ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានអះអាងថា នៅក្រោយពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះនឹងមានភ្ញៀវទេសចរ និងវិនិយោគិនចិនជាច្រើនធ្វើដំណើរចូលមកកម្ពុជា ដើម្បីកម្សាន្ត និងសម្លឹងឱកាសវិនិយោគនៅកម្ពុជា។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ វិនិយោគិនចិនទាំងនោះ នឹងមកសិក្សា និងបោះទុនវិនិយោគលើវិស័យអាទិភាពជាច្រើនដូចជា វិស័យកម្មន្តសាល ដែលមានទាំងវិស័យឧស្សាហកម្មវាយនភណ្ឌ និងឧស្សាហកម្មមិនមែនកាត់ដេរ និងឧស្សាហកម្មបច្ចេកវិទ្យាជាដើម។ ក្រៅពីនេះ ពួកគេ ក៏អាចនឹងមានការបណ្តាក់ទុនលើវិស័យភស្តុភារកម្ម ទេសចរណ៍ ឧស្សាហកម្មយានយន្ត និងរថយន្តអគ្គិសនីផងដែរ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហេង សុខគង់។
ក្រៅពីវិនិយោគិនចិន ក៏មានក្រុមហ៊ុនអាមេរិកនៅប្រទេសចិន ចាប់អាម្មណ៍មកវិនិយោគនៅកម្ពុជាផងដែរ។
នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហេង សុខគង់ ដែលបានបន្ថែមថា កាលពីពេលថ្មីៗឯកឧត្តម បានជួបជាមួយប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅប្រទេសចិនភាគខាងត្បូង ដោយប្រធានសភាពាណិជ្ជកម្មរូបនោះបានលើកឡើងថា មានវិនិយោគិនអាម៉េរិកនៅចិនមួយចំនួនកំពុងស្វែងរកទីតាំងពង្រីកសក្កានុពលវិនិយោគនៅអាស៊ីអាគ្នេយ៍ ហើយក្នុងនោះកម្ពុជា គឺជាជម្រើសមួយដ៏ល្អ សម្រាប់បណ្តាក្រុមហ៊ុនអាម៉េរិកនៅប្រទេសចិនទាំងនោះក្នុងការជ្រើសរើសដើម្បីវិនិយោគនៅឆ្នាំក្នុង២០២៤ និង២០២៥។ ជាមួយគ្នានេះលោកប្តេជ្ញាជួយជំរុញក្រុមហ៊ុនទាំងនោះឱ្យបានយ៉ាងហោចណាស់១០% នៃក្រុមហ៊ុនសរុប២ពាន់៦រយក្រុមហ៊ុនក្នុង AMCham -SC ឱ្យចូលមកវិនិយោគនៅកម្ពុជា។
បើតាមអ្នកនាំពាក្យរូបនេះ ក្រោយរាជរដ្ឋាភិបាលកម្ពុជា បានចេញទៅទាក់ម៉ូយនៅក្រៅប្រទេស និងដាក់ចេញនូវយុទ្ធសាស្រ្តនានាក្នុងការទាក់ទាញអ្នកវិនិយោគ គួបផ្សំច្បាប់វិនិយោគថ្មីរបស់កម្ពុជាដែលមានការទាក់ទាញផងនោះ ធ្វើឱ្យវិនិយោគិនបរទេសជាច្រើនបានសម្លឹងឃើញកម្ពុជាក្នុងការបោះទុនវិនិយោគ។ ហើយកត្តាសំខាន់ៗដែលធ្វើឱ្យវិនិយោគិនបរទេស ពិសេសវិនិយោគិនចិន អាចនឹងមកបោះទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់នោះ ត្រូវបានឯកឧត្តម ហេង សុខគង់ អះអាងថា គឺដោយសារប្រទេសកម្ពុជាមានបរិយាកាសធុរកិច្ចល្អ មានសុខសន្តិភាព និងមានទីតាំងភូមិសាស្រ្តល្អនៅចំកណ្តាលនៃតំបន់អាស៊ានជដើម។
ម្យ៉ាងទៀត កម្ពុជាមានមហិច្ឆតាប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលភស្តុភារកម្មសម្រាប់អាស៊ានទាំងមូល និងមានគម្រោងព្រែកជីកហ្វូណនតេជោរ ដែលនឹងជួយលើកកម្ពស់ការតភ្ជាប់ផ្នែកភស្តុភារកម្មរវាងកម្ពុជា ជាមួយប្រទេសក្នុងតំបន់ និងពិភពលោកឱ្យកាន់តែប្រសើរថែមទៀត។ លើសពីនេះ ភាពល្អប្រសើរនៃវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹកភ្លើងមានតម្លៃសមរម្យ និងការមានកម្លាំងពលកម្មជំនាញគ្រប់គ្រាន់ ក៏ជាកត្តាសំខាន់ក្នុងការទាក់ទាញវិនិយោគិនបរទេសមកកម្ពុជាផងដែរ៕