មេបក្សប្រឆាំងនៅតៃវ៉ាន់

មន្ត្រីជាន់ខ្ពស់តៃវ៉ាន់ជំរុញឱ្យមេបក្សប្រឆាំងដែលទៅបំពេញទស្សនកិច្ចនៅចិន ប្រាប់មេដឹកនាំចិនឱ្យឈប់ដាក់សម្ពាធលើកោះតៃវ៉ាន់


លោកស្រី ឆេង លីវុន (Cheng Li-wun) ប្រធានគណបក្សគួមីងតាង ដែលជាគណបក្សប្រឆាំងដ៏ធំនៅកោះតៃវ៉ាន់បានចាកចេញពីកោះតៃវ៉ាន់ឆ្ពោះទៅកាន់ប្រទេសចិន ដើម្បីបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ស្របពេលដែលគណបក្សរបស់ លោកស្រី អះអាងថា នេះជាបេសកកម្មសន្តិភាព រដ្ឋាភិបាលក្រុងតៃប៉ិបានជំរុញឱ្យលោកស្រី ប្រើប្រាស់ឱកាសនេះប្រាប់ទៅទីក្រុងប៉េកាំង ឱ្យបញ្ឈប់ការដាក់សម្ពាធយោធាមកលើកោះតៃវ៉ាន់។
មេបក្សប្រឆាំងនៅតៃវ៉ាន់
ដោយ

មេដឹកនាំគណបក្សប្រឆាំងដ៏ធំនៅតៃវ៉ាន់លោកស្រី ឆេង លីវុន បានធ្វើដំណើរទៅកាន់ប្រទេសចិននៅថ្ងៃអង្គារ សប្តាហ៍នេះ ក្នុងបំណងស្វែងរកកិច្ចពិភាក្សាសន្តិភាព តាមរយៈការជួយពិភាក្សាជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង។ ដំណើរបំពេញទស្សនកិច្ចដ៏កម្រនៅចិននេះ កើតឡើងចំពេលដែលយោធាចិនកំពុងបង្កើនការដាក់ពង្រាយនាវាចម្បាំងនៅជុំវិញកោះតៃវ៉ាន់។ វត្តមានរបស់លោកស្រី ឆេង នៅចិនដីគោកនាពេលនេះ ធ្វើឡើងក្នុងស្ថានភាពនយោបាយដ៏រសើប ខណៈដែលសភារបស់តៃវ៉ាន់ ដែលគ្រប់គ្រងដោយបក្សប្រឆាំងកំពុងបន្តពន្យារពេលផែនការចំណាយលើវិស័យការពារជាតិ ដែលមានតម្លៃរហូតដល់ ៤០ពាន់លានដុល្លារ។

មុនពេលចាកចេញទៅកាន់អាកាសយានដ្ឋានលោកស្រី ឆេង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នេះគឺជា ដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រ ដើម្បីសន្តិភាព។ លោកស្រីបានសង្កត់ធ្ងន់ថា ប្រសិនបើរដ្ឋាភិបាល និងប្រជាជនពិតជាស្រឡាញ់តៃវ៉ាន់ត្រូវតែចាប់យកគ្រប់ឱកាស ទោះតិចតួចបំផុតក៏ដោយ ដើម្បីទប់ស្កាត់កុំឱ្យតៃវ៉ាន់ត្រូវបំផ្លិចបំផ្លាញដោយសារសង្គ្រាម។ លោកស្រីជឿជាក់ថា ប្រជាជនតៃវ៉ាន់ទាំងអស់ចង់ឃើញតំបន់ដែលគ្រោះថ្នាក់បំផុតមួយនេះប្រែក្លាយទៅជាកន្លែង ដែលមានសុវត្ថិភាពបំផុត។

ទីក្រុងប៉េកាំង ដែលតែងតែចាត់ទុកតៃវ៉ាន់ជាផ្នែកមួយ នៃទឹកដីរបស់ខ្លួន និងមិនបោះបង់ការប្រើកម្លាំងយោធាក្នុងការគ្រប់គ្រងកោះតៃវ៉ាន់ បានបដិសេធដាច់អហង្ការមិនចរចាជាមួយប្រធានាធិបតីតៃវ៉ាន់លោក ឡៃ ជីងទ័រ (Lai Ching-te) ដោយចោទប្រកាន់មេដឹកនាំរូបនេះថា ជាអ្នកបំបែកខ្លួន។

យ៉ាងណាមិញលោកស្រី គួន ប៊ីលីង (Kuan Bi-ling) ប្រធានក្រុមប្រឹក្សាកិច្ចការសមុទ្រតៃវ៉ាន់ បានបង្ហាញទិន្នន័យនាវាចម្បាំងចិន ដែលកំពុងឡោមព័ទ្ធកោះតៃវ៉ាន់រួមមាន២គ្រឿងនៅឆ្នេរខាងកើត, ១ គ្រឿងនៅភាគខាងជើង, ១គ្រឿងនៅភាគពាយ័ព្យ និង១គ្រឿងទៀតនៅភាគនិរតី។

ដោយឡែកលោក ជីវ ជីវឆេង (Chiu Chui-cheng) រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការចិនដីគោកបានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងគួរតែពិភាក្សាដោយផ្ទាល់ជាមួយរដ្ឋាភិបាលស្របច្បាប់ ដែលជ្រើសរើសដោយប្រជាជន។ ទន្ទឹមនឹងនេះ លោក ក៏បានអំពាវនាវដល់លោកស្រី ឆេង លីវុន ឱ្យទាមទារទៅកាន់មេដឹកនាំចិនឱ្យបញ្ឈប់រាល់សកម្មភាពគំរាមកំហែងផ្នែកយោធាមកលើតៃវ៉ាន់ ដើម្បីបង្ហាញពីឆន្ទៈសន្តិភាពពិតប្រាកដ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


រឿងជួយសង្គ្រោះអ្នកបើកយន្តហោះអាម៉េរិកនៅលើទឹកដីអ៊ីរ៉ង់! លោក ត្រាំ គំរាមចាប់អ្នកកាសែតដាក់គុក

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃទី៦ ខែមេសា ថា លោកនឹងចាត់វិធានការលើអ្នកយកព័ត៌មានណា ដែលបានរាយការណ៍អំពីប្រតិបត្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ