អាមេរិក

លោកចូ បៃឌិន បញ្ជាឱ្យត្រួតពិនិត្យការវិនិយោគបរទេសក្នុងវិស័យបន្ទះឈីបឱ្យបានល្អិតល្អន់ ដោយបារម្ភពីបញ្ហាសន្តិសុខជាតិ


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃឌិន កាលពីថ្ងៃព្រហស្បតិ៍ទី១៥កញ្ញាបានចុះហត្ថលេខាលើបទបញ្ជាមួយ ឱ្យមានការត្រួតពិនិត្យឱ្យបានល្អិតល្អន់លើការវិនិយោគពីបរទេសនៅក្នុងវិស័យឧស្សាហកម្មសំខាន់ៗដូចជា វិស័យបន្ទះឈីបជាដើម ក្រោយមានក្តីកង្វល់ថា ការវិនិយោគរបស់បរទេសក្នុងវិស័យមួយនេះ ជាការគម្រាមកំហែងសម្រាប់សន្តិសុខជាតិអាមេរិក។ នេះបើតាមការចុះផ្សាយ ដោយសារព័ត៌មានជប៉ុន Nikkei។
លោកបៃឌិនបញ្ជាឱ្យត្រួតពិនិត្យការវិនិយោគបរទេសក្នុងវិស័យបន្ទះឈីប!

បទបញ្ជានេះ បានដាក់បញ្ជា​ឱ្យគណៈកម្មាធិការវិនិយោគបរទេសរបស់​សហរដ្ឋអាមេរិក ពិចារណាពីឥទ្ធិពលនៃប្រតិបត្តិការ​របស់ក្រុមហ៊ុន​បរទេសមកលើសន្តិសុខជាតិអាមេរិក ក្នុងវិស័យចំនួន៤។ វិស័យទាំងនោះរួមមាន ភាពធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់សំខាន់ៗ ភាពជាអ្នកដឹកនាំបច្ចេកវិទ្យា សុវត្ថិភាពតាមអ៊ីនធឺណិត និងទិន្នន័យសំខាន់ៗ​របស់អ្នកប្រើប្រាស់។

ក្រៅពីនោះ បទបញ្ជាដដែលនេះ​​បាន​ប្រាប់ឱ្យគណៈកម្មាធិការវិនិយោគបរទេសរបស់​អាមេរិក ពិចារណាលើប្រតិបត្តិការបរទេស​ក្នុងបរិបទ​នៃនិន្នាការ​វិនិយោគណា ដែលអាចគំរាមកំហែង​ដល់សន្តិសុខជាតិ មានដូចជា​ការទិញយកក្រុមហ៊ុនច្រើន​នៅក្នុងវិស័យឧស្សាហកម្មតែមួយ​ប្រភេទ​ជាដើម។

គួរកត់សម្គាល់ថា វិស័យ និងការវិនិយោគដែលចាត់ទុកថា អាចគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក ត្រូវបានទីក្រុងវ៉ាស៊ីនតោនកំណត់មានដូចជា វិស័យផលិត​គ្រឿងអេឡិចត្រូនិចតូចៗ បញ្ញាសិប្បនិមិត្ត បច្ចេកវិទ្យាកុំព្យូទ័រវ័យឆ្លាត ជីវបច្ចេកវិទ្យា និងថាមពលស្អាតកម្រិតខ្ពស់។ ​បច្ចុប្បន្នវ៉ាស៊ីនតោន ក៏កំពុងពិចារណា បញ្ចូលវិស័យថា​មពលស្អាត និងបច្ចេកវិទ្យា​បន្សាំអាកាសធាតុ​ទៅក្នុងបញ្ជីការវិនិយោគដែលអាចគំរាមកំហែង​ដល់សន្ដិសុខ​ជាតិអាមេរិកផងដែរ។

ការបន្ថែមវិស័យទាំងពីរទៅក្នុងបញ្ជីនេះ ឆ្លុះបញ្ចាំងពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃសន្តិសុខថាមពល ជាពិសេសបន្ទាប់​ពីការលុកលុយ​របស់​រុស្ស៊ីលើ​អ៊ុយក្រែន ក៏ដូចជាទស្សនៈ​របស់រដ្ឋបាល​លោកចូ បៃឌិនអំពីការប្រែប្រួល​អាកាសធាតុ ជារឿងមានសារសំខាន់​ណាស់​ចំពោះសន្តិសុខជាតិ។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកចាប់ពីខែក្រោយទៅ គ្រោងរឹតបន្ដឹងខ្លាំង​ជាងមុនទៀត លើការនាំចេញផលិតផលសៀគ្វី និងបន្ទះឈីបទៅកាន់ប្រទេសចិន។ វិធានការក្តៅនេះ សំដៅពង្រីកការផ្អាកការនាំចេញបន្ទះអេឡិចត្រូនិច ដែលប្រើសម្រាប់វិស័យបញ្ញាសិប្បនិម្មិត AI និងឧបករណ៍​សម្រាប់​ផលិតបន្ទះឈីបទៅឱ្យក្រុមហ៊ុន​ក្នុងប្រទេសចិនកាន់តែច្រើនជាងមុន។ ទោះយ៉ាងណា មន្ត្រីនៃសេតវិមាន បានបញ្ជាក់ហើយថា បទបញ្ជាចុងក្រោយរបស់លោកចូ​ បៃឌិននេះ គឺក្នុងន័យការពារសន្តិសុខជាតិ និងសុវត្ថិភាពបច្ចេកវិទ្យាអាមេរិក​ជារួម មិនមានបំណងសំដៅលើប្រទេសចិននោះទេ៕




អត្ថបទបន្ទាប់


កិច្ចប្រជុំកំពូលផ្នែកទីផ្សារប្រចាំឆ្នាំរបស់ក្រុមហ៊ុន Meta នឹងមកដល់ ប្រទេសកម្ពុជា ដើម្បីជួយអាជីវកម្មត្រៀមខ្លួនជាស្រេចសម្រាប់អនាគត

ព័ត៌មាន
ក្រុមហ៊ុន Meta នឹងពង្រីកវិសាលភាពនៃកិច្ចប្រជុំកំពូលផ្នែកទីផ្សារប្រចាំឆ្នាំរបស់ខ្លួនទៅកាន់បណ្ដាប្រទេសជាច្រើនទៀតនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្…

ទីផ្សារភាគហ៊ុនអាស៊ីរអិលធ្លាក់ចុះ ក្រោយ IMF និងធនាគារពិភពលោកព្រមានពីការដាំក្បាលចុះនៃសេដ្ឋកិច្ចសកល

ព័ត៌មាន
ការលក់ហ៊ុននៅអាស៊ីហាក់មានភាពមមាញឹកខ្លាំងមែនទែននៅថ្ងៃសុក្រទី១៦ ខែកញ្ញានេះ ដោយសារតែមានអ្នកដាក់លក់ភាគហ៊ុនច្រើន ហើយផ្សារហ៊ុនអឺរ៉ុបមើលទៅទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ