សហព័ន្ធស្រូវ-អង្ករកម្ពុជា

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចស្នើឲ្យសហព័ន្ធស្រូវ-អង្ករកម្ពុជា គិតគូលើយុទ្ធសាស្រ្តចំនួន ៧ចំណុច


រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្តល់អាទិភាពខ្ពស់លើការជំរុញការអភិវឌ្ឍវិស័យស្រូវ-អង្ករកម្ពុជា ដែលជាវិស័យមួយដ៏សំខាន់ ក្នុងការធានាសន្តិសុខស្បៀងរបស់ជាតិ ការគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារជូនប្រជាពលរដ្ឋ។ ដូច្នេះ ដើម្បីលើកកម្ពស់វិស័យស្រូវ-អង្ករ កម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានដាក់ចេញនូវផែនការ និងយុទ្ធសាស្រ្តសំខាន់ៗ មួយចំនួនដល់សហព័ន្ធស្រូវ-អង្ករកម្ពុជា បន្ដអនុវត្តដើម្បីជំរុញលើកម្ពស់វិស័យស្រូវអង្ករ និងការនាំចេញ។
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចស្នើឲ្យសហព័ន្ធស្រូវ-អង្ករកម្ពុជា គិតគូលើយុទ្ធសាស្រ្តចំនួន ៧ចំណុច

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ របស់សហព័ន្ធស្រូវ-អង្ករកម្ពុជា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាស្រ្តចំនួន ៧ចំណុច ដល់សហព័ន្ធស្រូវ-អង្ករ កម្ពុជា ដែលទើបតែបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មី នាអាណត្តិទី៤នេះ ដើម្បីចូលរួមអភិវឌ្ឍវិស័យស្រូវ-អង្ករកម្ពុជាឱ្យអស់សក្តានុពល ដែលនឹងរួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ច និង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ។

ទី១.ត្រូវបន្តពង្រឹងការអនុវត្ត ផែនការយុទ្ធសាស្រ្តសម្រាប់រយៈពេល៥ឆ្នាំ​ (២០២៣- ២០២៧) ក្នុងការជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ទី២.ត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុង ដោយប្រកាន់ខ្ជាប់នូវគោលការណ៍តម្លាភាព យុត្តិធម៌ និងការគោរពគ្នាទៅវិញទៅមក សំដៅបង្កើនអំណាចចរចាជាមួយ អ្នកបញ្ជាទិញ ពង្រឹងភាពប្រកួតប្រជែងជាមួយប្រទេសនាំចេញផ្សេងទៀត និងពិនិត្យលទ្ធភាព ក្នុងការរៀបចំយុទ្ធសាស្រ្តកំណត់ថ្លៃរួមមួយ ក្នុងក្របខណ្ឌសហព័ន្ធសម្រាប់លក់អង្ករទៅទីផ្សារអន្តរជាតិ។

ទី៣.ត្រូវបន្តផ្សព្វផ្សាយម៉ាកអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ និងចាប់យកកាលានុវត្តភាព ឱ្យអស់សក្ដានុពលពីទីផ្សារ និងពន្លឿនការធ្វើពិពិធកម្មទីផ្សារនាំចេញ ក្នុងក្របខណ្ឌកិច្ចព្រម-ព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាមាន ជាអាទិ៍ៈ ក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងនៃភាពជាដៃគូរសេដ្ឋកិច្ចក្នុងតំបន់គ្រប់ជ្រុងជ្រោយ(RCEP)។

ទី៤.ត្រូវបន្តចូលរួមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញផលិតកម្មពូជសុទ្ធ ដូចជា ស្រូវក្រអូប និង ស្រូវផ្ការំដួល ដើម្បីផ្គត់ផ្គង់ទៅកសិករ និងសហគមន៍កសិកម្ម ក្នុងកម្រិតថ្លៃសមរម្យ តាមរយៈយន្តការនៃភាពជាដៃគូររវាងរដ្ឋ និងឯកជន។

ទី៥.ត្រូវបន្តពង្រឹងសមត្ថភាព​រោងម៉ាស៊ីនកិនស្រូវ ក្នុងការបង្កើនប្រសិទ្ធភាព​នៃការកែច្នៃអង្ករ ការគ្រប់គ្រងហិរញ្ញវត្ថុ និងការរៀបចំ​ផែនការអាជីវកម្ម។

ទី៦.ត្រូវពង្រឹង​ការសម្របសម្រួល​ការអនុវត្ត​កសិកម្ម​តាមកិច្ចសន្យា រវាងរោង​ម៉ាស៊ីន​កិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ និងសហគមន៍​កសិកម្ម។

ទី៧.សហព័ន្ធស្រូវ-អង្ករកម្ពុជា និងរោងម៉ាស៊ីនកិន​ស្រូវទាំងអស់ ត្រូវសហការជិតស្និទ្ធ និងខិតខំប្រឹងប្រែងឱ្យ​អស់លទ្ធភាព ក្នុងការធ្វើការជាមួយក្រុម​ការងារអចិន្រ្តៃយ៍​អន្តរស្ថាប័ន ដែលនឹងត្រូវបង្កើតឡើង​ក្នុងពេលឆាប់ៗ ដោយមាន ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធនានា។

ឧកញ៉ា ចាន់ សុឃាំង ដែលទើបជាប់ជាប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជា នាអាណត្តិទី៤ ជំនួស​ ឧកញ៉ា សុង សារ៉ន បានបង្ហាញការប្តេជ្ញាចិត្តថា លោកនឹងខិតខំធ្វើយ៉ាងណា ដើម្បីជំរុញវិស័យស្រូវអង្ករឱ្យកាន់តែរីកចម្រើន និងជំរុញការនាំចេញអង្ករឱ្យបាន ១លានតោន នៅក្នុងឆ្នាំ២០២៥ ខាងមុខ និងការផ្តោតទៅលើការងារមួយចំនួន ដូចជា ការដោះស្រាយបញ្ហាពូជស្រូវឡើងវិញ ដើម្បីឱ្យអង្ករមានភាពសុទ្ធល្អ និងមានគុណភាពដែលជំរុញការនាំចេញឱ្យមាននិរន្តភាព។ ក្នុងនាមជាប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជាថ្មី លោកសន្យាថា នឹងសិក្សាពង្រីកទីផ្សារគោលដៅដែលបានកំណត់ទុក និងលើកទឹកចិត្តឱ្យមានសហគមន៍​មួយ រោងម៉ាស៊ីនមួយ នៅក្នុងតំបន់មួយ និងបង្កើនឱ្យមានអភិបាលកិច្ចល្អនៅតាមសហគមន៍ផងដែរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តគាំទ្រវិស័យស្រូវអង្ករ តាមរយៈការដាក់ចេញនូវវិធានការចាំបាច់នានា តាមរយៈយន្តការមួយចំនួន រួមមាន៖ ការបន្តផ្តល់ការលើកទឹកចិត្ត ផ្នែកសារពើពន្ធដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ។ ការបង្កើនការផ្ដល់ហិរញ្ញប្បទានសម្បទាន និងការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជា ប្រព័ន្ធដឹកជញ្ជូន, ឡូជីស្ទីក និងប្រព័ន្ធស្រោចស្រព។ ការពង្រឹងប្រសិទ្ធភាពនៃការសម្របសម្រួលស្ថាប័ន និងការអនុវត្តគោលនយោបាយពាក់ព័ន្ការធ្វើពិពិធកម្មទីផ្សារ ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង កិច្ចសហប្រតិបត្តិការទ្វេភាគីនានាជាមួយប្រទេសដៃគូពាណិជ្ជកម្ម នានា។ នេះបើតាមការបញ្ជាក់របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន៕




អត្ថបទបន្ទាប់


ការប្រមូលចំណូលពន្ធដារសម្រេចបាន១១០% នៃផែនការច្បាប់នៅជិត១១ខែឆ្នាំនេះ

ព័ត៌មាន
ទោះបីជាស្ថិតក្នុងស្ថានភាពនៃការងើបឡើងវិញនៃសេដ្ឋកិច្ចបន្ទាប់ពីការបាក់ស្រុតដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ និងកំពុងប្រឈមនឹងផលប៉ះពាល់ថ្មីនៃ…

មន្ត្រីជាន់ខ្ពស់ធនាគារជាតិផ្តល់ធាតុចូលចំនួន៣ ដើម្បីជជែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាយល់ឃើញថា ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព និងបរិយាបន្នកម្ពុជាមិនត្រឹមតែត្រូវដោះស្រាយបញ្ហា ដែលនៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ