត្រូវការកៅអីបន្ថែមចំនួន៤អាសនៈទាំងនៅក្នុងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាអាម៉េរិក ដើម្បីបដិសេធសំឡេងរបស់គណបក្សសាធារណរដ្ឋ ដែលមាន២១៨ទល់នឹង២១៤ នៅក្នុងសភាតំណាងរាស្ត្រ និង៥៣ទល់នឹង៤៧នៅក្នុងព្រឹទ្ធសភា។ ទិន្នន័យស្ទង់មតិសាធារណៈចុងក្រោយបានបង្ហាញថា គណបក្សប្រជាធិបតេយ្យកំពុងមានប្រៀបក្នុងការឈ្នះអាសនៈសភាតំណាងរាស្ត្រ ខណៈព្រឹទ្ធសភាកំពុងមានការប្រទាញប្រទង់ខ្លាំង៕