ជាក់ស្តែង នៅថ្ងៃទី២៤ ខែវិច្ឆិកា ធនាគារជាតិនៃកម្ពុជាបានរៀបចំ«សន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៩»ក្រោមប្រធានបទដំណើរឆ្ពោះទៅកាន់ការស្តារឡើងវិញ និងភាពធន់ក្រោយកូវីដ-១៩ ដែលជាវេទិកាជជែកពិភាក្សារវាងអ្នកជំនាញមកពីក្រសួងស្ថាប័ននានា ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំគោលនយោបាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំធនាគារជាតិ ក៏បានផ្តល់គំនិតសំខាន់ៗចំនួន៣ សម្រាប់ជាធាតុចូលក្នុងកិច្ចពិភាក្សានេះផងដែរ។
នាពិធីបើក«សន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៩»របស់ធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ វិច្ឆិកា លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជាមានកម្រិតតិចតួចបំផុត និងមិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ ដែលការណ៍នេះបានអនុញ្ញាតឲ្យសកម្មភាពសេដ្ឋកិច្ចក្នុងវិស័យចម្បងៗមានការរីកចម្រើនជាលំដាប់។ មិនតែប៉ុណ្ណោះ វាបានជំរុញឲ្យធនាគារជាតិនៃកម្ពុជាត្រូវលើកយកប្រធានបទស្រាវជ្រាវស្តីពី«ដំណើរឆ្ពោះទៅកាន់ការស្តារឡើងវិញ និងភាពធន់ក្រោយវិបត្តិកូវីដ-១៩»ឲ្យអ្នកជំនាញជជែកពិភាក្សា ដើម្បីប្រមូលធាតុចូលក្នុងការកំណត់យុទ្ធសាស្ត្រ និងគោលនយោបាយបន្ថែមទៀត សម្រាប់ដោះស្រាយបញ្ហាប្រឈមរបស់សេដ្ឋកិច្ចនៅកម្ពុជា។
សម្រាប់លោកជំទាវ ជា សិរី ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព និងបរិយាបន្ន ទាមទារឲ្យកម្ពុជាមិនត្រឹមតែដោះស្រាយបញ្ហាប្រឈមដែលដក់សល់ពីវិបត្តិកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវដោះស្រាយបញ្ហាប្រឈមថ្មីៗ ដែលកំពុងកើតមានដូចជាបញ្ហាការកើនឡើងអតិផរណា ការថមថយសេដ្ឋកិច្ចសកល និងបញ្ហាការប្រែប្រួលអាកាសធាតុជាដើម។ ដូច្នេះ ការបើកវេទិកាពិភាក្សាខាងលើវាជារឿងចាំបាច់មួយ សម្រាប់កម្ពុជានាពេលបច្ចុប្បន្ន ដែលសេដ្ឋកិច្ចកំពុងស្ថិតក្នុងដំណាក់កាលងើបឡើងវិញពីវិបត្តិកូវីដ-១៩។
ជាមួយគ្នានេះលោកជំទាវ ជា សិរី បានផ្ដល់គំនិតសំខាន់ៗចំនួន៣ចំណុចដល់វាគ្មិន និងអ្នកជំនាញមកពីក្រសួងស្ថាប័ននានាសម្រាប់ធ្វើជាធាតុចូល នៃកិច្ចពិភាក្សាក្នុង«សន្និសីទម៉ាក្រួសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៩»របស់ធនាគារជាតិនៃកម្ពុជា។ ក្នុងនោះ លោកជំទាវជំរុញឲ្យអ្នកជំនាញជជែកពិភាក្សាលើបញ្ហាឌីជីថលូបនីយកម្ម, ការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និងការគាំពារសង្គម។ ព្រោះលោកជំទាវយល់ថា ចំណុចទាំង៣នេះវាប្រទាក់ក្រឡាគ្នា និងជាកត្តារួមចំណែកយ៉ាងសំខាន់ក្នុងការជួយស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ-១៩ ឲ្យប្រកបដោយចីរភាព និងបរិយាបន្ន។
ក្រៅពីចំណុចទាំងបីខាងលើនេះ លោកជំទាវ ជា សិរី ក៏បានជំរុញឲ្យវេទិកាខាងលើគួរពិភាក្សាលើបញ្ហាការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងការអភិវឌ្ឍសេដ្ឋកិច្ចឲ្យមានលក្ខណៈបៃតង ដែលកំពុងក្លាយជាប្រធានបទក្តៅដែលត្រូវបានលើកយកមកជជែកពិភាក្សាជាសកលផងដែរ។ ព្រោះវិស័យសហគ្រាសធុនតូច និងធម្យមត្រូវបានចាត់ទុកជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាតាមរយៈការផ្តល់ការងារធ្វើជូនប្រជាពលរដ្ឋប្រមាណ៧០% នៃការងារសរុប។ ម្យ៉ាងកម្ពុជាជាប្រទេសកសិកម្ម ដែលងាយរងគ្រោះ ខ្លាំងពីហានិភ័យនៃអាកាសធាតុ។
គួរបញ្ជាក់ផងដែរថា«សន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៩»ក្រោមប្រធានបទដំណើរឆ្ពោះទៅកានការស្តារឡើងវិញ និងភាពធន់ធ្វើឡើងក្នុងគោលបំណងដើម្បីជួយពង្រឹង និងកសាងវប្បធម៌នៃការស្រាវជ្រាវនៅកម្ពុជា និងផ្ដល់ជាវេទិកាសម្រាប់កិច្ចពិភាក្សារវាងអ្នកស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ អ្នកជំនាញ និងភាគីពាក់ព័ន្ធនានា លើប្រធានបទសំខាន់ៗទាក់ទងទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន៕